បទពិសោធនៃការដាំដំណាំស្ពៃតឿបានផលល្អរបស់ប្រជាកសិករ
លោក ណុប លុន ជាប្រជាកសិករដាំបន្លែមួយរូបនៅក្នុងស្រុកស្អាង ខេត្តកណ្តាល បានប្រកបរបរដាំដំណាំស្ពៃតឿអស់រយៈពេលជាង ១០ ឆ្នាំមកហើយ នៅលើផ្ទៃដីជាងកន្លះហិកតា។ ជាមួយនឹងបទពិសោធយ៉ាងយូរលើការងារដាំដុះបន្លែប្រភេទនេះ លោក ណុប លុន បានឱ្យដឹងថា ដំណាំស្ពៃតឿជាដំណាំដែលត្រូវការទឹកស្រោចស្រពច្រើន និងទាមទារការថែទាំជាប្រចាំ ទើបផ្តល់ផលបានល្អ។
កសិករវ័យជាង ៣០ ឆ្នាំរូបនេះ បានពន្យល់អំពីបច្ចេកទេសដាំស្ពៃតឿថា ដំណើរការដាំដុះត្រូវបានបែងចែកជា ៣ ដំណាក់កាលសំខាន់ៗ គឺ៖ ការជ្រើសរើសពូជ ការរៀបចំដី និងការរៀបចំប្រព័ន្ធទឹកឱ្យបានគ្រប់គ្រាន់។ លោក ណុប លុន បានឱ្យដឹងថា ការដាំដុះរបស់លោក គឺជ្រើសរើសវិធីសាបគ្រាប់ផ្ទាល់ ព្រោះមានភាពងាយស្រួល និងឆាប់បានប្រមូលផល។
លោក ណុប លុន ៖«បន្ទាប់ពីរៀបចំដី និងមានពូជរួចរាល់ គេត្រូវរៀបចំប្រព័ន្ធទឹក និងសង្កេតមើលសត្វល្អិតនៅជុំវិញចម្ការ រួចទើបអាចចាប់ផ្តើមព្រួសគ្រាប់បាន។ ការព្រួសគ្រាប់ត្រូវកំណត់លើផ្ទៃដីឱ្យបានច្បាស់លាស់ ដោយគ្រាប់ស្ពៃទម្ងន់ ១ ខាំ ត្រូវប្រើលើផ្ទៃដីប្រមាណ ១០០ ម៉ែត្រការ៉េ។ ប៉ុន្តែនៅរដូវណាដែលស្ពៃមានតម្លៃថោក គេអាចបំបែកគ្រាប់ ១ ខាំនោះទៅលើផ្ទៃដី ២០០ ម៉ែត្រការ៉េបាន។ យើងមិនដកយកទៅដាំឡើងវិញទេ ព្រោះគេអាចយល់ច្រឡំថាបន្លែរបស់យើងនាំចូលមកពីក្រៅដោយសារវាធំពេក។ ផ្ទុយទៅវិញ បន្លែរបស់យើងនៅតូចហើយខ្ចីល្អ»។
លោក ណុប លុន បានបន្តថា នៅពេលសាបគ្រាប់ស្ពៃ ត្រូវប្រាកដថាបានភ្ជួរដីពី ៣ ទៅ ៤ ដង។ ក្នុងមួយរងត្រូវធ្វើទទឹងប្រមាណ ១ ម៉ែត្រ និងទុកចន្លោះរងប្រហែល ៧ តឹក ឬ ៧០ សង់ទីម៉ែត្រ។ លោកបញ្ជាក់ច្បាស់ថា តាមបទពិសោធរបស់លោក រងដាំដុះគឺជាកត្តាសំខាន់ណាស់ដើម្បឱ្យស្ពៃលូតលាស់បានល្អ។
លោក ណុប លុន ៖«សម្រាប់រដូវវស្សា គេបែងចែកការដាំដុះជាពីរវគ្គ គឺចាប់ពីខែឧសភា ដល់ខែតុលា។ នៅខែតុលា គេត្រូវធ្វើរងឱ្យខ្ពស់ស្រឡះ មិនឱ្យមានទឹកដក់ឡើយ។ ប៉ុន្តែបើធ្វើបែបនេះនៅខែវិច្ឆិកាវិញ អាចនឹងមានសត្វល្អិតស៊ី ដោយសារអត្រាស្រោចទឹកមិនគ្រប់គ្រាន់ ព្រោះរងខ្ពស់ធ្វើឱ្យហួតទឹកលឿន។ នៅក្នុងខែនេះ ធាតុអាកាសនៅស្រដៀងនឹងរដូវប្រាំងនៅឡើយ មិនទាន់មានសំណើមគ្រប់គ្រាន់ទេ ដូច្នេះយើងត្រូវធ្វើរងកុំឱ្យហូរទឹកអស់ ដើម្បីកាត់បន្ថយសត្វល្អិត»។
