សន្ទុះ​ភ្ញៀវទេសចរបរទេសនៅកម្ពុជា​កំពុង​ធ្លាក់ចុះ

ប្រាក់ចំណូលពីវិស័យទេសចរណ៍កាលពីឆ្នាំ២០២៥កន្លងទៅនេះ ត្រូវបានស្ថាប័នផ្លូវការមួយបានអះអាងថា មិនមានការធ្លាក់ចុះឡើយបើទោះបីជាភ្ញៀវទេសចរ​បរទេសដែលមកលេងកំសាន្តនៅកម្ពុជាមានការធ្លាក់ចុះក៏ដោយចុះ។ តែ​ទោះជា​យ៉ាងនេះ​ក្តី យើង​ជា​ពលរដ្ឋក៏​សូមប្រឹង ប្រយ័ត្នវាធ្លាក់ទាំងពីរ។

របាយការណ៍របស់ធនាគារជាតិកម្ពុជា ដែលបានចេញកាលពីចុងសប្តាហ៍មុនបានឲ្យដឹងថា ទំហំប្រាក់ចំណូលពីវិស័យទេសចរណ៍កម្ពុជាទាំងមូលនៅរកបានពេញមួយឆ្នាំគឺប្រមាណជា ៣,៧ ពាន់លានដុល្លារ ខណៈដែលភ្ញៀវទេសចរបរទេស មកលេងកំសាន្តនៅកម្ពុជាធ្លាក់ចុះប្រមាណជា១៦,៩ភាគរយនៅត្រឹម ប្រមាណជា ៥,៦ លាននាក់ ។

ប្រភពដដែលនេះបានឲ្យដឹងថា ទំហំប្រាក់ចំណូលពីវិស័យទេសចរណ៍កម្ពុជាត្រូវបានគេដឹងថា គឺនៅតែមានកំណើន គ្រាន់តែកើនឡើងតិចតួចជាមួយនឹងកំណើនត្រឹមរង្វង់៣ភាគរយប៉ុណ្ណោះ ។ ប្រាក់ចំណូលពីវិស័យទេសចរណ៍នៅរក្សាកំណើននេះ អាចដោយសារតែសន្ទុះនៃចរន្តទេសចរនៅក្នុងស្រុក ដែលមានចំនួនសរុបប្រមាណជា ២៥,២ លាននាក់ ជាមួយនឹងកំណើនប្រមាណជា ១១,៧ភាគរយ ។

ដោយសារតែបញ្ហាអរិភាពព្រំដែន ភាពមិនច្បាស់លាស់នៃស្ថានភាពសេដ្ឋកិច្ចពិភពលោក ការតានតឹងនៃការប្រកួតប្រជែងខាងភូមិសាស្រ្តនយោបាយ ក៏ដូចជាបញ្ហាឧក្រិដ្ឋកម្មអនឡាញ ​បានធ្វើឲ្យវិស័យទេសចរណ៍កម្ពុជាធ្លាក់នៅក្នុងស្ថានភាពបែបនេះ ដូច្នេះដើម្បីស្តារស្ថានការណ៍នៅក្នុងឆ្នាំ២០២៦នេះ កម្ពុជា​ចាំបាច់ត្រូវតែខិតខំស្តារនិងដោះស្រាយបញ្ហា ។

យើងដឹងថា ការស្តារមិនមែនជារឿងងាយស្រួលនោះទេ ប៉ុន្តែយើងចាំបាច់ត្រូវតែខិតខំប្រឹងប្រែង ហើយជួយគ្នានៅក្នុងាការផ្សព្វផ្សាយតាមគ្រប់មធ្យោបាយដើម្បីព្យាយាមទាក់ទាញឲ្យគេយល់ពីស្ថានភាពពិតដែលកើតមាននៅក្នុងប្រទេសកម្ពុជាយើង ។ សព្វថ្ងៃនេះ ច្រកសម្រាប់ទាក់ទាញយើងអាចនៅមានក្តីសង្ឃឹមពីភ្ញៀវទេសចមកពីបច្ចឹមប្រទេស ដូចជាសហរដ្ឋអាមេរិក និង​អឺរ៉ុបជាដើម ។

ក្រសួងទេសចរណ៍បានអះអាងថា ភ្ញៀវទេសចរពីបណ្តាប្រទេសនៅអឺរ៉ុបនិងអាមេរិកបាននាំគ្នាមកកំសាន្តនៅកម្ពុជាបានជាង៨៩ម៉ឺននាក់។ ភ្ញៀវទេសចរអាមេរិកនៅលំដាប់ទី៤​ ជាមួយនឹងភ្ញៀវសរុប ២០៦.៧៩១ នាក់ ថយចុះ ៣,៦ភាគរយ ប៉ុន្តែសម្រាប់អឺរ៉ុបវិញ គឺមានចំនួន៦៨៤.៣៨៦ នាក់ កើនឡើងប្រមាណជា ៣,២ភាគរយ ។

សរុបមកវិញយើងដឹងថា យើងពិបាក ប៉ុន្តែសូមកុំយកការលំបាកនេះមកដាក់មុខ ហើយត្រូវតែប្រឹងប្រែងនិងទាក់ទាញភ្ញៀវទេសចរឲ្យមកលេងកម្ពុជា ដោយសារតែពេលនេះមធ្យោបាយនៅក្នុងការ ផ្សព្វផ្សាយគឺមានទូលំទូលាយ ហើយច្រកដែលតភ្ជាប់កម្ពុជាក៏មានច្រើនផងដែរ ។ សូមប្រឹង កុំផ្អៀងផ្អងតាមស្ថានការណ៍ ! ការខិតខំប្រឹងប្រែងហើយធ្វើការរួមគ្នាក្រោមស្មារតីតែមួយយើងពិតជាអាចនឹង អាចហែលឆ្លងការលំបាកនៅពេលនេះបាន៕

Daily Program

Livesteam thumbnail