សណ្តាប់ធ្នាប់និងការរៀបចំគួរពង្រឹងបន្ថែមនៅអាកាសយានដ្ឋានអន្តរជាតិតេជោ
ដើម្បីឲ្យអាកាសយានដ្ឋានអន្តរជាតិតេជោកាន់តែប្រសើរហើយជាច្រកទ្វារថ្មីរបស់កម្ពុជាឆ្ពោះទៅកាន់ពិភពលោកស្ថានភាពនិងបញ្ហាសណ្តាប់ធ្នាប់នៃសេវាកម្មជាពិសេសគឺ មធ្យោបាយដឹកជញ្ជូនគួរតែរៀបចំឲ្យច្បាស់លាស់និងមានស្ថានភាពប្រសើរជាងមុន ។
អាកាសយានដ្ឋានអន្តរជាតិតេជោវាពិតជាធំនិងទំនើបហើយទទួលបានការកោតសរសើរ ពីមតិសាធារណៈនៅក្នុងស្រុកនិងបរទេសជាបន្តបន្ទាប់ ប៉ុន្តែប្រសិនបើមានការរៀបចំសណ្តាប់ធ្នាប់និងដោះស្រាយបញ្ហាអសកម្មមួយចំនួន វាអាចកាន់តែប្រសើរបន្ថែមទៀត ។
មកដល់ពេលនេះអាកាសយានដ្ឋានអន្តរជាតិតេជោគឺមានសភាពធំទូលាយ ផាសុខភាព បង្គន់អនាម័យ និង ស្តង់ដាសុវត្ថិភាពផ្សេងៗ ប៉ុន្តែបញ្ហាអសកម្មខ្លះកំពុងកើតមាន ពោលគឺការដឹកជញ្ជូន ។
អាកាសយានដ្ឋាននេះវានៅឆ្ងាយ ដូច្នេះសេវាដឹកជញ្ជូនពីអាកាសយានដ្ឋាននេះមកទីក្រុងគឺថ្លៃ ។ នៅពេលនេះសេវារថយន្តក្រុងគឺប្រសើរហើយថោកបំផុត គឺត្រឹមតែ ១.៥០០ រៀលប៉ុណ្ណោះ ប៉ុន្តែវាមានបញ្ហាត្រង់ម៉ោងពេលកំណត់មិនបាន ។ បញ្ហាមួយទៀត ប្រសិនគឺថា ប្រសិនបើអ្នកមិនដែលមកបើចង់ធ្វើដំណើរតាមរថយន្តក្រុងសាធារណៈ គឺពិបាករក ។
បញ្ហានេះវាអាចដោយសារតែស្លាកសញ្ញា ឫ កន្លែងចំណត់រថយន្តក្រុងសាធារណៈនេះ ទៀតសោតមិនមានផ្លាកសញ្ញាបង្ហាញផ្លូវប្រាប់អ្នកដំណើរនៅពេលដែលពួកគេចេញពី អាកាសយានដ្ឋានឡើយ ។
ម្យ៉ាងវិញទៀតដែលជាចំណុចសណ្តាប់ធ្នាប់និងសន្តិសុខដែរនោះ គឺទិដ្ឋភាពហាក់ដូចជា ចាប់ម៉ូយតាក់ស៊ីរញ៉េរញ៉ៃមិនមានសុវត្ថិភាព ហើយក៏អាចថ្នាំងថ្នាក់នឹងអ្នកដំណើរផងដែរ ។
ក្រៅពីរថយន្តក្រុង និង តាក់ស៊ីនៅក្នុងព្រលានស្រាប់ អាកាសយានដ្ឋានអន្តរជាតិតេជោគួរតែមានបើកផ្លូវនិងផ្តល់ជម្រើសផ្សេងៗ ដូចជាក្រុមហ៊ុនដឹកជញ្ជូនតាម App ដើម្បីផ្តល់ជម្រើសដល់អ្នកដំណើរ ។ នៅខាងអាកាសយានដ្ឋានចាស់ ចំណុចនេះគឺឃើញរលូន ប៉ុន្តែនៅអាកាសយានដ្ឋាន ថ្មីនេះ គឺហាក់មិនទាន់រៀបចំនៅឡើយ ។
សរុបទៅដើម្បីឱ្យអាកាសយានដ្ឋាននេះអាចបំពេញតួនាទីជាមជ្ឈមណ្ឌលដឹកជញ្ជូនអន្តរជាតិប្រកបដោយប្រសិទ្ធភាព ការរៀបចំប្រព័ន្ធដឹកជញ្ជូន និងសណ្តាប់ធ្នាប់សេវាកម្មនៅជុំវិញអាកាសយានដ្ឋានត្រូវការការកែលម្អបន្ថែម។ បញ្ហាដូចជា ការខ្វះស្លាកសញ្ញាបង្ហាញផ្លូវទៅកាន់រថយន្តក្រុងសាធារណៈ ការមិនច្បាស់លាស់នៃម៉ោងដំណើរការ ការចាប់ម៉ូយតាក់ស៊ីដោយគ្មានសណ្តាប់ធ្នាប់ និងការខ្វះជម្រើសសេវាដឹកជញ្ជូនតាម App អាចប៉ះពាល់ដល់បទពិសោធន៍ និងទំនុកចិត្តរបស់អ្នកដំណើរ។ ដូចនេះ អាជ្ញាធរ និងភាគីពាក់ព័ន្ធគួរពន្លឿនការរៀបចំប្រព័ន្ធដឹកជញ្ជូនឱ្យមានភាពច្បាស់លាស់ សុវត្ថិភាព និងងាយស្រួលប្រើប្រាស់ជាងមុន ដោយបង្កើនស្លាកសញ្ញាណែនាំ រៀបចំតំបន់រង់ចាំ និងជិះយានជំនិះឱ្យមានសណ្តាប់ធ្នាប់ ព្រមទាំងអនុញ្ញាតឱ្យមានជម្រើសដឹកជញ្ជូនចម្រុះ។ ប្រសិនបើចំណុចទាំងនេះត្រូវបានដោះស្រាយ អាកាសយានដ្ឋានអន្តរជាតិតេជោនឹងមិនត្រឹមតែជាព្រលានយន្តហោះទំនើបប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចក្លាយជាច្រកទ្វារដ៏មានប្រសិទ្ធភាព និងគួរឱ្យទុកចិត្តសម្រាប់កម្ពុជាឆ្ពោះទៅកាន់ពិភពលោកផងដែរ។