ថូម៉ាស ស្តេនហ្វ៉ដ រ៉ាហ្វ៉ល ស្ថាបនិកកោះសិង្ហបុរី

លោកថូម៉ាស ស្តេនហ្វ៉ដ ប៊ីងហ្គ្ល៉េ រ៉ាហ្វ៉ល គឺជាមន្ត្រី អភិបាលអាណានិគម និងជាអ្នកធម្មជាតិ​និយមជនជាតិអង់គ្លេស។ លោករ៉ាហ្វ៉ល កើតនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ១៧៨១ នៅតាម​បណ្តោយឆ្នេរ ចាម៉ៃអ៊ីក និងទទួលមរណភាព​នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ១៨២៦ នៅទីក្រុងឡុង។  

លោករ៉ាហ្វ៉ល ត្រូវបានគេស្គាល់ជាសំខាន់​សម្រាប់ការស្ថាបនាទីក្រុងសិង្ហបុរី។

គេស្ទើតែមិនដឹងទាល់តែសោះអំពីឪពុកម្តាយរបស់លោករ៉ាហ្វ៉ល។ គេស្គាល់លោក បេនចាមីន រ៉ាហ្វ៉លថា ជាមេបញ្ជាការនាវា Ann នៅពេលលោករ៉ាហ្វ៉លចាប់កំណើត។ លោកបានចាប់ផ្តើម ធ្វើការនៅអាយុ ១៤ឆ្នាំ ជាអ្នកបម្រើនៅក្រុមហ៊ុនអង់គ្លេស​សម្រាប់ឥណ្ឌា​បូព៌ា នៅឆ្នាំ១៨០៥។ លោករ៉ាហ្វ៉ល ត្រូវបានគេបញ្ជូនទៅកាន់កោះប៉ឺណាង នៅប្រទេសម៉ាឡេស៊ី។

នៅឆ្នាំ១៨១១ អគ្គអភិបាលនៃតំបន់ឥណ្ឌាអាណានិគមអង់គ្លេស បានតែងតាំងលោករ៉ាហ្វ៉ល ជា​អគ្គអភិបាល​នៃកោះចាវ៉ា ដែលនៅពេលនោះស្ថិតនៅក្រៅតំបន់ឥណ្ឌាអាណានិគមហូឡង់ បន្ទាប់មក មិនយូរប៉ុន្មាន លោករ៉ាហ្វ៉ល បានក្លាយជាអភិបាលនៃទីក្រុងបេងគូលូ នៅកោះ​ស៊ូម៉ាត្រា។  

គឺនៅសម័យនោះហើយ ដែលចក្រភពអង់គ្លេស បានគ្រប់គ្រងផ្នែកមួយចំនួននៃប្រជុំកោះ​របស់​​ហូឡង់ ដែលនៅក្រោមការការពាររបស់បារាំងក្រោមអធិរាជណាប៉ូឡេអុង។

លោករ៉ាហ្វ៉ល បាននាំមកឲ្យកោះចាវ៉ានូវកំណែទម្រង់ជាច្រើន  ៖ ការលុបបំបាត់ទាសភាព និង​ការងារ​ដោយបង្ខំ ការស្ថាបនាឡើងវិញនូវប្រាសាទ បូរ៉ូប៊ូឌៀ និងបូជនីយដ្ឋានបុរាណដទៃៗ ទៀត។ ជាអភិបាលដែលមានស្វយ័តពាក់កណ្តាល លោករ៉ាហ្វ៉ល ក៏ចាប់អារម្មណ៍​នឹងប្រវត្តិនៃ​កោះ​ចាវ៉ា និងផ្សព្វផ្សាយ​នូវស្នាដៃដំបូងជាភាសាអង់គ្លេស អំពីប្រវត្តិសាស្រ្តនៃកោះចាវ៉ា។

លោករ៉ាហ្វ៉ល គឺជាប្រភពដើមនៃទ្រឹស្តីរដ្ឋបាលអាណានិគម ដែលយកតាមឈ្មោះលោក ដែល​ជា​រដ្ឋបាលដែលមានគុណធម៌ នាំមកឲ្យប្រជាជនភាគតិចនូវភាពរុងរឿង និងការរស់​នៅ​ឲ្យ​បាន​​ល្អ។

