ការប្រែប្រួលនៃ «សហគមន៍រទេះក្របី»៖ ពីមុខរបរកាប់សាច់ លក់ មកជាការបង្កើតចំណូល និងអភិរក្សវប្បធម៌ជនបទ

ការផ្លាស់ប្តូរទម្លាប់នៃការប្រើប្រាស់សត្វក្របី ពីការត្រឹមតែអូសទាញ ឬកាប់យកសាច់លក់ មកជាការទឹមអូសរទេះបុរាណដឹកភ្ញៀវទេសចរ មិនត្រឹមតែជាគំនិតច្នៃប្រឌិតក្នុងការបង្កើតតំបន់ទេសចរណ៍វប្បធម៌ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានក្លាយជាប្រភពប្រាក់ចំណូលយ៉ាងសំខាន់ សម្រាប់ប្រជាពលរដ្ឋក្នុងសហគមន៍ ជាពិសេសមនុស្សវ័យចំណាស់ចាប់ពីអាយុ ៦០ ឆ្នាំឡើងទៅ។

«សហគមន៍រទេះក្របី» មានទីតាំងស្ថិតនៅក្នុងឃុំទឹកវិល ខេត្តសៀមរាប មានចម្ងាយប្រមាណ ១០ គីឡូម៉ែត្រពីកណ្តាលក្រុងសៀមរាប។ ដើមឡើយ សហគមន៍នេះត្រូវបានបង្កើតឡើងក្នុងទម្រង់ធម្មតាប៉ុណ្ណោះ ប៉ុន្តែដោយសារទទួលបានការគាំទ្រ និងផុសផុលយ៉ាងខ្លាំងពីសំណាក់ភ្ញៀវទេសចរបរទេស ទើបសហគមន៍បន្តដំណើរការរហូតមកដល់សព្វថ្ងៃ។

លោក ឆេង ឆោម អ្នករៀបចំសហគមន៍រទេះក្របី បានរៀបរាប់ឱ្យដឹងថា ការបង្កើតមុខរបរថ្មីនេះ ជាជម្រើសដ៏ល្អប្រសើរជាងការកាប់សត្វក្របីយកសាច់ហូបតែមួយពេលៗ ហើយថែមទាំងជួយឱ្យពលរដ្ឋវ័យចំណាស់មានការងារធ្វើ និងមានចំណូលទៀងទាត់។ លោកបានបញ្ជាក់ថា៖ «បច្ចុប្បន្នយើងមានក្របី ១៦ ក្បាល។ ចំណុចពិសេសនៃអាជីវកម្មសហគមន៍នេះ គឺការដឹកភ្ញៀវតាមរទេះក្របីទៅទស្សនាលំហែតាមទីជនបទ និងវាលស្រែ ដែលនៅប្រទេសខ្លះ ដូចជានៅកូរ៉េ រឿងបែបនេះស្ទើរតែបាត់បង់អស់ទៅហើយ»។

លោកបានបន្ថែមដោយក្តីរំភើបថា៖ «នេះជាផ្នែកមួយនៃការខិតខំអភិរក្ស ហើយយើងចង់បង្ហាញភ្ញៀវពីជីវភាពរស់នៅតាមជនបទ បង្ហាញពីរបៀបដែលអ្នកភូមិរស់នៅ និងប្រកបការងារចិញ្ចឹមជីវិត»។

ដំណើរការអាជីវកម្ម និងផលប៉ះពាល់ក្រោយវិបត្តិជំងឺកូវីដ-១៩

មុនពេលមានការរាតត្បាតនៃជំងឺកូវីដ-១៩ ពលរដ្ឋវ័យចំណាស់ក្នុងសហគមន៍អាចរកប្រាក់ចំណូលបានយ៉ាងទៀងទាត់រយៈពេល ២ ឆ្នាំ។ ប៉ុន្តែវិបត្តិកូវីដ-១៩ បានបង្ខំឱ្យសកម្មភាពទេសចរណ៍ត្រូវផ្អាកអស់រយៈពេល ៣ ឆ្នាំពេញ។

លោក ឆេង ឆោម បានប្រាប់កម្មវិធី «លុយ» នៃសារព័ត៌មានកោះសន្តិភាពថា ទោះបីជាបច្ចុប្បន្នសហគមន៍បានបើកដំណើរការឡើងវិញក៏ដោយ ប៉ុន្តែសន្ទុះនៃការគាំទ្រពីភ្ញៀវទេសចរមិនទាន់វិលត្រឡប់មកដូចដើមវិញនោះទេ។

