សូមទុកឲ្យសមត្ថកិច្ចធ្វើការសិន! ហើយសមត្ថកិច្ចក៏ត្រូវតម្លាភាពដែរ
ចំពោះករណីបញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌប្ញស្សីកែវ កាលពីយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ បណ្តាលឲ្យក្មេងប្រុសម្នាក់រងរបួសធ្ងន់ គឺជារឿងក្តៅបំផុតមួយដែលបានផ្ទុះនៅលើ បណ្តាញសង្គម ប៉ុន្តែទោះជាយ៉ាងណាសូមទុកពេលឲ្យសមត្ថកិច្ចធ្វើការសិន ហើយដោយឡែកសមត្ថកិច្ចក៏គួរដោះស្រាយករណីនេះឲ្យតម្លាភាពផងដែរ ។
ពាក់ព័ន្ធនឹងករណីគ្រោះថ្នាកចរាចរណ៍នេះ មហាជនចែករំលែកនិងប្រតិកម្មពេញបណ្តាញសង្គម ពីព្រោះតែពួកគេខ្លាចហើយបារម្ភអំពីបញ្ហាអយុត្តិធម៌សង្គម គឺអ្នកតូចគ្រោះថ្នាក់ដេកព្យាបាលអស់លុយ អស់កាក់ តែអ្នកមានប្រាក់ អ្នកធំ អ្នកមានអំណាចអ្នកមានបុណ្យស័ក្តិគឺរួចខ្លួន ។
មកដល់ពេលនេះតាមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា ករណីនេះសមត្ថកិច្ចបាននាំបុរសនិងនារីនៅក្នុងរថយន្តដែលបង្កគ្រោះថ្នាក់ចរាចរណ៍នេះមកសាកសួរតាមផ្លូវច្បាប់ទាំងពីរ ហើយជាមួយគ្នានេះបើយោងតាមការបំភ្លឺរបស់ភាគីរថយន្តបង្កបានឆ្លើយចំពោះមុខសមត្ថកិច្ចឲ្យដឹងថាអ្នកបើកបររថយន្តបង្កជាស្រ្តី ប៉ុន្តែមហាជននៅតែមិនសុខចិត្តហើយនៅតែគិតថា បុរសទេដែលជាអ្នកបើក។
ករណីនេះតាមពិតទៅសមត្ថកិច្ចជំនាញមិនទាន់អះអាងថា អ្នកសង្ស័យបង្ករនោះពិតបា្រកដជានរណានៅឡើយទេ ដោយសមត្ថកិច្ចកំពុងបន្តអង្កេតស្រាវជ្រាវតាមជំនាញ បច្ចេកទេស ក្នុងគោលដៅសុក្រឹតភាពនៃការទទួលខុសត្រូវក្នុងនាមជាអ្នកបើកបរបង្កហេតុ ដោយអនុលោមតាមនីតិវិធីកំណត់ក្នុងច្បាប់ មុននឹងបញ្ជូនសំណុំរឿងទៅតុលាការ ។
បងប្អូនសូមទុកឲ្យសមត្ថកិច្ចជំនាញធ្វើការទៅ ហើយសមត្ថកិច្ចក៏គួរតែធ្វើកិច្ចការនេះឲ្យតម្លាភាព កុំអោយជនបង្ករួចទោស ។ ជាការពិតគ្រោះថ្នាក់ចរាចរណ៍វាមិនមែនថា អ្នកក្រខុសហើយអ្នកមានត្រូវ ហើយក៏មិនប្រាកដថា អ្នកក្រត្រូវអ្នកមានខុសដែរ សំខាន់គឺភស្តុតា សក្ខីកម្ម ហើយដោះសា្រយដោតនិតិវិធីច្បាប់ទម្លាប់ជាគោល។ ម្យ៉ាងទៀត មាតាបិតានានា ក៏គួរតែប្រុងប្រយ័ត្នរឿងអនុញ្ញាតិឲ្យក្មេងៗដែលច្បាប់មិនទាន់អនុញ្ញាតទៅបើកបរយានយន្តនៅលើផ្លូវសាធារណៈវាគ្រោះថ្នាក់។
សរុបសេចក្តីទៅ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ មិនត្រឹមតែជាហេតុការណ៍មួយករណីនោះទេ ប៉ុន្តែវាជាកញ្ចក់ឆ្លុះបញ្ចាំងពីការព្រួយបារម្ភរបស់សង្គមចំពោះយុត្តិធម៌ និងការអនុវត្តច្បាប់។ ក្នុងស្ថានការណ៍ដែលមហាជនកំពុងតែមានសំណួរ និងការសង្ស័យយ៉ាងច្រើន ការងាររបស់សមត្ថកិច្ចគឺត្រូវតែអនុវត្តដោយមានភាពត្រឹមត្រូវ តម្លាភាព និងអាចជឿទុកចិត្តបាន ដើម្បីបង្ហាញថា ច្បាប់មានតម្លៃស្មើគ្នាសម្រាប់មនុស្សគ្រប់រូប ។ ជាមួយគ្នានេះ សាធារណជនក៏គួរតែរក្សាភាពអត់ធ្មត់ មិនត្រូវវិនិច្ឆ័យជាមុន ឬចែកចាយព័ត៌មានមិនទាន់បានផ្ទៀងផ្ទាត់ ដែលអាចបង្កឲ្យមានការភាន់ច្រឡំ និងប៉ះពាល់ដល់ដំណើរការស៊ើបអង្កេត។ ចុងក្រោយ បញ្ហាគ្រោះថ្នាក់ចរាចរណ៍នេះក៏ជាការរំលឹកដ៏សំខាន់មួយឲ្យគ្រប់ភាគី អ្នកបើកបរ មាតាបិតា និងសង្គមទាំងមូលយកចិត្តទុកដាក់ខ្ពស់លើសុវត្ថិភាព និងគោរពច្បាប់ចរាចរណ៍ ដើម្បីការពារជីវិត និងអនាគតរបស់យើងទាំងអស់គ្នា។