ភ្ជាប់ទំនាក់ទំនង មិនមែនការកែតម្រូវ: ការចិញ្ចឹមកូនបែបវិជ្ជមាននៅកម្ពុជាកំពុងកើនឡើង

នៅក្នុងភូមិដាច់ស្រយាលមួយនៅតាមដងទន្លេសាប ឃុំពង្រក្រោម ស្រុកជីក្រែង ឪពុកម្ដាយជាច្រើនកំពុងចាប់យកវិធីសាស្រ្តថ្មីក្នុងការចិញ្ចឹមកូនរបស់ពួកគេ។ ពួកគេបានទម្លាក់ចោលរំពាត់ និងចាប់យកវិធីសាស្រ្តបែបទន់ភ្លន់វិញ។ បើទោះជាពិបាកក្ដី ការផ្លាស់ប្ដូរនេះកំពុងនាំមកនូវផលប្រយោជន៍យ៉ាងជ្រាលជ្រៅជូនគ្រួសារនានា ដោយសារពួកគេងាកចេញឆ្ងាយពីការអនុវត្តតាមបែបប្រពៃណីពាក់ព័ន្ធនឹងទណ្ឌកម្មលើរាងកាយ ទៅរកវិធីសាស្រ្តបែបអហិង្សាវិញ។
ជាច្រើនជំនាន់មកហើយ ការដាក់វិន័យតឹងរឹងដែលពាក់ព័ន្ធនឹងទណ្ឌកម្មលើរាងកាយ គឺជានិយាមដែលគ្រួសារកម្ពុជាទទួលយក។ លោកស្រី សុខ ភារុន មានអាយុ ៣៣ឆ្នាំ ដែលជាម្ដាយដែលមានកូនពីរនាក់ បានចែករំលែកអំពីការចងចាំដ៏ឈឺចាប់ពាក់ព័ន្ធនឹងកូនប្រុសអាយុ៩ឆ្នាំរបស់គាត់ ឈ្មោះ ថានីន។ គាត់រំលឹកដោយទឹកភ្នែកហូរនៅលើផ្ទែមុខថា “នៅថ្ងៃមួយ ថានីន បានទៅហែលទឹកបឹង ដោយគ្មានការអនុញ្ញាត។ ខ្ញុំខឹងខ្លាំងណាស់ ហើយខ្ញុំបានវាយជើងគាត់ជាមួយនឹងមែកឬស្សី។ ដំបៅនៅលើជើងរបស់គាត់បានក្លាយ ហើយយើងត្រូវនាំគាត់ទៅមន្ទីរពេទ្យ។ ខ្ញុំមានអារម្មណ៍បន្ទោសខ្លួនឯងខ្លាំងណាស់បន្ទាប់ពីពេលនោះ។”
នៅក្នុងគ្រួសារមួយទៀត លោកស្រី គន ផាត និងប្ដីរបស់គាត់ឈ្មោះ គង់ ភារិទ្ធ បានប្រឈមមុខនឹងបញ្ហាប្រឈមស្រដៀងគ្នា។ លោកស្រី ផាត រំលឹកអំពីភាពមួម៉ៅរបស់គាត់ នៅពេលដែលកូនស្រីអាយុ៩ឆ្នាំរបស់គាត់ឈ្មោះ រចនា បានលួចលុយទៅទិញស្ករគ្រាប់។ “នៅពេលនោះ ខ្ញុំបានវាយដៃរបស់ រចនា ជាមួយនឹងរំពាត់ ដែលបានធ្វើឱ្យបាក់មេដៃរបស់នាង” នេះជាការទទួលស្គាល់របស់លោកស្រី ផាត ដោយគាត់ឱបកូនស្រីរបស់គាត់ នៅពេលដែលនាងទៅសាលារៀន។
កុមារនៅកម្ពុជាប្រឈមមុខជាមួយនឹងបញ្ហាប្រឈមជាច្រើនពាក់ព័ន្ធនឹងកិច្ចការពារកុមារ។ តាមការប៉ាន់ស្មាន កុមារប្រមាណបីលាននាក់ប្រឈមមុខនឹងហានិភ័យនៃអំពើហិង្សា ការរំលោភបំពាន ការកេងប្រវ័ញ្ច និងការបំបែកចេញពីគ្រួសារ។ ការសិក្សាស្រាវជ្រាវនៅពេលថ្មីៗនេះ រួមទាំងការអង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជា (CDHS) នៅឆ្នាំ២០២២ បានបង្ហាញនូវកម្រិតគួរឱ្យព្រួយបារម្ភនៃទណ្ឌកម្មលើរាងកាយ និងអំពើហិង្សាផ្លូវចិត្ត។ ទណ្ឌកម្ម និងអំពើហិង្សារមែងតែងត្រូវបានប្រើប្រាស់ជាវិធី