និស្សិតសកលវិទ្យាល័យ៖ ការសិក្សាក្នុងបរិបទជំងឺកូវីដ១៩នេះ មានការលំបាកខុសៗគ្នា

ការសិក្សាក្នុងថ្នាក់មុនស្ថានភាពនៃព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។

ការសិក្សារៀនសូត្រគឺជាការបណ្ដាក់ទុនលើផ្នែកអប់រំដែលមិនចេះរីងស្ងួតដែលគ្រប់គ្នាត្រូវការជាចាំបាច់។ទន្ទឹមនឹងនោះ ក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ១៩ សាលារៀនគ្រប់កម្រិត​ត្រូវ​បានបិទទ្វារជាបណ្តោះអាស​ន្នជាច្រើនខែ។ ជាមួយនេះ ក្នុងនាមជានិស្សិតដែលបន្តការសិក្សានៅសាកលវិទ្យាល័យ ហើយស្ថិតក្នុ​ងស្ថានភាពបែបនេះទៀត រមែងជួបបញ្ហា និងផលលំបាកផ្សេងៗគ្នា។ តើពួកគេទាំងនោះជួបផលលំបាកមកពីកត្តាអ្វីហើយត្រូវ​ដោះស្រាយតាមវិធីណា?

ខាងក្រោមនេះគឺជាការចែករំលែកបទពិសោធន៍របស់និស្សិតមួយចំនួនដែលគាត់ជួបប្រះទះនឹងបញ្ហានេះ​។

បន្ទាប់ពីបញ្ចប់​ការសិក្សានៅកម្រិតវិទ្យាល័យឬ​បាក់ឌុប កាល​ពី​សម័យប្រឡងឆ្នាំ ២០១៨ កញ្ញា ម៉ម មិថុនា ជានិស្សិតមកពីខេត្តសៀមរាបបានសម្រេចចិត្តបន្តការសិក្សានៅទីក្រុងភ្នំពេញដើម្បីសម្រេចក្ដីស្រមៃខ្លួននៅក្នុងវិថីជានិស្សិតសាកលវិទ្យាល័យដោយសិក្សាជំនាញទំនាក់ទងអន្តរជាតិ នៅវិទ្យាស្ថានភាសាបរទេស។

កញ្ញា ម៉ម មិថុនា បានលើកឡើងពីផលលំបាកពីការចាកឆ្ងាយ​ស្រុកកំណើតដើម្បីមកបន្តការសិក្សានេះថា ៖ «ដោយសារតែខ្ញុំជាសិស្សមកពីខេត្តឆ្ងាយ ផលលំបាកទីមួយគឺ ត្រូវនៅឆ្ងា​យពីគ្រួសារអាចនិយាយបានថាខ្លះការយកចិត្តទុកដាក់ពីគ្រួសារខ្វះភាពកក់ក្ដៅ»។

កញ្ញាបន្តថា ផលលំបាកទីពីរ គឺបញ្ហាខ្វះខាតថវិការព្រោះនៅភ្នំពេញត្រូវការចំណាយច្រើនទាំងការរៀនសូត្រ និងការរស់នៅប្រចាំថ្ងៃជាហេតុដែលនាងត្រូវរកការងារបន្ថែមដើម្បីសម្រួលដល់ការរស់នៅប្រចាំថ្ងៃបន្ថែមពីការផ្គត់ផ្គង់ពីគ្រួសារ។

និស្សិតរូបនេះបានបន្ថែមថា នៅសាកលវិទ្យាល័យគឺរៀនមានការស្រាវជ្រាវច្រើន មានការងារគ្រូតម្រូវឱ្យធ្វើច្រើន ហើយត្រូវចូលរៀនតាមប្រព័ន្ធអនឡាញ ម្យ៉ាងទៀត សិក្សាតាមវីដេអូទៀត ក៏មិនងាយស្រួលចងចាំ ដូចនៅក្នុងថ្នាក់ផ្ទាល់ជាមួយគ្រូនោះទេ។

ក្នុងនោះដែរកញ្ញា ម៉ម មិថុនា ក៏បានលើកឡើងដែរថា ការគ្រប់គ្រងពេលវេលាគឺពិតជាសំខាន់ណាស់ក្នុងជីវិតរស់នៅ ជាពិសេសគឺការរៀននៅសាកលវិទ្យាល័យនេះតែម្ដងបើការបែងចែកពេលវេលាមិនបានច្បាស់លាស់ទេពោលគឺប៉ះពាល់ដល់ការសិក្សា ដូចជាករណីគាត់ផ្ទាល់តែម្ដង ។

ចំណែក កញ្ញា ច័ន្ទ មុន្នីតាដែលជានិស្សិត ឯកទេសទំនាក់ទំនងអន្តរជាតិ ​រួម​សាលាដូចគ្នានេះដែរ  ក៏បានលើកឡើងថា ផលលំបាកដែលខ្លួនជួបក្នុងបរិបទដែលរៀននៅសាកលវិទ្យាល័យនោះគឺត្រង់ថានាងរៀនពីរសាលា និងឆ្លៀតធ្វើការផង ជាហេតុបណ្ដាលឱ្យរូបគាត់បាត់បង់ចំណង់ក្នុងការរៀនសូត្រ និងបែងចែកពេលវេលាមិនបានល្អ។ 

កញ្ញា ច័ន្ទ មុន្នីតា បន្តថាដោយសារតែមេរៀននៅសាកលក៏ពិបាក ត្រូវការពេលវេលាស្រាវជ្រាវច្រើន ជាពិសេសត្រូវអនឡាញច្រើនជាង ការពិសោធនិងអនុវត្តជាក់ស្តែងតិចពេក ធ្វើឱ្យលទ្ធផលនៃការសិក្សា មិនសូវទទួលបានលទ្ធផលគាប់ប្រសើរនោះទេ។

