ប្រជាពលរដ្ឋក្នុង​ខេត្តមណ្ឌលគីរីទទួល​អត្ថប្រយោជន៍ពីគម្រោងស្រូវសត្វត្រយង

លោករដ្ឋលេខាធិការ ក្រសួងបរិស្ថាន អញ្ជើញពិនិត្យគម្រោងស្រូវត្រយង

គម្រោងស្រូវសត្វត្រយង បានពង្រីកខ្លួនមកកាន់ខេត្តមណ្ឌលគិរី បន្ទាប់ពីជោគជ័យនៅព្រះវិហារនិងបន្តយកទៅអនុវត្តនៅដែនជម្រកសត្វព្រៃសៀមប៉ាងនៃស្រុកសៀមប៉ាង និងដែនជម្រកសត្វ​ព្រៃ​ភូមិសាស្ត្រខេត្តស្ទឹងត្រែង ហើយចាប់តាំងពីឆ្នាំ២០១៩ គម្រោងស្រូវត្រយង (Ibis Rice Scheme) នេះ បានពង្រីកខ្លួនមកកាន់ដែនជកម្រកសត្វព្រៃកែវសីមាខេត្តមណ្ឌលគិរី។

 

លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យ​ដឹងថា ក្រសួងបរិស្ថានគាំទ្រ ចំពោះ​គោល​ការណ៍និងលក្ខខណ្ឌដែលគម្រោងស្រូវត្រយងបានដាក់ចេញឱ្យប្រជាកសិករមកអនុវត្ត និងគោរព​តាមជាមួយនឹងការទទួលទិញស្រូវពីកសិករមកវិញក្នុងតម្លៃខ្ពស់ជាងទីផ្សារ ក្នុង​ចន្លោះ​ពី១២០០​រៀលទៅ១៧០០រៀល ទៅតាមប្រភេទស្រូវនីមួយៗ។

 

លោកបានថ្លែងថា ៖ «សម្រាប់ប្រជាពលរដ្ឋដែលបានអនុវត្តគម្រោងស្រូវត្រយង នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ចំនួន៣ភូមិ គឺភូមិពូរចារ, ភូមិពូគង់ និងភូមិអូរច្រាល កាលពីឆ្នាំ២០១៩ ដែលជាឆ្នាំនៃគម្រោងសាកល្បងមានប្រជាកសិករចូលរួមតែ២៩គ្រួសារ ប៉ុន្តែរហូតមកដល់ឆ្នាំ២០២០ ប្រជាកសិករបានចូលជាសមាជិកមានចំនួន៧៨គ្រួសារ»។

 

លោកថា កត្តាដែលជំរុញឱ្យពួកគាត់ចូលរួមក្នុងគម្រោងនេះ ព្រោះគាត់បានសម្លឹងមើលឃើញពីសារៈប្រយោជន៍របស់គម្រោងស្រូងត្រយង ដែលធ្វើឱ្យពួកគាត់លក់ស្រូវបានថ្លៃ ដោយគ្រាន់តែគោរពតាមគោលការណ៍ដែលកំណត់ដោយអង្គការ WCS លើកិច្ចការងាររក្សាឱ្យបានការពារបរិស្ថាន ធនធានធម្មជាតិ និងសត្វព្រៃ។

 

ក្រោយពីប្រជាកសិករ បានចូលរួមក្នុងគម្រោងស្រូវត្រយងនេះ មកនៅក្នុងដីស្រែរបស់ពួកគាត់ មានសំឡេងកូនក្អាតយំ កង្កែប ព្រមទាំងមានត្រីទៀតផង ខណៈដែលពីមុនពួកគាត់បាន ប្រើប្រាស់ថ្នាំ ដើម្បីសម្លាប់ស្មៅ ឬសត្វល្អិតៗ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់ពួកគាត់ជាដើម។ ត្រង់ចំណុចនេះ វាជាជោគជ័យមួយក្នុងការអនុវត្តគម្រោងស្រូវត្រយង ដោយបង្កប់ដោយលក្ខខណ្ឌសំខាន់ៗចំនួន៤ ដែលផ្សារភ្ជាប់ជាមួយការការពារបរិស្ថាន ការការពារធនធានធម្មជាតិ។

 

ដើម្បីទទួលបានតម្លៃទីផ្សារខ្ពស់លើសពីទីផ្សារនេះដែរ គឺតម្រូវឱ្យកសិករ ដែលជាសមាជិកស្រូវត្រយង អនុវត្តតាមគោលការណ៍សំខាន់ៗ ដែលផ្សារភ្ជាប់ជាមួយនឹងការគោរពលើបរិស្ថាន ការពារធនធានធម្មជាតិ។ គោលការណ៍ទាំងនោះរួមមាន ត្រូវដាំស្រូវដោយគោរពទៅតាមគោលការណ៍សរីរាង្គ ដែលមិនប្រើប្រាស់ជីគីមី ឬក៏ថ្នាំគីមី ឬថ្នាំសម្លាប់សត្វល្អិតមួយចំនួនទៀតលើការដាំដុះរបស់ពួកគាត់។ ការគោរពទៅនឹងគោលការណ៍ដាំដុះដែលមានបច្ចេកទេសដោយមានការបង្ហាត់បង្រៀនពីសំណាក់អង្គការ WCS មន្ត្រីជំនាញរបស់អង្គការ WCS និងដៃគូ ដើម្បីធ្វើឱ្យស្រូវដែលដាំដុះទាំងអស់នោះ គោរពទៅតាមបទដ្ឋានបច្ចេកទេស និងតាមការកំណត់និយាមទទួលទិញពីប្រទេសអ្នកបញ្ជាទិញស្រូងត្រយងនេះ។ ប្រជាកសិករ ដែលបានដាំស្រូវត្រយង ត្រូវប្រើប្រាស់ដីដែលមិនមែនបានពីកាប់ទន្រានកាន់កាប់ដីព្រៃនោះទេ ដែលជាចំណុចហាមឃាត់ដាច់ខាត និងប្រជាកសិករ ដែលបានចូលរួមក្នុងគម្រោងនេះ គឺត្រូវតែចូលរួមការពារ និងអភិរក្សសត្វព្រៃ។ ដូច្នេះ តាមលក្ខខណ្ឌនៃគម្រោងទាំង៤នេះ គឺបានធ្វើឱ្យមានភាពល្អប្រសើរឡើង នូវការការពារ និងអភិរក្សធនធានធម្មជាតិ។

 

នាយកកម្មវិធីប្រចាំប្រទេស នៃអង្គការ WCS ឬសមាគមអភិរក្សសត្វព្រៃនៅកម្ពុជាលោក កែន សេរីរដ្ឋា បានឱ្យដឹងដែរថា ការអនុវត្តគម្រោងរេដបូក ដែលត្រូវយកមកអនុវត្តនៅប្រទេសកម្ពុជា គឺចង់បង្ហាញពិភពលោកឱ្យឃើញថា ប្រទេសកម្ពុជា ពិតជាមានលទ្ធភាពការពារព្រៃឈើនេះបានជាដើម។

 

លោកថា ស្រូវ​ អង្ករ ក្នុងគម្រោង​ស្រូវ​ត្រយង ត្រូវបាន​យកទៅលក់នៅលើទីផ្សារ​ធំៗក្នុង​ស្រុក និង​ទីផ្សារ​អន្តរ​ជាតិ​៕

Daily Program

Livesteam thumbnail