អាហារនៅផ្ទះប្លែកពីអាហារនៅហាងយ៉ាងណា?

អាហារចំអិននៅផ្ទះនិងអាហារនៅហាងជាទូទៅមិនដូចគ្នាទេ ដោយសារតែអាហារនៅផ្ទះជាទូទៅអាចមិនមានសោភណភាពរៀបចំល្អស្អាតដូចនៅហាងឡើយ ប៉ុន្តែកុំភ្លេចថា អាហារចំអិននៅផ្ទះវាមានគុណតម្លៃច្រើនសម្រាប់គ្រួសារ​។

អាហារដែលចំអិននៅផ្ទះដោយផ្ទាល់ដៃជាទូទៅមានលក្ខណៈមិនសូវមានសោភណភាព​ ឡើយ ប៉ុន្តែជាទូទៅគេទទួលស្គាល់ថា មានអនាម័យល្អប្រសើរជាងអាហារដែលយើងនាំគ្នាចេញទៅទទួលទាននៅក្រៅផ្ទះ។ ម្យ៉ាងវិញទៀតអាហារដែលចំអិនដោយខ្លួនឯង អាចអស់លុយតិច​ ជាងអាហារនៅហាង ប៉ុន្តែបើនិយាយអំពីគុណតម្លៃវិញគឺមានច្រើនអនេក​។​

វាគឺជាអាហារដែលចំអិនដោយអ្នកម្តាយ ឬបងស្រី​ ឬក៏ភរិយា ឬក៏ខ្លួនយើង ដែលយើងតែងតែ លាងសំអាត​បន្លែ ត្រីសាច់ស្អាតល្អ ខណៈដែលអាហារដែលចំអិននៅហាងទោះបីជាហាងខ្លះមានបុគ្គលិកទទួលខុសត្រូវ មានគុណធម៌យ៉ាងណាក៏រមែងមានការចន្លោះប្រហោង។

ជាធម្មតាអាហារចំអិននៅហាងដោយចុងភៅគឺជាខ្សែសង្វាក់ការងារ ដោយចេញពីអ្នកលាងបន្លែ លាងចាន លាងសាច់ ហើយការចំអិន​ ។ ទោះជាហាងនោះមានស្តង់ដា យ៉ាងណាក៏ដោ​យ ភាគរយនៃការធ្វេសប្រហែសគឺមានច្រើន ខុសពីអាហារចំអិននៅតាមផ្ទះ ដោយម្ហូបអាហារមួយពេលៗគឺយកចិត្តទុកដាក់គ្រប់ដំណាក់កាល ហើយផ្ចិតផ្ចង់​ទោះជា រស់ជាតិមិនដូចជាចុ​ង​ភៅអាជីព ប៉ុន្តែអាហារនៅតាមផ្ទះខ្លះគឺក៏ឆ្ងាញ់មិនខុសពីហាងដែរ ។​

ម្យ៉ាងវិញទៀត ពពួកអាហារនៅហាងនៅក្នុងមួយចានៗតម្លៃថ្លៃខណៈដែលទទួលទានតែមួយចានពេលខ្លះ ប្រសិនបើយកលុយនោះទៅទិញបន្លែ​ សាច់ និង​គ្រឿងផ្សំផ្សេងៗ​មកចំអិនខ្លួនឯ​ងនោះ​គឺ តម្លៃនៃការចំណាយលើមុខម្ហូបនៅហាងតែមួយមុខសម្រាប់មនុស្ស២នាក់ ការទទួលអាហារនៅផ្ទះចំអិនខ្លួនឯងអាចបានមួយផ្ទះ ឬបើសមាជិកតិច គឺអាចសល់ប្រាក់ច្នៃបានម្ហូបអា​ហារមួយមុខផ្សេងទៀតផងដែរ។​

ម្យ៉ាងវិញទៀតប្រសិនបើទទួលទានអាហារចំអិននៅផ្ទះក្រៅពីសន្សំសំចៃ​ហើយនោះ វាក៏ជាការអោយតម្លៃដល់អ្នកចំអិន ដែលខិតខំសម្រិតសម្រាំងចំអិនទុកអោយយើងទទួលទាន ។ ម្យ៉ាងវិញទៀត​ការទទួលទានអាហារចំអិននៅក្នុងផ្ទះ គឺបញ្ជាក់ពីអារម្មណ៍កក់ក្តៅ លើកទឹកចិត្ត គាំ​ទ្រ និងផ្តល់កម្លាំងចិត្ត ដែលនាំអោយគ្រួសារកាន់តែមានសុភមង្គល​។​

សរុបមកវិញការទទួលទានអាហារចំអិននៅផ្ទះវាមានចំណុចល្អច្រើន ហើយគុណសម្បត្តិក៏មានច្រើនដែរ ដូច្នេះយើងទាំងអស់គ្នាគួរអោយតម្លៃនិងគោរពនូវអ្នកដែលធ្វើការតាមផ្ទះជាពិ​សេសគឺស្រ្តីដែលជាម្តាយ ជាបងស្រី ឬជាភរិយា ដែលមួយថ្ងៃ សូម្បីតែពេលគេងក៏ត្រូវរិះគិតថា​​តើត្រូវធ្វើម្ហូបអ្វីដើម្បីអោយអ្នកនៅក្នុងផ្ទះទទួលទានអាហារបានឆ្ងាញ់ពិសារ៕

 

Daily Program

Livesteam thumbnail