ពលរដ្ឋកម្ពុជាគួរល្មមឈប់លង់នឹងការអន្ទងឲ្យខ្ចីបំណុល!

បំណុលវណ្ឌករគឺកាន់តែសំបូរជាពិសេសគឺបងប្អូនប្រជាពលរដ្ឋដែលយកខ្លួនទៅពាក់ព័ន្ធនឹងប្រភពនៃបំណុលក្រៅប្រព័ន្ធដែលតែងតែអន្ទងពលរដ្ឋតាមរយៈបណ្តាញសង្គម ឬក៏តាមទូរ​សព្ទ ជាមួយនឹងឯកសារងាយៗ ប៉ុន្តែអាចពិសពុល ហើយរំខានដល់អ្នកផ្សេងជាច្រើន។

សម្រាប់អ្នកដែលជាប់បំណុលនៅក្នុងប្រព័ន្ធគឺជារឿងមួយ ប៉ុន្តែជាទូទៅអ្នកជាប់បំណុលនៅក្នុងប្រព័ន្ធនៅពេលដែលមានបញ្ហា ឬក៏កូនបំណុលមានបញ្ហានៅក្នុងការសងគឺអាចយកច្បាប់​យកទម្លាប់មកដោះស្រាយ។ កូនបំណុលអាចមានពេលវេលាដកខ្យល់តស៊ូ ហើយជាទូទៅគឺមានការទុកពេលវេលាច្រើន​ទម្រាំពួកគេសម្រេចចិត្តចាត់វិធានការច្បាប់ទាំងនោះ ប៉ុន្តែប្រសិន​បើបំណុលនោះគឺអនុវត្តដោយក្រុមជនសង្គមងងឹតគឺដឹងតែយ៉ាប់​។​

ក្រុមនេះនៅពេលបច្ចុប្បន្នសំបូរណាស់ ហើយពួកគេមានក្រុមការងារដើរអន្ទងពលរដ្ឋឲ្យចូលនៅក្នុងអន្ទាក់របស់ពួកគេ ​សូម្បីតែអ្នកខ្លះដែលដំបូងឡើយមិនមានតម្រូវការនៅក្នុងការប្រើ កម្ចី​ក្រុមនេះសោះនោះ ក៏ពូកនេះអាចអូសទាញ បានដែរ។

ដំបូងឡើយពួកក្រុមនេះនិយាយពិរោះ ហើយលើកហេតុផលនេះហេតុផលនោះជាច្រើន ដើម្បីឲ្យពលរដ្ឋទទួលយកសេវាកម្មឥណទានក្រៅច្បាប់របស់ពួកគេ​ ហើយនៅពេលដែលពលរដ្ឋ ​ជ្រុ​លខ្លួនតាមការអន្ទងនោះ គឺដឹងតែកុន ពោលគឺជាបំណុលមិនដឹងជាសងមិនចេះអស់មិនចេះ ហើយ។

នៅក្នុងករណីមិនសងពលរដ្ឋគឺអាចរងនូវការគំរាមកំហែងផ្សេងៗផងដែរ ដោយរួមទាំងបរិហារកេ​រ្តិ៍​ រំខានដល់អ្នកដែលស្គាល់នឹងជននោះ។​

នៅក្នុងករណីដែលធ្លាក់ខ្លួននៅក្នុងអន្ទាក់បែបនេះ ដើម្បីកុំអោយលង់ខ្លួន កាន់តែជ្រៅគឺសូមចូលខ្លួនមករកជំនាញខាងផ្លូវច្បាប់ពីសមត្ថកិច្ច  ដើម្បីឲ្យភ្នាក់ងារសមត្ថកិច្ចដោះស្រាយ ពី​ព្រោះ​ បំណុលនេះមិនមែនជាបំណុលស្របច្បាប់នោះទេ។​

និយាយឲ្យចំទៅ កម្ចីក្រុមនេះយកស្រួលមែន តែជ្រុលគឺយ៉ាប់និងកាន់តែលង់ខណៈដែលក​រណី​ខ្លះខ្ចីតែមួយពាន់ដុល្លារដល់បានលុយគឺត្រឹមតែ ៧០០ ដុល្លារក៏មាន ហើយ​កម្ចី១០០០ នាក់ សងរាប់ឆ្នាំក៏មិនអស់ដែរ ដូច្នេះករណីនេះមានតែច្បាប់និងសមត្ថកិច្ច ហើយ សូមកុំបន្តលង់នឹងក្រុមនេះបន្តទៀត ។​

សរុបមកវិញពាក្យថាលុយមិនមែនងាយៗគេចេះតែហៅយើងទៅយកលុយគេមកចាយវាយដោយស្រួលដូចជាគេថានោះទេ។ កាលណាគេអោយយើងស្រួលគេបានឃើញលទ្ធភាព និង ឱកាសដែលអាចអោយយើងធ្វើអ្វីមួយបានសម្រាប់គេហើយ ដូច្នេះសូមប្រុងប្រយ័ត្ន ហើយនៅក្នុងករណីត្រូវការលុយគឺគួរតែទាក់ទងស្ថាប័នដែលត្រឹមត្រូវ។ ស្ថាប័នត្រឹមត្រូវមិនមែនធ្វើការតាមតែទូរសព្ទ ហើយគ្មានការិយាល័យ​គ្មាន ភស្តុតាងនៃអំណះអំណាងត្រឹមត្រូវនោះឡើយ​៕