សង្រ្គាមណាប៉ូឡេអុង ត្រូវបានបញ្ចប់នៅអឺរ៉ុប ហើយ​ហូឡង់ចាប់ផ្តើមគ្រប់គ្រងកោះឡើងវិញ លោក​រ៉ាហ្វ៉ល បានវិលត្រឡប់មកអង់គ្លេសនៅឆ្នាំ១៨១៦។ លោករ៉ាហ្វ៉ល បានចូលរួមបង្កើត​អង្គការ​​សត្វព្រៃ​ទីក្រុងឡុង ដែលលោកជាប្រធានទី១។ លោករ៉ាហ្វ៉ល ក៏ជាផ្នែកនៃគណៈ​កម្មាធិការ​​ដែលបង្កើតសួនសត្វនៅទីក្រុងឡុងផងដែរ។ លោករ៉ាហ្វ៉ល បានទទួលងារជា​គណបតី​ដែល​​មាន​បុព្វសិទ្ធនៅឆ្នាំ១៨១៧។

លោករ៉ាហ្វ៉ល បានវិលត្រឡប់មកកាន់អាស៊ីអាគ្នេយ៍ ៣ឆ្នាំ ក្រោយមក ដើម្បីសារប្រយោជន៍នៃ​ក្រុមហ៊ុន​​អង់គ្លេសនៃឥណ្ឌាបូព៌ា។ លោកបានចុះហត្ថលេខាជាមួយស្តេចស៊ុលតង់ចូហ័រ កាល​ពី​ថ្ងៃទី២៩ ខែមករា ឆ្នាំ១៨១៩ ដើម្បីស្ថាបនានៅលើកោះតាម៉ាសេក​នៅក្បែរឧបទ្វីបម៉ាឡេស៊ី។ នេះជាប៉ុស្តពាណិជ្ជកម្ម​ដែលក្រោយមកក៏ក្លាយជាសិង្ហបុរី។ លោករ៉ាហ្វ៉ល បានប្រកាសជាផ្លូវ​ការ​នូវ​ការ​បង្កើត​ទីក្រុងនៅថ្ងៃទី៦ ខែកុម្ភៈ នៅឆ្នាំដដែល។ កោះ​នេះបានអភិវឌ្ឍយ៉ាងឆាប់​រហ័ស​​ពីប្រជាជនមាន ១០០០នាក់ ដល់ ១០០០០នាក់ នៅរវាងឆ្នាំ១៨១៩ ដល់ឆ្នាំ ១៨២៣។ មាន​សំណង់ល្បីៗ ជាច្រើន បានមានឈ្មោះឡើង​នៅសិង្ហបុរី ដួចជា សណ្ឋាគារ រ៉ាហ្វ៉ល ដែល​រំឭក​ដល់ការចង់ចាំលោក។

ភរិយាទី១ របស់លោកព្រមទាំងកូនៗ ភាគច្រើនរបស់លោក ក្លាយជាជនរងគ្រោះពីជំងឺ​ត្រូពិច។

លោករ៉ាហ្វ៉ល បានទទួលមរណភាពនៅសង្កាត់មីលហ៊ីល នៅភាគខាងជើងទីក្រុងឡុង នៅ​ខួប​កំណើតទី៤៥ របស់លោក ដោយសារជំងឺដាច់សរសៃឈាមខួរក្បាល។

រុក្ខជាតិ រ៉ាហ្វ៉លស្យា បានយកតាមឈ្មោះលោករ៉ាហ្វ៉ល ដោយសារលោកបានចូលរួមរកឃើញ​ជា​មួយអ្នករុក្ខសាស្រ្តលោក ចូសេព អាកណុល នៅឆ្នាំ១៨១៨ នៅក្នុងព្រៃត្រូពិច​នៅ​ប្រទេស​ឥណ្ឌូនេស៊ី។

 

Daily Program

Livesteam thumbnail