ដើម្បីដាក់វិន័យកុមារនៅផ្ទះ សាលារៀន ទីកន្លែងសាសនា និងមណ្ឌលថែទាំជំនួស។ ជាការឆ្លើយតបចំពោះការអនុវត្តដ៏រីករាលដាលនេះ ក្រសួងកិច្ចការនារី ដោយមានការគាំទ្រពីយូនីសេហ្វ តាមរយៈមូលនិធិពីទីភ្នាក់ងារជំនួយអាមេរិក USAID បានដាក់ឱ្យអនុវត្តកម្មវិធីការចិញ្ចឹមកូនបែបវិជ្ជមាននៅឆ្នាំ ២០១៨។ គំនិតផ្ដួចផ្ដើមនេះ អប់រំឪពុកម្ដាយអំពីការចិញ្ចឹមកូនដោយគ្មានអំពើហិង្សា ដែលជាការឆ្លើយតបជាចាំបាច់ចំពោះរបកគំហើញពី CDHS ឆ្នាំ២០២៣ ដែលបានបង្ហាញថា កុមារកម្ពុជាអាយុចន្លោះពី១ ទៅ១៤ ឆ្នាំ ចំនួន ៦៦% បានប្រឈមមុខនឹងអំពើហិង្សាលើរាងកាយនៅផ្ទះ។
កិច្ចខិតខំប្រឹងប្រែងទាំងនេះបានផ្ដល់ផលប្រយោជន៍ដល់កុមារប្រមាណ ៨២.០០០នាក់ ក្នុងនោះកុមារីចំនួន ៣៩.០០០នាក់ និងកុមារមានពិការភាពចំនួន ៧០នាក់។ វគ្គបណ្ដុះបណ្ដាលគ្រប់ជ្រុងជ្រោយនៃគំនិតផ្ដួចផ្ដើមនេះ មានបំណងបង្រៀនឪពុកម្ដាយនូវជំនាញ ដែលចាំបាច់ក្នុងការប្រើប្រាស់បច្ចេកទេសចិញ្ចឹមកូនបែបវិជ្ជមាន។
រហូតមកដល់ពេលនេះ លោកស្រី ភារុណ និងលោកស្រី ផាត បានចូលរួមនៅក្នុងវគ្គទាំងនេះ។ ពួកគេបានរៀនមេរៀនសំខាន់ៗ ដូចជា ការស្ដាប់កូនៗរបស់ពួកគេ ការយកចិត្តទុកដាក់ចំពោះតម្រូវការរបស់កូនៗ ការប្រើប្រាស់ពាក្យសំដីវិជ្ជមានដើម្បីលើកទឹកចិត្តចំពោះអាកប្បកិរិយាល្អ ការជៀសវាងការបន្ទោស និងការជេរ ព្រមទាំងការគ្រប់គ្រងកំហឹង និងភាពតានតឹងក្នុងចិត្តរបស់ពួកគេផ្ទាល់។ “ខ្ញុំមានភាពភ្ញាក់ផ្អើលដោយបានរៀនថា យើងអាចចិញ្ចឹមកូនដោយមិនចាំបាច់មានអំពើហិង្សា” នេះជាសំដីរបស់លោកស្រី ភារុណ។
ផលជះនៃកម្មវិធីនេះ មានលក្ខណៈគួរឱ្យកត់សម្គាល់។ ជាដំបូង ឪពុកម្ដាយជួបប្រទះនឹងការលំបាកក្នុងការផ្លាស់ប្ដូរវិធីសាស្រ្តរបស់ពួកគេ ប៉ុន្តែបន្តិចម្ដងៗ ពួកគេបានចាប់ផ្ដើមអនុវត្តអ្វីដែលពួកគេបានរៀន។ លោកស្រី ភារុណ បានចាប់ផ្ដើមស្ដាប់ រចនា កាន់តែច្រើន និងពន្យល់អ្វីៗដល់នាងដោយមិនឆេវឆាវ។ លោកស្រី ផាត បានចាប់ផ្ដើមឱបកូនៗរបស់គាត់ និងប្រើប្រាស់ពាក្យសំដីលើកទឹកចិត្តពួកគេ។ ស្រ្តីជាម្ដាយទាំងពីរនាក់បានរៀនគ្រប់គ្រងកំហឹងរបស់ខ្លួន និងស្វែងរកវិធីសាស្ត្រដាក់វិន័យផ្សេងជំនួសវិញ។
