AI ពិតជារីកចំរើនហើយកំរិតនៃភាពលំអៀងក៏កាន់តែកាត់បន្ថយប៉ុន្តែសូមប្រុងប្រយ័ត្ន!
នៅក្នុងអំឡុងពេលបច្ចុប្បន្ននេះ បញ្ញាសិប្បនិម្មិតពិតជារីកចំរើនស្របពេលដែលកម្រិតនៃភាពលំអៀងរបស់វាក៏កាន់តែរួមតូច ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយវានៅតែត្រូវការការប្រុងប្រយ័ត្នបំផុត ដើម្បីបញ្ចៀសផលប៉ះពាល់ផ្សេងៗ។
បញ្ញាសិប្បនិម្មិតដែលគេច្រើននិយាយថា AI វាពិតជាអាចជួយមនុស្សយើងបច្ចុប្បន្ននេះច្រើនមែនទែន ដោយពេលខ្លះសូម្បីតែយើងឈឺក្បាល គឺអាចសួរវាទៅវាអាចឲ្យថ្នាំយើងលេបបាន ហើយកម្រិតនៃភាព ត្រឹមត្រូវក៏ប្រសើរដែរ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយយើងក៏មិនគួរជឿទុកចិត្តវាពេកដែរ។ សុក្រិត្យភាពវាមានកាន់តែច្រើនមែន ប៉ុន្តែសំខាន់គឺវាមិនដឹងអំពីមនោសញ្ចេតនា អារម្មណ៍ ភាពឈឺចាប់ និង សេចក្តីខ្លោចផ្សា ឬវេទនាអារម្មណ៍របស់មនុស្សដូចជាក្រុមគ្រូពេទ្យឬវេជ្ជបណ្ឌិតនោះបានឡើយ។
ម៉ាស៊ីនវានៅតែជាម៉ាស៊ីន ដូច្នេះសូមកុំគិតថា AI វាពិតជាអាចជំនួសមនុស្សយើងឲ្យបាននោះ ប៉ុន្តែដើម្បី លើកកំពស់មនុស្សកាន់តែប្រសើរធៀបនឹង AI មនុស្សយើងក៏គួរតែបង្កើនសកម្មភាព សូមកុំស្ពឹកស្រពន់ កុំអល់អែក ហើយជាពិសេសគឺកុំប្រតិបត្តិខ្លួនដូចជា AI។
អារម្មណ៍ពិតប្រាកដទំនាក់ទំនងនិងការលើកកំពស់សេចក្តីថ្លៃថ្នូរ គឺជារឿងចាំបាច់បំផុតដែលមនុស្សគួរតែពង្រឹង ហើយជាពិសេសនោះគឺសេចក្តីទទួលខុសត្រូវនិងគោរពសីលធម៌វិជ្ជាជីវៈរបស់យើងទាំងអស់គ្នា។ ប៉ុន្តែប្រសិនបើយើងទាំងអស់គ្នាធ្វើតាម AI វិញ នោះ អនាគតក៏ពិបាកនឹងប៉ាន់ស្មានទុកជាមុនដែរ ដូច្នេះសូមគិតគូរនិងលើកកំពស់ការត្រៀមខ្លួនទុកជាមុន។
នៅពេលនេះ AI គឺវាអាចវាយលុកចូលសឹងតែគ្រប់មុខជំនាញនៃការងារប្រចាំថ្ងៃរបស់មនុស្ស។ វាអាចសរសេរបទភ្លេងបង្កើតទំនុកច្រៀង រហូតដល់ច្រៀងចម្រៀងដូចមនុស្សយើងច្បាស់ថែមទៀតផង។
នៅក្នុងវិស័យសារព័ត៌មាន AI ក៏បានលុកលុយដោយវាអាចជួយមនុស្សបង្កើតជាអ្នកធ្វើសេចក្តីរាយការណ៍ ព័ត៌មាន វាអាចជួយស្រាវជ្រាវ វាអាចជួយរកសាវតានៃរឿង ហើយវាក៏អាចនឹងជួយសរសេរអត្ថបទ ប្រភេទខ្លះបានបន្ថែមទៀតផង ដូច្នេះសូមកុំលេងសើចនឹងវា ហើយយើងជាមនុស្សបន្តខ្ជិលច្រអូសមិនខំប្រឹងប្រែង មិនខ្នះខ្នែងពង្រឹងសមត្ថភាពរបស់ខ្លួននោះ។
នៅក្នុងវិស័យអប់រំវិញនៅពេលនេះ AI ក៏បានលូកចូលជ្រៅផងដែរ ដោយពេលនេះនៅក្នុងចំណោមមុខវិជ្ជាវិទ្យាសាស្រ្តពិតដូចជាគណិតវិទ្យា រូបវិទ្យា និង គីមីវិទ្យាជាដើមប្រសិនបើគាំងដោះស្រាយលំហាត់មិនចេញ មិនចាំបាច់សួរគ្រូទេ សិស្សអាចសួរ AI បាន។
សរុបមកវិញ AI សម័យនេះកាន់តែរីកចំរើនខ្លាំង ដូច្នេះនៅក្នុងនាមយើងជាមនុស្សជាតិដែលជាម្ចាស់ពិភពលោកនេះ ហើយក៏ជាអ្នកដែលបង្កើត AI នេះ យើងក៏ត្រូវតែលើកកំពស់ការស្វ័យសិក្សា រៀនរស់ជាមួយនឹង AI ប៉ុន្តែកុំពឹងផ្អែកលើវាខ្លាំងពេក។ យើងក៏គួរតែមានការប្រុងប្រយ័ត្ន និង ផ្ទៀងផ្ទាត់ឲ្យច្បាស់លាស់ ដើម្បីកុំអោយ AI វាចូលមកគ្រប់គ្រងសកម្មភាពយើងបាន៕