សិស្សបឋមសិក្សា៩០ភាគរយ បានចូលរៀនក្នុងដំណាក់កាលទី២វិញ
ដូចដែលបានជ្រាបហើយថា ពាក់ព័ន្ធនឹងវិស័យអប់រំ ក្នុងអំឡុងពេលវិបត្តិនៃជំងឺកូវីដ១៩ បានធ្វើអោយដំណើរការសាលារៀនមួយចំនួនធំ ត្រូវបានបិទទ្វារអស់មួយរយៈពេលធំ ប៉ុន្តែដោយសារតែស្ថានភាពនៃជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា មានភាពធូរស្រាលឡើងវិញ ការបើកដំណើរការសាលារៀនឡើងវិញ ក្នុងដំណាក់កាលទី១ ហើយរហូតមកដល់ពេលនេះ គឺស្ថិតក្នុងដំណាក់កាលទី២។
អ្វីដែលយើងបានកត់សម្គាល់បន្ថែមទៀតនោះ បើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា បានបញ្ជាក់ថា រហូតមកដល់ពេលនេះ សាលាបឋមសិក្សាប្រមាណជា ៩០ភាគរយ បានចូលសិក្សាឡើងវិញនៅក្នុងស្ថានភាព ការបើកដំណើរការសាលារៀននៅក្នុងដំណាក់កាលទី២។
ការបើកដំណើរការសាលារៀនឡើងវិញ នៅក្នុងដំណាក់កាលទី២នេះ ធ្វើឡើងអស់រយៈពេលជាង១ខែ។ ការបើកដំណើរការសាលារៀនជាថ្មី ក្នុងដំណាក់កាលទី២ ដែលចាប់ផ្តើមតាំងពីថ្ងៃទី៧ ខែកញ្ញា រហូតមកដល់ពេលបច្ចុប្បន្ននេះ ក្រៅពីសិស្សថ្នាក់ទី៩ និងទី១២ ដែលបានចូលរៀនពេញប្រទេសនោះ។ សិស្សនៅក្នុងថ្នាក់បឋមសិក្សាប្រមាណជា ៩០ភាគរយ បានចូលរៀនជាថ្មីវិញ។
អ្នកនាំពាក្យក្រសួងអប់រំ បានបញ្ជាក់បន្ថែមថា ការសិក្សារបស់សិស្សថ្នាក់បឋមសិក្សាគឺមិនសិក្សានៅក្នុងថ្នាក់រៀនពេញមួយសប្តាហ៍នោះទេ ការសិក្សាតាមបែបចម្រុះ ដោយសិក្សានៅក្នុងថ្នាក់រៀនខ្លះ និងសិក្សានៅក្នុងប្រព័ន្ធអនឡាញខ្លះ។
រីឯសិស្សថ្នាក់ទី៩ និងទី១២វិញ អាចមកសិក្សានៅក្នុងថ្នាក់រៀនពេញមួយសប្តាហ៍ ដើម្បីត្រៀមខ្លួនប្រឡងយកសញ្ញាប័ត្រ។
លោក រស់ សុវាចា បញ្ជាក់ថា ៖«ខ្ញុំសូមបញ្ជាក់ជូនថា ការសិក្សារបស់សិស្សពីថ្នាក់ទី១ ដល់ទី៥ មានការសិក្សា២ថ្ងៃក្នុងមួយសប្តាហ៍។ ចំណែកថ្នាក់ទី៦វិញ ដែលជាថ្នាក់ដែលត្រូវឆ្លងភូមិស្ថានសិក្សា ទៅថ្នាក់មធ្យមសិក្សាបឋមភូមិ គឺត្រូវរៀន៣ថ្ងៃក្នុងមួយសប្តាហ៍។ ខ្ញុំសូមបញ្ជាក់ជូនថា នៅកម្រិតបឋមសិក្សាកូនសិស្សបានចូលរៀនឡើងវិញ ជាង៩០ភាគរយគិតមកដល់ពេលនេះ។ ចំណែកនៅកម្រិតមធ្យមសិក្សា នៅពេលនេះផ្ទាល់ ក្រសួងជូនឱកាសទៅដល់ប្អូនៗ ដែលរៀននៅថ្នាក់ទី៩ និងថ្នាក់ទី១២ អោយបានរៀនពេញលេញ មានន័យថារៀន៦ថ្ងៃក្នុងមួយសប្តាហ៍ដើម្បីត្រៀមខ្លួនរៀនអោយចប់កម្មវិធីសិក្សា ត្រឹមចុងខែវិច្ឆិការ»។