“នៅពេលនេះ នៅពេលដែលកូនប្រុសរបស់ខ្ញុំមកពីសាលារៀនវិញ ខ្ញុំសួរគាត់អំពីការរៀនសូត្ររបស់គាត់ និងជួយគាត់ធ្វើការងារផ្ទះរបស់គាត់” នេះជាសំដីរបស់លោកស្រី ភារុណ។ “ខ្ញុំបានកត់សម្គាល់ឃើញការផ្លាស់ប្ដូរដ៏ធំចំពោះអាកប្បកិរិយារបស់គាត់។ គាត់បង្ហាញការគោរពកាន់តែច្រើន និងរៀនកាន់តែពូកែ។” លោកស្រី ផាត ក៏បានមើលឃើញភាពល្អប្រសើរឡើងផងដែរ។ “នៅពេលនេះ រចនា មិនលួចលុយទៀតទេ។ ជំនួសវិញ នាងប្រាប់ខ្ញុំអំពីអ្វីដែលនាងចង់បាន។”
ការផ្លាស់ប្ដូរទាំងនេះគឺលើសពីអ្វីដែលកុមារទទួលបាន។ លោកស្រី ភារុណ បានកត់សម្គាល់ឃើញភាពល្អប្រសើរឡើងចំពោះទំនាក់ទំនងរបស់គាត់ជាមួយប្ដីគាត់។ គាត់បានពន្យល់ថា “យើងលែងបន្ទោសគ្នាទៅវិញទៅមកទៀតហើយ។ ច្បាប់ទីមួយនៅក្នុងគ្រួសាររបស់ខ្ញុំ គឺត្រូវស្ដាប់គ្នា។” លោក ភារិទ្ធ ដែលជាប្ដីរបស់លោកស្រី ផាត ក៏សង្កេតឃើញការផ្លាស់ប្ដូរវិជ្ជមានផងដែរ។ គាត់ថ្លែងថា “នៅពេលនេះ គ្រួសាររបស់យើងហាក់ដូចជាសប្បាយចិត្តជាងមុន។ ការស្រែក និងការវាយដំគឺកាន់តែតិចទៅ។”
កម្មវិធីការចិញ្ចឹមបីបាច់កូនតាមបែបវិជ្ជមាន មិនត្រឹមតែធ្វើបរិវត្តកម្មគ្រួសារនីមួយៗប៉ុណ្ណោះឡើយ ប៉ុន្តែក៏កំពុងបំបែកវដ្ដនៃអំពើហិង្សាលើរាងកាយ ដែលបានបន្តមកជាច្រើនជំនាន់មកហើយ។ យោងតាមការអង្កេតនៅក្នុងអំឡុងពេលនៃការអនុវត្តកម្មវិធីនេះ អ្នកចូលរួមចំនួន ៧៥ភាគរយ បានបង្ហាញការមិនយល់ស្របយ៉ាងខ្លាំងក្លាដែលថា ភាពតានតឹងក្នុងចិត្តអាចធូរស្រាលតាមរយៈការទទួលទានគ្រឿងស្រវឹង ការលេងល្បែងស៊ីសង ឬការវាយ ឬ ការស្រែកដាក់កូនៗ ដោយពួកគេបានបង្ហាញអំពីការផ្លាស់ប្ដូរទៅរកយន្តការទប់ទល់បែបអហិង្សាវិញ។ បន្ថែមលើនេះ ចម្លើយត្រឹមត្រូវពាក់ព័ន្ធនឹងការដាក់វិន័យវិជ្ជមានបានកើនឡើងពី ៦០ភាគរយ នៅក្នុងសំណួរសាកល្បងមុនវគ្គទៅ ៩៥ភាគរយ នៅក្នុងការធ្វើតេស្តបន្ទាប់ពីចប់វគ្គ។
លោកស្រី ភារុណ បានណែនាំដល់ឪពុកម្ដាយផ្សេងទៀតថា “សូមកុំឱ្យកំហឹងរបស់អ្នកគ្រប់គ្រងអ្នកដោយការវាយកូន។ វាគឺជាកំហុស។ សូមជំនួសមកវិញ នូវការព្យាយាមស្វែងយល់អំពីកូនរបស់អ្នក និយាយជាមួយពួកគេ និងបង្ហាញសេចក្ដីស្រឡាញ់ដល់ពួកគេ។”
នៅពេលដែលឪពុកម្ដាយកាន់តែច្រើនយល់ព្រមទទួលយកជំនាញថ្មីៗទាំងនេះ នោះយើងមានសេចក្ដីសង្ឃឹមថា ប្រជាជនជំនាន់ក្រោយរបស់កម្ពុជានឹងធំលូតលាស់ឡើងនៅក្នុងគ្រួសារដែលមានភាពសប្បាយរីករាយកាន់តែខ្លាំង និងមានសុខភាពកាន់តែប្រសើរ។ ការផ្លាស់ប្ដូរនេះបន្តកើតមានឡើងមួយគ្រួសារម្ដងៗ ដោយសារការចិញ្ចឹមកូនបែបវិជ្ជមានអាចនាំទៅរកការកែលម្អប្រកបដោយអត្ថន័យចំពោះសហគមន៍ទាំងមូល។
Daily Program