កសិកររូបនេះថ្លែងថា ដំណាំស្ពៃតឿទាមទារការថែទាំ និងស្រោចទឹកជាប្រចាំចាប់តាំងពីថ្ងៃដាំរហូតដល់ថ្ងៃប្រមូលផល។ ទោះបីជាដំណាំប្រភេទនេះចំណាយផ្ទៃដីតូច ប៉ុន្តែផ្តល់ទិន្នផលច្រើន។ ជាក់ស្តែងនៅលើដីប្រហែលកន្លះហិកតា លោកអាចដាំស្ពៃបាន ៦ ដងក្នុងមួយឆ្នាំ ដោយទិន្នផលទទួលបានជិត ១០ តោនក្នុងការប្រមូលផលម្នាក់ៗ។
លោក ណុប លុន ៖«ស្ពៃទាំងអស់នេះ ប្រមូលផលបានសរុបប្រហែលជា ៩ តោន ទៅ ១០ តោន។ សម្រាប់ការកម្លាំងពលកម្មពេលប្រមូលផល ខ្ញុំចំណាយអស់ប្រហែល ២០ ម៉ឺនរៀលក្នុងមួយថ្ងៃ ដោយក្នុងមួយម៉ោងថ្លៃឈ្នួល ៣,៣០០ រៀល។ បើសិនជាតម្លៃស្ពៃបានពី ៤០០ ទៅ ៥០០ រៀលក្នុងមួយគីឡូក្រាមដូចមុន គឺល្មមទប់ទល់បាន។ ខ្ញុំមិនបោះបង់ ឬឈូសឆាយចោលឡើយ បើទោះជាចំណេញតិចតួចក៏ដោយ ព្រោះកសិករបានប្រាក់កម្រៃ ឯឈ្មួញក៏បានទិញយកទៅលក់បន្ត។ បើយើងចោលទាំងអស់ គឺមានតែខាតបង់ប៉ុណ្ណោះ»។
យោងតាមឯកសារកសិកម្មរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ការស្រាវជ្រាវលើដំណាំស្ពៃតឿបង្ហាញថា វាជាបន្លែដែលសម្បូរទៅដោយសារធាតុចិញ្ចឹមច្រើន រួមមាន៖ ប្រូតេអ៊ីន វីតាមីន A, B, C ព្រមទាំងសារធាតុរ៉ែសំខាន់ៗដូចជា កាល់ស្យូម ផូស្វ័រ និងប៉ូតាស្យូមផងដែរ។
ដោយសារតែវាមានប្រយោជន៍ច្រើនបែបនេះហើយ ទើបស្ពៃតឿក្លាយជាដំណាំឈានមុខគេសម្រាប់គ្រួសារលោក ណុប លុន និងប្រជាកសិករនៅក្នុងស្រុកស្អាង ខេត្តកណ្តាល ក្នុងការលើកស្ទួយជីវភាពគ្រួសារ។
លោក ណុប លុន បានបញ្ជាក់ធ្ងន់ៗថា ប្រសិនបើដំណាំស្ពៃតឿលក់បានតម្លៃគួរសម គឺចាប់ពី ៣,០០០ រៀលឡើងទៅក្នុងមួយគីឡូក្រាម នោះនៅលើផ្ទៃដីជាងកន្លះហិកតានេះ លោកអាចរកចំណូលបានរហូតដល់ ៧ លានរៀលក្នុងមួយរដូវ។ ចំណូលពីការដាំស្ពៃនេះ គឺល្មមអាចដោះស្រាយជីវភាពគ្រួសារបានយ៉ាងល្អ និងធ្វើឱ្យគ្រួសាររបស់លោករស់នៅជុំគ្នា ដោយមិនចាំបាច់ធ្វើការចំណាកស្រុកឡើយ៕
