យើងត្រូវតែរួបគ្នាបង្កើនផលិតផលនាំចេញឲ្យបានច្រើនមុខបន្ថែមទៀត!

កម្ពុជាដែលធ្លាប់នាំចេញផលិតផលឧស្សាហកម្មតែមួយប្រភេទកាលពីជាង២ទស្សវត្សរ៍មុននោះ នៅពេលនេះកំពុងរើខ្លួនហើយនាំចេញផលិតផលឧស្សាហកម្មចម្រុះទៅកាន់ទីផ្សារច្រើនហើយ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយផលិតផលនៅមានកម្រិតនៅឡើយដែលយើងគួរតែពួតដៃគ្នាពង្រីកទីផ្សារ និងបង្កើនផលិតផលផ្សេងៗឲ្យបានកាន់តែច្រើនបន្ថែមទៀត ។

កាលពីឆ្នាំ២០២៥កន្លងទៅកម្ពុជាអាចនាំចេញសរុបមានតម្លៃប្រមាណជា ៣១,២៨ ពាន់លានដុល្លារ ផលិផលសំខាន់ៗគឺមានប្រមាណជា ២៨ មុខ គឺពិតជាច្រើនបើធៀបនឹងពីមុនមកមែន ប៉ុន្តែបើធៀបនឹងប្រទេសផ្សេងៗផលិតផលរបស់យើងនៅតិចមុខនៅឡើយទេនៅពេលនេះ ។

ផលិតផលភាគច្រើនដែលផលិតនៅស្រុកយើងនាំចេញ មួយចំនួន​ធំ​ជា​ផលិតផលកសិកម្មដែល​ជាវត្ថុធាតុដើម ហើយបើឧស្សាហកម្មគឺជាឧស្សាហកម្មធុនស្រាល ផ្នែកវាយនភណ្ឌ  ខណៈដែលផលិតផលឧស្សាហកម្មផ្សេងទៀតគឺមានមិនច្រើនមុខប៉ុន្មានឡើយ ។

ផលិតផលទាំងនោះមានដូចជា​សំបកកង់ កង់  ខ្សែភ្លើងនិងគ្រឿងបង្គំខ្សែភ្លើង គ្រឿងបន្លាសរថយន្ត គ្រឿងបន្លាស់កង់ បន្ទះសូឡា និង គ្រឿងបង្គំអេឡិចត្រូនិកខ្លះៗ។

ជាមួយនឹងអ្វីដែលសម្រេចបាននេះ  លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអះអាងកាលពីថ្ងៃទី​០៩ ខែមករា ឆ្នាំ២០២៦ ក្នុងពិធីបិទសន្និបាតក្រសួងពាណិជ្ជកម្មថា កម្ពុជាបានឈានចេញ​ពី​​ប្រទេសដែលពឹងផ្អែកលើ​ឧស្សាហកម្មសម្លៀកបំពាក់ ទៅជាប្រទេសដែលមានមូលដ្ឋានផលិតនាំចេញចម្រុះ។

ក្នុងឱកាសនោះដែរ លោក ឧបនាយករដ្ឋមន្ត្រី បានបន្តទៀតថា ដើម្បីជំរុញកំណើនសេដ្ឋកិច្ចនិងកសាងមូលដ្ឋានផលិតកម្មនាំចេញផលិតផលទៅកាន់ទីផ្សារអន្តរជាតិកាន់តែទូលំទូលាយថែមទៀតនោះ កម្ពុជាគួរតែ ពង្រីកទីផ្សារនាំចេញដោយបន្តអនុវត្តអភិក្រមរក្សាទីផ្សារចាស់ពង្រីកទីផ្សារថ្មី ពង្រឹងឌីជីថលូបនីយកម្មសេវាសាធារណៈ ពង្រឹងអភិបាលកិច្ចនិងកិច្ចការពារអ្នកប្រើប្រាស់ លើកកម្ពស់ផលិតផលក្នុងស្រុក ទាក់ទាញការវិនិយោគលើឧស្សាហកម្មគាំទ្រនានា ត្រៀមខ្លួនរៀបចំយុទ្ធសាស្ត្រសម្រាប់ការចាកចេញពីស្ថានភាពប្រទេសអភិវឌ្ឍន៍តិចតួច (LDC)ជាដើម ។

សរុបទៅផ្អែកតាមប្រសាសន៍របស់មន្រ្តីជំនាញ និង​ផ្អែកតាមស្ថិតិដែលក្រសួងពាណិជ្ជកម្មបានប្រកាស វឌ្ឈនភាពនៃវិស័យពាណិជ្ជកម្មកម្ពុជាគឺពិតជាមានកំណើននិងមានលក្ខណៈវិជ្ជមានចំពោះប្រទេស ប៉ុន្តែយើងមិនត្រូវស្កប់ស្កល់នឹងអ្វីដែលយើងអាចធ្វើបាននៅពេលនេះទេ គឺយើងគួរតែបន្តខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាធ្វើពិពិធកម្មផលិតផលចេញពីវត្ថុធាតុដើមដែលយើងមាន ដោយជំរុញការកែច្នៃ ហើយរកទីផ្សារនាំចេញដើម្បីបង្កើតតម្លៃបន្ថែមចូលជាតិ និង បង្កើតការងារធ្វើក៏ដូចជាប្រាក់ចំណូលជួនពលរដ្ឋនៃយើង ។ សូមបន្តខិតខំទាំងអស់គ្នាក្រោមស្មារតីនៃការខិតខំ កុំខំតែមាត់ ហើយធាតុពិតយកតែលេសនេះលេសនោះសំអាង៕

Daily Program

Livesteam thumbnail