ប្រេងឥន្ធនៈថ្លៃ សំងំនៅតែផ្ទះ ប្រយ័ត្នភ្លើងអស់ច្រើនដែរ !
ម្នាក់ៗពីព្រោះតែបញ្ហាប្រេងឥន្ធនៈឡើងថ្លៃមួយរយៈនេះមិនសូវហ៊ានជិះឡានឬម៉ូតូឆ្វេកឆ្វាចច្រើនទេ ដោយខ្លាចអស់សាំង ហើយម្នាក់ៗខំសំងំនៅតែផ្ទះ ប៉ុន្តែកុំភ្លេចនៅផ្ទះយូរក៏អាចឲ្យយើងចំណាយលើថ្លៃអគ្គិសនីច្រើនដែរ។
ជាទូទៅថ្លៃអគ្គិសនី រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល លោក កែវ រតនៈ បានប្រកាសធានាហើយថា តម្លៃអគ្គិសនីនឹងមិនឡើងទេ ទោះបីជារោងចក្រថាមពលនៅស្រុកយើងខ្លះដើរដោយធ្យូងថ្ម ដែលវាទាមទារការដឹកជញ្ជូនហើយប្រឈមមុខនឹងការឡើងថ្លៃខ្លះក៏ដោយ។
លោកបានអះអាងច្បាស់ៗថា នៅក្នុងអំឡុងពេលនេះរឿងតម្លៃអគ្គិសនីរដ្ឋអាចទ្រទ្រង់បាន ដែលខុសពីប្រេងឥន្ធនៈពីព្រោះកម្ពុជាត្រូវការនាំចូលពីប្រទេសគេ ដូច្នេះហើយតម្លៃវាថ្លៃដល់ពេលមានសង្រ្គាមទៅ គឺវាប៉ះទាំងអស់គ្នាទាំងកម្ពុជា និង ប្រទេសផ្សេងៗ។
នៅក្នុងកាលៈបែបនេះ អាចមានអ្នកខ្លះមិនហ៊ានចេញទៅណាទេ គឺនៅតែនៅក្នុងផ្ទះ ប៉ុន្តែការនៅក្នុងផ្ទះនោះ គឺវាមានបើកនេះបើកនោះ បើកភ្លើងបើកកង្វារ ហើយខ្លះដល់ម៉ាស៊ីនត្រជាក់ថែមទៀត ហើយកុំថាឡើយរបស់អេឡិចត្រូនិចធំៗ សូម្បីតែសាកថ្មទូរស័ព្ទនេះក៏ត្រូវអស់ច្រើនដែរ ពីព្រោះមិនដឹងទៅណាចុចតែទូរស័ព្ទដល់អស់ថ្ម នាំគ្នាសាក។
ខ្លះទៀតខណៈតម្លៃហ្គាសក៏ឡើងថ្លៃក៏នាំគ្នាប្រើប្រាស់ឆ្នាំងឬខ្ទះ ហើយពេលខ្លះរហូតដល់ចង្រ្កានអគ្គិសនី ដែលអាចនឹងធ្វើការទំហំប្រើប្រាស់កើនឡើង។
ឥរិយាបទបែបនេះពីមួយថ្ងៃទីមួយថ្ងៃ ចាំមើលពេលចុងខែភ្នាក់ងាអគ្គិសនីយកវិក័យប័ត្រភ្លើងមកអោយបានដឹងខ្លួន។ យើងត្រូវដឹងណា ថ្លៃអគ្គិសនីមិនមែនដូចថ្លៃទំនិញផ្សេងនោះទេ។ ការទូទាត់ទិញអ្វីមួយកាលណាយើងទិញកាន់តែច្រើនយើងអាចទទួលបានការបញ្ចុះតម្លៃនេះតម្លៃនោះច្រើន ប៉ុន្តែការទូទាត់ភ្លើងផ្សេង។ កាលណាយើងនៅផ្ទះយើងប្រើប្រាស់កាន់តែច្រើននោះយើងនឹងកាន់តែអស់លុយច្រើន ពីព្រោះភ្លើងគេគិតគូរតម្លៃតាមចំនួនគីឡូវ៉ាត់ម៉ោង។
យើងត្រូវតែដឹងកាលណាយើងប្រើប្រាស់កាន់តែច្រើនតម្លៃអគ្គិសនីនឹងកាន់តែកើនឡើង ហើយនៅពេលនេះវាជារដូវប្រាំងអាកាសធាតុក្តៅផងនោះ ការប្រើប្រាស់ភ្លើងអគ្គិសនីនៅតាមផ្ទះនីមួយៗប្រាកដជាឡើងច្រើនហើយ។
សូមយកចិត្តទុកដាក់លើចំណុចនេះផង ដើម្បីកុំអោយចុងខែទឹកភ្នែក។ នៅក្នុងពេលឥឡូវនេះមិនអាចអ្វីនោះទេ ដោយសារភ្នាក់ងារមិនទាន់ចេញវិក័យប័ត្រមក ភ្ញាក់ផ្អើល ដូច្នេះសូមយកចិត្តទុកដាក់សន្សំសំចៃផងដែរ។
យើងនៅផ្ទះពេលថ្ងៃអីកុំបើកភ្លើង ចូរបើកទ្វារបង្អូចឲ្យខ្យល់ឱកាសចេញចូលល្អ មានពន្លឺគ្រប់គ្រាន់ហើយមិនសូវក្តៅ ហើយក៏មិនសូវចុះភ្លើង។ សូមកុំមើលស្រាលការចំណាយលើចំណុចនេះ នៅក្នុងករណីយើងមើលស្រាល យើងនឹងដឹងនៅចុងខែ ឬដើមខែមិនខាន៕