នៅពេលដែលកំពុងអនុវត្តន៍ការបើកសាលារៀនឡើងវិញ នៅក្នុងដំណាក់កាលទី២នេះ ក្រសួងអប់រំ រួមជាមួយនឹងអន្តរក្រសួង ក៏កំពុងត្រួតពិនិត្យ និងវាយតម្លៃ ដំណើរការសិក្សា ដើម្បីឈានទៅដល់ការសិក្សា ក្នុងដំណាក់កាលបន្តបន្ទាប់ទៀត។
យ៉ាងណាមិញការបើកដំណើរការសាលារៀនក្នុងដំណាក់កាលទី៣ ក៏តម្រូវអោយសាលារៀនមានលទ្ធភាពគោរព តាមគោលការណ៍ប្រតិបត្តិស្តង់ដា សម្រាប់ការបើកដំណើរការសាលារៀនឡើងវិញនៅក្នុង បរិបទកូវីដ១៩ ព្រោះនេះជារឿងចាំបាច់ដើម្បីធានា សុវត្ថិភាពទាំងសិស្ស និងបុគ្គលិកអប់រំ។
ជាឪពុកមួយរូបកំពុងបំពេញការងារប្រចាំថ្ងៃ នៅធនាគារឯកជនមួយ ក្នុងទីក្រុងភ្នំពេញ លោក រស់ ចាន់ស៊ុន មានកូនប្រុសចំនួន៣នាក់ ហាក់បង្ហាញក្តីបារម្ភពីសុខភាពរបស់កូនៗ នៅពេលផ្ទុះឡើងនៅជំងឺរលាកសួតប្រភេទថ្មី COVID-19 នៅពេលកូនៗរបស់លោកចាកចេញពីផ្ទះ ទៅសាលារៀន និងលេងជាមួយក្មេងៗដទៃនៅតាមទីសាធារណៈ។
លោក រស់ ចាន់ស៊ុន បាននិយាយថា ៖ «រាល់ថ្ងៃកូនធ្វើដំណើរទៅសាលារៀនធម្មតា យ៉ាងណាមិញបើទោះបីជាមានការបារម្ភ តែរដ្ឋាភិបាលយើង កំពុងតែដុតដៃដុតជើងដែរក្នុងការធ្វើការងារណឹង»។
ជាអ្នកម្តាយមួយរូប លោកស្រី រស់ ចន្ថា បាននិយាយថា កត្តាបារម្ភពីកូនតូចៗរបស់ខ្លួនពិតជាមានច្រើនណាស់ ពេលកូនចេញទៅរៀននៅសាលារៀន នៅតាមទីសាធារណៈមានមនុស្សច្រើន។
លោកស្រី រស់ ចន្ថា បានប្រាប់ថា ៖ «ចាស់!ក្តីបារម្ភច្រើនពេលកូនទៅរៀននៅពេលផ្ទុះជំងឺថ្មីនេះ កូនៗលេងជាមួយក្មេងៗគ្នាគេ នៅតាមទីសាធារណៈ ការប៉ះពាល់ពិតជាមាន យើងមានតែប្រយ័ត្នប្រយែងទាំងអស់គ្នាតែប៉ុណ្ណោះ»។
ជំងឺកូវីដ១៩ បានជះឥទ្ធិពលយ៉ាងធំសម្បើមជាសកល សង្គមមនុស្សជាតិ ក្រៅពីការគៀបសង្កត់លើវិបត្តិសេដ្ឋកិច្ចហើយនោះ វិស័យអប់រំ យុវជន និងកីឡា ក៏ជួបប្រទះវិបត្តិយ៉ាងធ្ងន់ធ្ងរ ដោយសារតែការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីបម្រើការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ត្រូវទទួលរងផលប៉ះពាល់។ ក្នុងប្រទេសកម្ពុជា ខេត្តវប្បធម៌ ឬខេត្តសៀមរាប ត្រូវបានបិទទ្វារមុនគេ ក្នុងចំណោមបណ្តារាជធានី និងខេត្តទាំង២៥ លើសាលារៀន ទាំងសាធារណៈ និងឯកជន កាលពីកំឡុងពាក់កណ្តាលខែមីនា ឆ្នាំ២០២០កន្លងទៅ។
យ៉ាងណាក៏ដោយក្រោមការដឹកនាំរបស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងអប់រំ យុវជន និងកីឡា ជាសេនាធិការនោះ ហើយស្ថិតនៅក្រោមវិធានសុវត្ថិភាព ការបង្ការ ទប់ស្កាត់ជំងឺកូវីដ១៩ របស់ក្រសួងសុខាភិបាលនោះ ផែនការអប់រំ ពីចម្ងាយក៏បានបង្ហាញខ្លួនឡើងលើទឹកដីកម្ពុជា៕