ផ្សិតកញ្ជោរ របរប្រមូលផលតាមធម្មជាតិ និងការបណ្ដុះពូជថ្មី ជួយបង្កើនចំណូលដល់ពលរដ្ឋ

ស្របពេលមានភ្លៀងធ្លាក់ជាបន្តបន្ទាប់នៅដើមរដូវវស្សា ប្រជាពលរដ្ឋនៅតាមភូមិមួយចំនួនក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី បាននាំគ្នាចូលព្រៃ និងតំបន់ចម្ការ ដើម្បីប្រមូលផ្សិតកញ្ជោរដែលកំពុងដុះច្រើនតាមធម្មជាតិ សម្រាប់យកមកបរិភោគ និងលក់បង្កើនចំណូលប្រចាំគ្រួសារ។

ប្រជាពលរដ្ឋបានឱ្យដឹងថា ផ្សិតកញ្ជោរជាប្រភេទផ្សិតព្រៃដែលចាប់ផ្តើមដុះច្រើនក្រោយពេលមានភ្លៀងធ្លាក់ដំបូងៗ។ ជារៀងរាល់ឆ្នាំ នៅដើមរដូវវស្សា ពួកគាត់តែងតែនាំគ្នាចេញទៅរកផ្សិតតាំងពីព្រឹកព្រលឹម ដោយអាចប្រមូលបានចាប់ពីពីរបីគីឡូក្រាម រហូតដល់ជាងដប់គីឡូក្រាមក្នុងមួយថ្ងៃ អាស្រ័យលើទីតាំង និងស្ថានភាពអាកាសធាតុ។

ផ្សិតកញ្ជោរដែលប្រមូលបាន ត្រូវបានយកទៅលក់នៅតាមទីផ្សារ តាមដងផ្លូវ ឬលក់ឱ្យឈ្មួញវៀតណាមដែលចុះមកប្រមូលទិញ ដោយមានតម្លៃប្រែប្រួលទៅតាមបរិមាណ និងគុណភាព។ អ្នកស្រី ស៊្រុន ណាវី អាជីវករតូប២៤ម៉ោង បានប្រាប់ឱ្យដឹងថា នៅដើមរដូវដែលផ្សិតនៅមានចំនួនតិច តម្លៃអាចលក់បានខ្ពស់រហូតដល់ ៦០,០០០ រៀលក្នុងមួយគីឡូក្រាម ប៉ុន្តែនៅពេលដែលសម្បូរខ្លាំង តម្លៃអាចធ្លាក់ចុះមកត្រឹម ១៥,០០០ រៀលប៉ុណ្ណោះ។ អាជីវករដទៃទៀតក៏បានបញ្ជាក់ដែរថា ផ្សិតកញ្ជោរគឺជាអាហារធម្មជាតិដែលមានការពេញនិយមខ្លាំងពីសំណាក់អ្នកបរិភោគ ដោយសារវាមានរសជាតិឆ្ងាញ់ និងអាចយកទៅចម្អិនម្ហូបបានច្រើនមុខ ដូចជា ស្លរ បបរ ចំហុយ និងឆាជាដើម។

ដោយឡែក ក្រឡេកមកមើលការច្នៃប្រឌិតថ្មី លោក តូច ចន ដែលជាកសិករមួយរូបមកពីខេត្តស្ទឹងត្រែង បាននាំចូលពូជផ្សិតកញ្ជោរទឹកដោះពីក្រៅប្រទេស មកបណ្ដុះដោយខ្លួនឯង តាំងពីដើមឆ្នាំ២០២២។ ផ្សិតប្រភេទនេះមានពណ៌សក្បុស មានរសជាតិឆ្ងាញ់ និងអាចច្នៃធ្វើម្ហូបបានច្រើនមុខផងដែរ។ អ្វីដែលពិសេសនោះគឺវាមានទំហំធំៗ និងមានទម្ងន់ចន្លោះពី ៥ ក្រាម រហូតដល់ទៅ ១ គីឡូក្រាមក្នុងមួយដើម។

បច្ចុប្បន្ន លោក តូច ចន បានបណ្ដុះមេពូជផ្សិតកញ្ជោរទឹកដោះនេះបានជោគជ័យហើយ និងមានគ្រោងការណ៍ពង្រីករោងបណ្ដុះបន្ថែមលើផ្ទៃដី ៥០ ហិកតា គួបផ្សំនឹងដំណាំសុវត្ថិភាពមួយចំនួននៅខេត្តកណ្ដាល។ លោកបានបញ្ជាក់ថា ផ្សិតកញ្ជោរដែលលក់លើទីផ្សារបច្ចុប្បន្ន ភាគច្រើនគឺនាំចូលពីបរទេស ព្រោះពុំទាន់មានកសិករក្នុងស្រុកដាំដុះឡើយ។

លោក ចន គ្រោងនឹងដាក់លក់ផ្សិតកញ្ជោររបស់លោកលើទីផ្សារក្នុងតម្លៃចន្លោះពី ៤០,០០០ ទៅ ៥០,០០0 រៀលក្នុងមួយគីឡូក្រាម។ ទោះជាយ៉ាងណា លោកបានប្រាប់ថា ផ្សិតកញ្ជោរទឹកដោះនេះគឺពិបាកបណ្ដុះជាងផ្សិតដទៃ ដោយវាត្រូវការរស់នៅសីតុណ្ហភាពត្រជាក់មធ្យមថេរ និងទាមទារការថែទាំយ៉ាងដិតដល់ ទើបវាលូតលាស់បានល្អ។

លោក តូច ចន បានរំលឹកទាំងក្តីសង្ឃឹមថា នៅពេលដែលលោកបង្ហោះរូបភាពផ្សិតនេះលើបណ្តាញសង្គមហ្វេសប៊ុក មានមនុស្សជាច្រើនដែលមិនស្គាល់បានចូលមកសាកសួរព័ត៌មាន។ ក្នុងនោះក៏មានអ្នកខ្លះ ចង់សុំរៀនបច្ចេកទេសធ្វើដែរ ជាពិសេសគឺជនបរទេស ហេតុនេះហើយទើបលោកមានគំនិតចង់បើកបង្រៀនពួកគាត់។ លោកចង់ឱ្យគម្រោងបណ្ដុះផ្សិតកញ្ជោររបស់លោក អាចចូលរួមចំណែកជំរុញវិស័យកសិកម្ម តាមរយៈការបង្កើនទីផ្សារ ការផ្គត់ផ្គត់ផលិតផលក្នុងស្រុក និងកាត់បន្ថយការនាំចូល។

ការប្រមូលផ្សិតកញ្ជោរនៅដើមរដូវវស្សា មិនត្រឹមតែជាប្រភពអាហារដ៏មានឱជារសសម្រាប់គ្រួសារប៉ុណ្ណោះទេ ប៉ុន្តែក៏បានក្លាយជាមុខរបរមួយ ដែលជួយបង្កើនជីវភាពប្រជាពលរដ្ឋនៅតាមតំបន់ជនបទ ក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី ព្រមទាំងបើកផ្លូវដល់ការអភិវឌ្ឍន៍វិស័យកសិកម្មបែបទំនើបនៅក្នុងប្រទេសកម្ពុជាផងដែរ។

 

Daily Program

Livesteam thumbnail