រឿងដែលខ្មែរ ចាំបាច់ត្រូវតែដឹងហើយត្រូវតវ៉ាដល់ទីបំផុត !

រឿងប្រវត្តិសាស្រ្តគឺជារឿងមួយដែលកន្លងទៅ ប៉ុន្តែរឿងបច្ចុប្បន្នដាច់ខាតគឺជារឿង ដែលយើងត្រូវតែតវ៉ាដល់ទីបំផុត ហើយត្រូវតែអភិវឌ្ឈន៍ខ្លួនយើងដើម្បីការពារដែនអធិបតេយ្យភាពរបស់យើង​ឲ្យរឹងមាំ។

តាមសេចក្តីថ្លែងការរបស់ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា ថៃបានប្រើប្រាស់ប្រតិបត្តិការយោធាទ្រង់ទ្រាយធំចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២៥ ធ្វើ ប្រតិបត្តិការយោធាដែលបានគិតទុកជាមុននិងជាប្រព័ន្ធលើទីតាំងជាច្រើនតាមបណ្តោយព្រំដែន ដែលមានការទទួលស្គាល់ជាអន្តរជាតិ ដោយវាយសំរុកចូលទន្រ្ទាន កាន់កាប់ និង​ឈរជើង គ្រប់គ្រងជាក់ស្តែងលើតំបន់នានា ដែលស្ថិតយ៉ាងជាក់ច្បាស់ក្នុងទឹកដីនៃកម្ពុជា ។

តំបន់ដែលថៃបានកំពុងតែកាន់កាប់ដោយខុសច្បាប់ទាំងនោះគឺរួមមាន ១៤ទីតាំង ដោយនៅក្នុងនោះនៅខេត្តបន្ទាយមានជ័យមានបី គឺ ភូមិព្រៃចាន់ ភូមិជោគជ័យ និង តំបន់បឹងត្រកូន ។ នៅខេត្តពោធិ៍សាត់គឺមានពីរទីតាំងគឺ តំបន់ភ្លុកដំរី ច្រកអន្តរជាតិថ្មដា ឫច្រកជ័យជំនៈ ។ នៅខេត្តព្រះវិហារមានបីទីតាំងគឺនៅតំបន់អានសេះ តំបន់តាថាវ និង តំបន់ភ្នំទ្រព្យ ។ ហើយខេត្តឧត្តរមានជ័យគឺមាន ៦ទីតាំងដែលរួមមាន តំបន់អូស្មាច់ ប្រាសាទខ្នា ប្រាសាទតាក្របី ប្រាសាទតាមាន់ធំ តំបន់ជប់អង្គុញ និង តំបន់ចូលគ្រួស ។​

តាមកំណត់ត្រា កងទ័ពថៃនៅពេលនេះបានកំពុងតែបង្កើនការវាយកម្ទេចហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និង វប្បធម៌របស់កម្ពុជា ជាពិសេសគឺនៅភូមិព្រៃចាន់ ជោគជ័យ  តំបន់បឹងត្រកួន និង តំបន់ច្រកទ្វារអន្តរជាតិថ្មដា។

ក្រសួងការបរទេសបានអះអាងថា ការកាន់កាប់ទឹកដីកម្ពុជាដោយកងទ័ពថៃក្រោយបទឈប់បាញ់ ហើយបន្ទាប់មកវាយបំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋ និង ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរបស់កម្ពុជា ហើយបានបន្តបិទសិទ្ធជនស៊ីវិលភៀសសឹកកម្ពុជាជាច្រើនមិនឲ្យវិលត្រឡប់ទៅលំនៅស្ថានរបស់គេវិញ គឺជាការរំលោភច្បាប់អន្តរជាតិ ក៏ដូចជាច្បាប់មនុស្សធម៌ និង ច្បាប់សិទ្ធិមនុស្សអន្តជាតិ ។​

ផ្អែកតាមច្បាប់អន្តរជាតិ និង ឯកសារដែលមាន អ្វីដែលថៃបានកំពុងតែធ្វើគឺជាករណីរំលោភដ៏កម្រោល ដែលយើងទាំងអស់គ្នាមិនអាចទទួលស្គាល់បានឡើយ ហើយត្រូវតែចាំនិងទាមទារយកមកវិញ នូវអ្វីដែលជាសិទ្ធិ និង​អ្វីដែលជាដែនអធិបតេយ្យភាពរបស់កម្ពុជា ។​

នៅក្នុងនាមជាខ្មែរយើងត្រូវតែរួបរួមគ្នាជាធ្លុងមួយនៅក្នុងនាមជាមហាគ្រួសារខ្មែរ ត្រូវតែទាមទារតំបន់ដែលថៃបានកំពុងតែរំលោភបំពេញ ទន្រ្ទានកាន់កាប់ដោយខុសច្បាប់ទាំងនេះ ទោះជាត្រូវចំណាយពេល និង តាមគ្រប់យន្តការ ​។ យើងមិនអាចទទួលស្គាល់នូវអ្វីដែលថៃបានរំលោភបំពានដែន អធិបតេយ្យភាពយើងនេះជំនាន់បានឡើយ៕

 

 

 

 

 

 

 

 

 

 

 

Daily Program

Livesteam thumbnail