ការបន្តបិទសាលា ៖ កុមារតូចៗប្រមាណ ៣០លាននាក់ នៅតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក កំពុងប៉ះពាល់ដល់ការអភិវឌ្ឍន៍របស់កុមារ
ការរាំងស្ទះនៃការអប់រំដែលបណ្តាលមកពីជំងឺកូវីដ-១៩ បានជះឥទ្ធិពលអវិជ្ជមានដល់ការលូតលាស់របស់កុមាររួមមាន សុខភាព ការរៀនសូត្រ និងភាពជោគជ័យរបស់ពួកគេ។ អង្គការ យូនីសេហ្វ (UNICEF) បានឱ្យដឹងថា ការបិទទ្វារសាលារៀនបានបង្កផលប៉ះពាល់ដល់ការអភិវឌ្ឍន៍របស់កុមាររាប់លាននាក់នៅទូទាំងពិភពលោក។
យោងសេចក្តីប្រកាសព័ត៌មានចេញផ្សាយកាលពីម្សិលមិញ របស់អង្គការ យូនីសេហ្វ បានបន្តថា កុមារតូចៗប្រមាណ ៣០លាននាក់ នៅតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក សិ្ថតក្នុងចំណោមកុមារតូចៗប្រមាណ ១៤០លាននាក់នៅលើសកលលោក កំពុងរង់ចាំចូលរៀនថ្ងៃដំបូងរបស់ពួកគេដែលនៅតែបន្តពន្យារគ្មានពេលកំណត់។ កត្តានេះបណ្ដាលឱ្យកុមារ និងពួកជំទង់រងផលអាក្រក់ផ្នែកបញ្ញាស្មារតី ការអប់រំ សុខុមាលភាព រួមទាំងអាជីពក្នុងពេលអនាគតផងដែរ។
លោក Marcoluigi Corsi នាយកប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានមានប្រសាសន៍ថា ៖«យើងមិនអាចមើល រំលងផលប៉ះពាល់ នៃការរអាក់រអួល និងសេវាកម្មអប់រំ ដែលបានជះឥទ្ធិពល មកលើកុមារតូចៗបាននោះទេ។ ឆ្នាំដំបូងនៃជីវិតរបស់កុមារ នឹងជះឥទ្ធិពលពេញមួយជីវិតរបស់ពួកគេ ទាំងសុខភាព ការរៀនសូត្រ និងជោគជ័យរបស់ពួកគេនៅថ្ងៃអនាគត។ ប្រសិនបើយើងមិនបើកសេវាកម្មអប់រំ សម្រាប់កូនតូចៗ របស់យើងឡើងវិញ ហើយបន្តពន្យារ ពេលថ្ងៃបើកបវេសនកាល នៃការអប់រំ សម្រាប់ថ្នាក់ មត្តេយ្យ និងបឋមសិក្សា ពួកគេនឹងបាត់បង់ឱកាសធំបំផុត ដើម្បីត្រៀមខ្លួនរៀនទាន់ពេល ដែលជាបញ្ហាប្រឈមសកលក្នុងការអភិវឌ្ឍ»។
ប្រភពដដែល បន្តថា ទាំងអង្គការយូនីសេហ្វ និងអង្គការយូនីស្កូបានជំរុញរដ្ឋាភិបាលគ្រប់ប្រទេសទាំងអស់ ធ្វើយ៉ាងណាបើកសាលារៀនឡើងវិញក្នុងពេលឆាប់ៗតាមដែលអាចធ្វើទៅបាន ដើម្បីផ្តល់នូវការអប់រំពេញលេញចំពោះសិស្សានុសិស្សគ្រប់កម្រិតថ្នាក់។
ស្របពេលដែលសាលារៀនមិនទាន់អាចដំណើរការ និងដើម្បីបង្កើនគុណភាពអប់រំ អង្គភាពទាំងពីរ រួមគ្នាជាមួយធនាគារពិភពលោក បានអំពាវនាវឱ្យរដ្ឋាភិបាលផ្ដល់គាំទ្រដល់គ្រូៗ និងសម្ភារបង្រៀនគ្រប់គ្រាន់ ជាពិសេសបញ្ចូលបច្ចេកវិទ្យាឌីជីថលទៅក្នុងការបង្រៀន ក្នុងគោលដៅសម្រេចបាននូវប្រសិទ្ធភាពនៃការរៀនពីចម្ងាយឱ្យកាន់តែប្រសើរ៕