និស្សិតនេះថា រូបគេមិនបានបែងចែកពេលវេលាច្បាស់លាស់ទើបជាហេតុធ្វើឱ្យរៀនមិនសូវបានល្អពេលខ្លះមកពីធ្វើការអស់កម្លាំងទៅហើយ គ្មានសូម្បីអារម្មណ៍អានសៀវភៅឬស្ដាប់គ្រូនៅពេលចូលអនឡាញ (Zoom) ក៏មាន ជួនកាលធ្លាប់គិតថាចង់ឈប់រៀនម្ដងៗដែរ។

ចំណែក លោកសុខ កក្កដា ជានិស្សិត ឆ្នាំទី ៥ ផ្នែកគីមីចំណីអាហារនៃវិទ្យាស្ថានបច្ចេកវិទ្យាតិចណូ  បានប្រាប់ថា៖«ការរៀននៅវិទ្យាល័យតាមបែបគន្លងថ្មីនេះ គឺរៀនតាមតែគ្រូដាក់មេរៀនឱ្យទេ ហើយមេរៀននិងលំហាត់ក៏វាស្រួលដែរមិនមានការលំបាកអីទេ តែពេលចូលដល់ជីវិតក្នុងសាកលវិទ្យាល័យវិញបានដឹងថា គ្រប់យ៉ាងគឺវាផ្ទុយគ្នាប្ដូរពីបាត់ដៃទៅខ្នងដៃ»។

លោក សុខ កក្កដា បន្តថាកាលពីរូបគេចូលរៀនដំបូងគឺត្រូវរៀនជាភាសាបារំាង និងអង់គ្លេសម្យ៉ាងទាក់ទងនឹងមេរៀនពិបាកមិនសូវយល់ព្រោះគ្រូនៅសាកលវិទ្យាល័យគាត់មិនមានពេលគ្រប់គ្រាន់ដើម្បីពន្យល់ នោះទេម្យ៉ាងសិស្សច្រើនហើយរៀនត្រូវប្រកួតប្រជែងជាមួយសិស្សតាមខេត្តដូចគ្នានិងសិស្សខ្លាំងៗនៅភ្នំពេញស្រាប់ ដូចនេះការរៀនគឺវាជួបការប្រកួតប្រជែងនិងផលវិបាកច្រើន។

«ទាក់ទងនឹងការងារសាលា រៀនជួនកាលមួយឆមាសរៀន១០មុខហើយគ្រូម្នាក់មានការងារឱ្យធ្វើយ៉ាងតិចមួយ ហើយកំណត់យកចំថ្ងៃដំណាលៗគ្នាជួនការងារស្រាវជ្រាវនោះ ដាក់មកយើងអត់យល់ក៏មាន ដូចនេះសម្រាប់ខ្ញុំផ្ទាល់ចំពោះមុខជំនាញដែលខ្ញុំរៀន គឺមានផលលំបាកច្រើនបើធៀបនឹងជីវិតជាសិស្សវិទ្យាល័យ ហើយជាពិសេសរៀនតាមប្រព័ន្ធអនឡាញ»។នេះជាការលើកឡើងរបស់ និស្សិត សុខ កក្កដា។

លោក សុខ កក្កដា បានបន្ថែមដែរថារៀននៅសាកលគឺទាមទារឱ្យស្រាវជ្រាវច្រើន អានឱ្យបានច្រើនដើម្បីស្វែងយល់បន្ថែមពីមេរៀននិងកិច្ចការស្រាវជ្រាវផ្សេងៗដែលគ្រូដាក់ឱ្យ ប៉ុន្តែក្នុងបរិបទថ្មីនេះ ចំពោះការសិក្សារបស់លោកទាមទារការពិសោធច្រើន ជាពិសេសឆ្នាំប្រឡងចេញ។

ដូចនេះ ជាដំណោះស្រាយគឺនិស្សិតកក្កដារូបនេះតែងតែខិតខំ និងយកចិត្តទុកដាក់រៀនសូត្របន្ថែមដើម្បីពង្រឹងចំណុចដែលខ្វះខាត។មិនតែប៉ុណ្ណោះគឺត្រូវចេះគ្រប់គ្រងពេលវេលាឱ្យបានល្អ ក្នុងការបែងចែកកាល​វិភាគរៀននិងចេះកត់ត្រាចំណុចសំខាន់ៗ ព្រោះទោះបីមានកាលវិភាគរៀននៅសាលាក៏ដោយក៏យើងត្រូវទៅសាលាបន្ថែមដើម្បីអនុវត្តពិសោធ ដោយមានការបែងចែកពេលវេលា មិនឱ្យមានមនុស្សច្រើន បើមិនដូច្នេះទេគឺរៀនទាំងត្រដរខ្យល់មិនខាន។

ជាចុងក្រោយលោក សុខ កក្កដា ក៏បានលើកទឹកចិត្តដែរថាទោះបីជាស្ថានការបែបណា កុំបាក់ទឹកចិត្តកាលបើបាក់ទឹកចិត្តនោះការរៀនសូត្រនឹងកាន់តែដុនដាបទៅៗម្យ៉ាងត្រូវចាំថា គ្រប់សមិទ្ធផល គឺកើតមកដោយការព្រៀងទុកក្នុងនាមជាអ្នកសិក្សាត្រូវដឹងពីតួនាទីខ្លួន ចេះគ្រប់គ្រងពេលវេលានិងខំដុសខាត់សមត្ថភាពបន្ថែម ហើយប្រកាន់ភ្ជាប់នូវវិន័យផងដែរទើបទទួលបានជោគជ័យលក្នុងជីវិតសិក្សា៕

 

 

Daily Program

Livesteam thumbnail