ក្រសួងការងារគាំទ្រការបណ្តុះបណ្តាលជំនាញច្នៃត្បូងពេជ្រ និងគ្រឿងអលង្ការនៅកម្ពុជា
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គាំទ្រការបណ្តុះបណ្តាលជំនាញច្នៃត្បូងពេជ្រ និងគ្រឿងអលង្ការនៅកម្ពុជា ខណៈវិស័យនេះបានផ្តល់ចំណូលពាន់លានដុល្លារក្នុងមួយឆ្នាំៗដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា។ នេះជាការលើកឡើងរបស់លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ ក្នុងកិច្ចពិភាក្សាការងារជាមួយលោក ឆាយ ស៊ីណាត ប្រធានសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា នាថ្ងៃទី១៦មករា ឆ្នាំ២០២៣។
លោក ហេង សួរ បានគូសបញ្ជាក់ថា ជំនាញច្នៃត្បូងពេជ្រ និងគ្រឿងអលង្ការនេះ មានសារៈសំខាន់ក្នុងការជំរុញវិស័យកែច្នៃត្បូង និងគ្រឿងអលង្ការនៅកម្ពុជា។
ទន្ទឹមនឹងនេះ លោកប្រធានសមាគម បានថ្លែងអំណរគុណដល់រដ្ឋមន្ត្រីក្រសួងការងារ ចំពោះការចង់ឱ្យមាន ការបណ្តុះបណ្តាលជំនាញបច្ចេកទេសកែច្នៃត្បូង និងគ្រឿងអលង្ការនេះ។
ប្រធានសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា លើកឡើងថា ទំហំពាណិជ្ជកម្មរវាងកម្ពុជាជាមួយបណ្តាប្រទេសដៃគូលើគ្រឿងអលង្ការមានតម្លៃនេះ មានទំហំដល់ពាន់លានដុល្លារក្នុងមួយឆ្នាំៗដែលបានរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាផងដែរ៕