រាត្រីឆ្លងឆ្នាំ ចូរយើងអធិដ្ឋានដើម្បីសន្តិភាព និង ឯកភាពជាតិ !
ព្រឹត្តិការណ៍ឆ្លងឆ្នាំថ្មីនៅរាត្រីថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២៦ ឈានចូលថ្ងៃទី០១ ខែមករា ឆ្នាំ២០២៦ សូមប្តូរពីសកម្មភាពអបអររីករាយដោយការបាញ់កាំជ្រួច និង ការហូបចុកសប្បាយក្អាកក្អាយមកជាការអធិដ្ឋានដើម្បីសន្តិភាព ពង្រឹងមូលដ្ឋាននៃឯកភាពជាតិ និង កសាងគោលជំហរសាមគ្គីនិងការពារជាតិយើងវិញ។
ជាងពាក់កណ្តលឆ្នាំនៃឆ្នាំ២០២៥ កម្ពុជាយើងបានឆ្លងកាត់ដំណាក់កាលនៃវិបត្តិជម្លោះព្រំដែនដ៏ដានតឹងនិងបង្ហូរឈាមដល់ទៅ២ដង ហើយជាពិសេសនៅមុនពេលស្ងប់ស្ងាត់ក្រោមបទឈប់បាញ់ដែលចុះហត្ថលេខាកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក្រៅពីបាត់បង់ជីវិតបងប្អូនវីរកងទ័ពជួរមុខដែលប្រឈមមុខផ្ទាល់នឹងការប៉ះទង្គិចជាមួយនឹងថៃ ជនស៊ីវិល៣២ នាក់ បានបាត់បង់ជីវិត របួសជិត១០០ នាក់ហើយជនភៀសសឹកមានរហូតដល់ទៅជាង៦០ ម៉ឺននាក់។
ក្រោមបទឈប់បាញ់ដែលកំពុងតែអនុវត្តយ៉ាងផុយស្រួយ ហើយភាគីថៃនៅតែបន្តចោទប្រកាន់ដោយមិនមានភស្តុតាង យើងសង្ឃឹមថា យើងនឹងឆ្លងឆ្នាំចាស់បោះជំហានចូលឆ្នាំថ្មីជាមួយនឹងសន្តិភាពជារៀងរហូតទៅចុះ។
យើងខ្ញុំសូមអធិដ្ឋាននិងទូលអង្វរព្រះជាម្ចាស់សូមអោយយើងទាំងអស់គ្នាអាចគេចផុតពីការប៉ះទង្គិចជាថ្មី ហើយជម្លោះនិងអរិភាពត្រូវបានបញ្ចប់ដោយការសន្ទនា ក្រោមច្បាប់អន្តរជាតិ រួចឈានទៅរកការស្ថាបនានិងស្តារប្រក្រតីភាពនៃទំនាក់ទំនងរបស់ប្រទេសទាំងពីរ ។
សន្តិភាពពិតជាមានតម្លៃណាស់ ហើយមានតែសន្តិភាពទេ ដែលជាប្រភពនៃការរីកចំរើនការអភិវឌ្ឈន៍ និង វឌ្ឍនភាពនៃសង្គម ប៉ុន្តែប្រសិនបើភាគីទំាងពីរនៅតែបន្តអរិភាព ហើយជម្លោះមិនត្រូវបានដោះស្រាយដោយសន្តិវិធី អ្វីដែលប្រជាជនស្លូតត្រង់នៅក្នុងប្រទេសទាំងពីរនឹងជួបប្រទះគឺមានតែចាញ់ហើយនិងចាញ់ហើយអ្វីដែលជាសំណល់នៃបញ្ហានេះ គឺមានតែមហន្តរាយនៃសង្រ្គាម ទាំងសងខាងប៉ុណ្ណោះ។
តាមបន្ទូលរបស់សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ និង សម្តេចប៉ាបឡេអូទី១៤ សង្រ្គាមគឺមានតែលទ្ធផលតែមួយទេសម្រាប់ភាគីជម្លោះ នោះគឺគ្មានអ្នកឈ្នះឡើយ ហើយអ្នកដែលវេទនាបំផុតគឺជីវិតយោធា ជនស៊ីវិល ព្រមទាំងអ្នកដែលពាក់ព័ន្ធនឹងសង្រ្គាមនេះ។
សរុបទៅយើងសង្ឃឹមថា កម្ពុជានិងថៃនឹងអាចបង្កើនការសន្ទនាគ្នាហើយឈានឆ្ពោះទៅរកការបញ្ចប់អរិភាពនៅតាមព្រំដែនទាំងសងខាង ហើយយើងក៏សូមអធិដ្ឋានឲ្យគ្រប់គ្នាឈប់រិះគិតនូវទស្សនៈដែលមានលក្ខណៈជាតិនិយមជ្រុល។ សន្តិភាពសំខាន់ណាស់ ហើយគឺជាកត្តាលីករនៃការអភិវឌ្ឈន៍ សូមកុំប្រើប្រាស់សង្រ្គាមគឺជាមូលដ្ឋាននៃការឈានទៅរកអំណាច៕