ពួកស្កែមបែកសំបុកហើយ ដូច្នេះសូមប្រុងប្រយ័ត្នជាពិសេសអ្នកមានផ្ទះជួល
នៅពេលនេះបណ្តាញឧក្រិដ្ឋកម្មស្កែមអនឡាញត្រូវបានអាជ្ញាធរកម្ពុជាបំបែកសំបុក របស់វាជាបន្តបន្ទាប់ ហើយខ្លះត្រូវបានចាប់ខ្លួន ខ្លះត្រូវកាត់ទោស ហើយខ្លះក៏បាន វេចបង្វិចគេចចេញពីកម្ពុជាទៅកសាងបណ្តាញថ្មី ប៉ុន្តែប្រយ័ត្នក្រុមនេះបំបែកនៅក្នុងប្រទេស ហើយសម្ងំកសាងបណ្តាញជាថ្មីនៅតាម លំនៅស្ថានតូចៗតាមភូមិតាមស្រុក។
នៅក្នុងស្ថានភាពបែបនេះ បងប្អូនប្រជាពលរដ្ឋគួរតែមានការប្រុងប្រយ័ត្ន ពីព្រោះក្រុមនេះគឺជាក្រុមឧក្រិដ្ឋជន ហើយកុំចង់បានលុយរបស់ពួកគេ។ ការដែលយើងចង់ បានលុយពួកគេហើយព្យាយាមលាក់កំបាំងប្រសិនបើសមត្ថកិច្ចរកឃើញគឺប្រយ័ត្នមាន ពិរុទ្ធហើយអាចនឹងប្រឈមមុខនឹងការផាកពីន័យហើយអាចមានទោសទណ្ឌផងដែរ។
ពីមុន ក្រុមឧក្រិដ្ឋជននេះមានលុយ និង មានបណ្តាញធំ ពួកគេប្រមូលផ្តុំគ្នានៅតាមទីតាំងដូចជា បុរីប្រណិតៗ អគារខុនដូ អាផាតមិនធំៗ សណ្ឋាគារ និង អគារសហកម្មសិទ្ធិដែលមានការការពារហ្មត់ចត់ ប៉ុន្តែពេលនេះពួកគេបែកសំបុក ហើយអាចនឹងបំបែកជាក្រុមតូចៗ ហើយព្យាយាមសម្ងំលាក់ខ្លួនជាមួយនឹងពលរដ្ឋ ក្រោមរូបភាពជាអ្នករកស៊ីបន្តិចបន្តួច ...។ល។
សូមប្រុងប្រយ័ត្នណាបងប្អូន រាល់ការពាក់ព័ន្ធនឹងពួកគេដូចជាការជួលលំនៅស្ថាន ជួលអាជីវកម្ម ឲ្យពួកគេយើងអាចមានពិរុទ្ធពាក់ព័ន្ធមានទោសពៃដល់ខ្លួនទៀតផង។
នៅក្នុងស្ថានភាពដូចជាបច្ចុប្បន្ននេះ ប្រសិនបើបងប្អូនចង់ជួលគួរតែដឹងនិងស្គាល់ អត្តសញ្ញាត្រឹមត្រូវ ពោលគឺមានលិខិតឆ្លងដែន មានទិដ្ឋាការ។ ហើយបើពួកគេ ថាពួកគេជាអាជីវករគួរតែដឹងថា ពួកគេរកស៊ីអ្វី មានច្បាប់ទម្លាប់ដែរឬទេ ហើយសំខាន់គឺត្រូវរាយការណ៍ជូនសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាន។
នៅក្នុងករណីយើងផ្តល់ជម្រកដល់ពួកគេខុសច្បាប់ ម្ចាស់ទីតាំងជួលឱ្យជនបរទេសស្នាក់នៅធ្វេសប្រហែសខកខានមិនបំពេញកាតព្វកិច្ច រាយការណ៍អំពីការស្នាក់របស់ជនបរទេស ហើយមានបទល្មើសកើតឡើងនោះ នឹងត្រូវផាកពិន័យចំនួន៤លានរៀល សំរាប់ជនបរទេសម្នាក់ ដូច្នេះចុះបើច្រើននាក់ យើងមិនត្រូវរកផាកពិន័យក្រាស់ក្រែលទៅហើយ។
សរុបទៅនៅក្នុងស្ថានភាពបច្ចុប្បន្ន សូមកុំទទួល ឬផ្តល់ជំរកដល់ជនបរទេសខុសច្បាប់ ប្រយ័ត្នមានពិរុទ្ធនិងទុក្ខលំបាកដល់ខ្លួន។ បើមានពួកគេចង់ជួលចង់អី គឺដាច់ខាតត្រូវតែរាយការណ៍ ហើយមិនអាចចេះតែឃើញលុយហើយឲ្យសោរទៅគេចេញចូលស្នាក់នៅផ្តេសផ្តាស់គ្មានច្បាប់ទម្លាបដូចជាពីមុនបានឡើយ៕