ពេទ្យយើងឥឡូវមិនអន់ទេ ឧបករណ៍ទំនើបៗគ្រាន់បើក !
តាមការផ្សព្វនៅលើបណ្តាញសង្គមរបស់មន្ទីរពេទ្យធំៗដោយផ្ទាល់ យើងឃើញថា បណ្តាមន្ទីរពេទ្យនៅក្នុងប្រទេសយើងឥឡូវនេះ មានឧបករណ៍វេជ្ជសាស្រ្តទំនើបៗមិនជាអន់ជាងបណ្តាប្រទេសជិតខាងយើង នោះទេ ដូច្នេះយើងទាំងអស់គ្នាគួរតែសាកល្បងទទួលយកសេវាសុខាភិបាលនៅក្នុងស្រុកយើង។
តាមការផ្សព្វផ្សាយសម្រាប់នៅមន្ទីរពេទ្យកាលម៉ែត្រដែលគេដឹងថា គឺជាមន្ទីរពេទ្យដែលធំហើយទំនើបនិងល្បីល្បាញជាងគេនៅកម្ពុជា គឺមានបំពាក់ឧបករណ៍ទំនើបៗច្រើនណាស់ ហើយនៅពេលនេះ ក៏បានកំពុងតែធ្វើទំនើបកម្មកម្មវិធីវេជ្ជសាស្រ្តនិងក្បួនតម្រាព្យាបាលជំងឺទំនើបៗផងដែរ ខណៈដែលពេលនេះថ្នាក់ដឹកនាំសំខាន់ៗខ្លះក៏បានទៅស្វែងរកសេវាកម្មព្យាបាលនៅមន្ទីរពេទ្យនេះជាបន្តបន្ទាប់ផងដែរ ។
ដោយឡែកបងប្អូនប្រជាពលរដ្ឋកន្លងមកក៏បានចែករំលែកជាបន្តបន្ទាប់ថា នៅមន្ទីរពេទ្យនេះក៏មានក្រុមគ្រូពេទ្យឯកទេសនិងឧបករណ៍ទំនើបដែលអាចដាក់បញ្ចូលរ៉ឺស័រទៅក្នុងសរសៃរឈាមបេះដូងដែលស្ទះដោយកំណកបានដូចប្រទេសជិតខាងដែរ។ ហើយអ្នកដែលស្វែងរកសេវាកម្មនេះ ឃើញថា គឺសូម្បីតែអ្នកដែលប្រើប័ណ្ណប.ស.ស ក៏បានផ្តល់ការព្យាបាលនិងការយកចិត្តទុកដាក់គួរសមដែរ ។
ថ្មីៗនេះនៅលើបណ្តាញសង្គមក៏មានការផ្សព្វផ្សាយថា នៅមន្ទីរពេទ្យនេះក៏មាន ឧបករណ៍ការវះកាត់ក្រពេញប្រូស្តាតដោយប្រើបច្ចេកវិទ្យាទំនើប HoLEP មួយ។ ក្រៅពីមន្ទីរពេទ្យថ្នាក់ជាតិនេះ នៅមន្ទីរពេទ្យផ្សេងៗក៏មានសេចក្តីរាយការណ៍អំពីការបំពាក់សំភារៈបច្ចេកទេសវេជ្ជសាស្រ្តទំនើបជាច្រើន ដូចជាករណីមន្ទីរពេទ្យហ្លូងម៉ែរ ដែលត្រូវបានរាជរដ្ឋាភិបាលរៀបចំឲ្យទៅជាមន្ទីរពេទ្យព្យាបាលឯកទេមហារីក ជាដើម។
មន្ទីរពេទ្យហ្លួងម៉ែ បានអះអាងថា នៅពេលនេះនៅមន្ទីរពេទ្យគឺមានទទួលព្យាបាលលើអ្នកជំងឺដែលមានបញ្ហា ដុំគីសទឹកធំមួយនៅនឹងថ្លើម ដោយបច្ចេកទេស ultrasound ដើម្បីនាំផ្លូវម្ជុលចាក់ចូលក្នុងគីស រួចបញ្ចូលសារជាតិអេតាណុល (ethanol) ដើម្បីកំទេចផ្ទៃខាងក្នុងគីស ។ ក្រៅពីនោះ មន្ទីរពេទ្យនោះក៏មានវិធីព្យាបាលនិងការការពារជំងឺមហារីកក្រពះពោះវៀនធំ ជាមួយការឆ្លុះក្រពះពោះវៀនធំ (Gastro-Colonoscopy) ដែលជាវិធីសាស្ត្រ មានប្រសិទ្ធភាពបំផុត មិនឈឺចាប់ មានសុវត្ថិភាព និងមិនត្រឹមសម្រាប់បង្ការ តែអាចរករោគវិនិច្ឆ័យច្បាស់លាស់ ព្រមទាំងមានសមត្ថភាពព្យាបាលកាត់ចេញបានទាន់ពេលវេលា នូវដុំសាច់ដំណាក់កាលមុនកើតមហារីក រឺ ដុំសាច់មហារីកដំណាក់កាលដំបូង តាមរយៈការឆ្លុះដោយមានជំនួយពីបច្ចេកវិទ្យាទំនើបដែលមានពន្លឺ NBI និង បច្ចេកវិទ្យា AI។
សព្វថ្ងៃនេះប្រព័ន្ធសុខាភិបាលនៅក្នុងស្រុកយើងមានការរីកចំរើនជាងមុន ហើយឥរិយាបទនិងសីលធម៌ក្រុមគ្រូពេទ្យនៅក្នុងស្រុកយើងក៏មានលក្ខណៈប្រសើរជាងមុនដែរ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ រឿងដែលនៅសេសសល់ ក៏នៅមានខ្លះៗករណីដូចជា ទម្លាប់ប្រើប្រាស់ថ្នាំខ្លាំងៗ និង ថ្លៃ ការប្រើប្រាស់ថ្នាំផ្សះច្រើន ហើយគ្រូពេទ្យនិងវេជ្ជបណ្ឌិតខ្លះហាក់ធ្វើការមិនពេញដៃមិនពេញជើងដើយប្រញាប់ទៅ ធ្វើការក្រៅ ឫ ទៅគ្លីនិកឯកជនរបស់ខ្លួនជាដើម ។
សរុបទៅប្រសិនបើក្រុមគ្រូពេទ្យនិងបុគ្គលិកសុខាភិបាលយើងខំប្រឹងលុបបំបាត់ចំណុចអិវជ្ជមានបន្ថែមទៀត ហើយប្រជាពលរដ្ឋយើងសាកល្បងប្រើប្រាស់សេវាកម្មសុខាភិបាលនៅក្នុងស្រុកយើង និង ដាក់ចិត្តដាក់កាយនិងទំនុកចិត្តបន្ថែមបន្តិចទៀត យើងគិតថា វិស័យសុខាភិបាលយើងនឹងកាន់តែប្រសើរហើយយើងពិតជាអាចនឹងកាត់បន្ថយការពឹងផ្អែកខ្លំាងពេកទៅលើ សេវាកម្ម សុខាភិបាលនៅប្រទេសជិតខាងនោះ យើងក៏សន្សំបានការចំណាយបន្តិច ហើយជាតិក៏រកចំណូលបានបន្ថែមមួយកម្រិតទៀតដែរ៕