បច្ចុប្បន្ន សហគមន៍ទទួលបានតែភ្ញៀវទេសចរជាតិប៉ុណ្ណោះ ដោយមិនទាន់មានភ្ញៀវបរទេសត្រឡប់មកវិញនៅឡើយទេ៖

តម្លៃសេវាកម្ម៖ ភ្ញៀវជាតិ ៤ ដុល្លារក្នុងម្នាក់ សម្រាប់ជិះរទេះមួយជុំសហគមន៍។ រីឯភ្ញៀវបរទេស តម្លៃ ២០ ដុល្លារ ដោយមានបន្ថែមអាហារសម្រន់តាមរដូវកាលដែលសហគមន៍ដាំដុះ (ដូចជា ស្វាយទុំ នំអន្សម និងពោតជាដើម)។

ប្រាក់កម្រៃពលរដ្ឋ៖ អ្នកបររទេះទទួលបានប្រាក់ខែ ១២០ ដុល្លារក្នុងម្នាក់ ហើយម្ចាស់ក្របីទទួលបាន ១០០ ដុល្លារសម្រាប់ក្របីមួយក្បាល។

ទោះជាយ៉ាងណា លោកបានកត់សម្គាល់ពីការប្រែប្រួលនៃលំហូរភ្ញៀវទេសចរថា កាលពីមុនកូវីដ-១៩ ភ្ញៀវបរទេសតែងមកទស្សនាចាប់ពីខែកញ្ញា ដល់ខែមេសា ប៉ុន្តែឥឡូវនេះពួកគេមកលេងតែ ២ ទៅ ៣ ខែប៉ុណ្ណោះក្នុងមួយឆ្នាំ។ ចំណែកភ្ញៀវជាតិវិញ មានចំនួនតិចតួច និងភាគច្រើនធ្វើដំណើរតែអំឡុងពេលបុណ្យទាន ហើយមិនសូវមានការចាប់អារម្មណ៍ជិះរទេះក្របីប៉ុន្មានឡើយ។

ដើម្បីរៀបចំទទួលភ្ញៀវ និងលើកកម្ពស់សោភ័ណភាព ក្រោយពេលដឹកភ្ញៀវដើរកម្សាន្តរួច សមាជិកសហគមន៍តែងតែនាំគ្នាសម្អាត តុបតែងលម្អទីតាំងទេសចរណ៍ និងដាំផ្កបន្ថែមទៀត។

ក្តីសង្ឃឹម និងស្នាមញញឹមរបស់ប្រជាសហគមន៍

លោក ស៊ុន លីវ អាយុ ៥៣ ឆ្នាំ ជាអ្នកបររទេះមួយរូប រស់នៅក្នុងឃុំខ្នាត ស្រុកពួក ដែលត្រូវធ្វើដំណើរប្រមាណ ៣ គីឡូម៉ែត្រមកធ្វើការនៅឃុំទឹកវិល បានសម្តែងក្តីរីករាយយ៉ាងខ្លាំងនៅពេលបានវិលត្រឡប់មកធ្វើការងារនេះវិញ។

ក្នុងអំឡុងពេលវិបត្តិកូវីដ-១៩ លោកជួបការលំបាកយ៉ាងខ្លាំង ដោយសារគ្មានការងារធ្វើ និងគ្មានប្រាក់គ្រប់គ្រាន់សម្រាប់ទិញម្ហូបអាហារទ្រទ្រង់គ្រួសារ។ ការបើកដំណើរការឡើងវិញនៃសហគមន៍ បានផ្តល់ប្រភពចំណូលសារជាថ្មី និងជាកម្លាំងចិត្តយ៉ាងធំធេងសម្រាប់រូបលោក។

លោក លីវ បានរៀបរាប់ដោយស្នាមញញឹមថា៖ «ខ្ញុំសប្បាយចិត្តពេលបានឃើញភ្ញៀវមក! ខ្ញុំមានកម្លាំងចិត្តដឹក ដើម្បីយកកម្រៃទៅចិញ្ចឹមប្រពន្ធកូន។ ជួនកាលថ្ងៃខ្លះ ថ្វីបើខ្ញុំមានជំងឺគ្រុនក្តៅបន្តិចបន្តួចក៏ដោយ ក៏ខ្ញុំនៅតែមិនរួញរាក្នុងការបររទេះដឹកភ្ញៀវដែរ ឱ្យតែមានភ្ញៀវមកលេង»៕

 

Daily Program

Livesteam thumbnail
khmer popup image