សង្ឃឹមថា ការប្រមូលធាតុចូលលើសេចក្តីព្រាងគោលនយោបាយកាត់បន្ថយបញ្ហាជំងឺផ្លូវចិត្តនឹងបើកចំហរ

វាពិតជារីករាយណាស់នៅពេលដែលទទួលព័ត៌មានដ៏វិជ្ជមានថា ក្រសួងសុខាភិបាលនៃកម្ពុជាបានកំពុងតែរៀបចំនូវសេចក្តីព្រាងគោលនយោបាយសុខភាពសាធារណៈ លើប្រធានបទការកាត់បន្ថយបញ្ហាជំងឺផ្លូវចិត្ត។

នេះគឺជាការអះអាង​ចំចំណុចរស៊ើបមួយដែលកំពុងតែកើតនៅក្នុងសង្គមកម្ពុជា ពីព្រោះក​ម្ពុជាកំពុងតែមានកំណើនលើបញ្ហានេះខ្លាំង។ ថ្មីៗនេះក្រសួងក៏បានកត់ត្រាពីចំនួនអ្នកជំងឺផ្លូវចិត្ត ដែល​ស្វែងរកការពិនិត្យ និង​ព្យាបាល កាលពីឆ្នាំ២០២៥គឺមានជិត​ ៣៩ម៉ឺនករណី កើនជិត៣៨ភាគរយ ធៀប​នឹង​ឆ្នាំ២០២៤ ដែលជាកំណើនដ៏គួរបារម្ភ។

នៅក្នុងនាមជាកោសិកាសង្គមមួយដែលបានយកចិត្តទុកដាក់លើបញ្ហាជំងឺផ្លូវចិត្តនេះ យើងខ្ញុំពិតជាសោមនស្សមែនទែននឹងព័ត៌មានដែលថា ក្រសួងសុខាភិបាលថ្មីៗនេះបានរៀបចំកិច្ចប្រជុំពិភាក្សាមួយដើម្បីប្រមូលធាតុចូលសម្រាប់ការរៀបចំអនុសាសន៍គោលនយោបាយសុខភាពសាធារណៈ សំដៅកាត់បន្ថយបញ្ហាជំងឺផ្លូវចិត្តនេះ។

កិច្ចប្រជុំប្រមូលធាតុចូលនេះ គឺធ្វើត្រឹមកម្រិតថ្នាក់ដឹកនាំអន្តរក្រសួងនៅឡើយទេ ប៉ុន្តែដើម្បីឲ្យវាសុក្រិត ហើយគោលនយោបាយនោះដាក់ទៅចំបញ្ហាពិតប្រាកដ យើងខ្ញុំគិតថា ការប្រមូលធាតុចូលគួរតែបើកទូលាយឲ្យស្ថាប័នពាក់ព័ន្ធចូលរួម។ ក្រៅពីនោះតំណាងប្រជាពលរដ្ឋឬអ្នកដែលធ្លាប់តែមានបញ្ហាផ្លូវចិត្តនេះ មកពាក់ព័ន្ធក៏ជាចំណុចមួយដែលយើងគួររិះគិតដែរ ដើម្បីអោយគោលនយោបាយដែលកំពុងតែពង្រាងឡើងនោះ គ្រោង​នឹង​​អនុម័តប្រើប្រាស់ផ្លូវការទៅនោះ ឆ្លើយតបពិតប្រាកដចំពោះបញ្ហាជំងឺផ្លូវចិត្ត ដែលជាបញ្ហាសង្គមកំពុងតែយកចិត្តទុកដាក់។

ការចូលរួមនិងប្រមូលធាតុចូលពីតំណាងសហគមន៍ និង ពីអ្នកដែលពាក់ព័ន្ធហើយធ្លាប់ទទួលវិបត្តិនោះផ្ទាល់ក៏ជាចំណុចមួយសំខាន់ផងដែរ ពីព្រោះពួកគេគឺជាសក្ខីកម្មច្បាស់ៗបញ្ជាក់បញ្ហាពិតប្រាកដនៃគ្រោះថ្នាក់ដែលបណ្តាលមកពីជំងឺផ្លូវចិត្តនេះ​។​

ជំងឺផ្លូវចិត្តនេះ ជាជំងឺសង្គមនិងសុខភាពធ្ងន់ធ្ងរ ហើយជាហានិភ័យនៃសង្គមមួយ ប្រសិនបើយើងប្រមូលធាតុចូលពីបញ្ហាពាក់ព័ន្ធដែលមិនពេញលេញ ខ្វះនេះខ្វះនោះ នាំឲ្យមានបញ្ហាឆកល្វែងដោះស្រាយបញ្ហាដែលយើងដាក់ចេញទៅនោះមិនត្រឹមត្រូវ។

សរុបទៅការរៀបចំសេចក្តីព្រាងគោលនយោបាយសុខភាពសាធារណៈ ស្តីពីការកាត់បន្ថយបញ្ហាជំងឺផ្លូវចិត្ត គឺជាជំហានវិជ្ជមាន និងទាន់ពេលវេលាសម្រាប់សង្គមកម្ពុជា។ ទោះយ៉ាងណា ដើម្បីឲ្យគោលនយោបាយនេះមានប្រសិទ្ធភាព និងឆ្លើយតបត្រឹមត្រូវចំពោះបញ្ហាពិតប្រាកដ ការប្រមូលធាតុចូលគួរត្រូវបានពង្រីកឲ្យទូលំទូលាយ រួមបញ្ចូលទាំងស្ថាប័នពាក់ព័ន្ធ អង្គការសង្គមស៊ីវិល អ្នកជំនាញវិជ្ជាជីវៈ និងជាពិសេសអ្នកដែលធ្លាប់ប្រឈមមុខនឹងបញ្ហាសុខភាពផ្លូវចិត្តដោយផ្ទាល់។ ការចូលរួមរបស់ភាគីទាំងនេះនឹងជួយធានាថា គោលនយោបាយដែលត្រូវអនុម័តនាពេលខាងមុខ មិនត្រឹមតែមានលក្ខណៈគ្រប់ជ្រុងជ្រោយប៉ុណ្ណោះទេ ប៉ុន្តែអាចអនុវត្តបានជាក់ស្តែង និងផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋទាំងមូល៕

 

Daily Program

Livesteam thumbnail