ប្រច័ណ្ឌគ្រោះថ្នាក់ដែរឬទេ?
ការប្រច័ណ្ឌនរណាក៏មាន ប៉ុន្តែប្រសិនបើមិនចេះគ្រប់គ្រងវាទេ វាអាចគ្រោះថ្នាក់សម្រាប់ខ្លួនយើង និងអ្នកដែលយើងស្រលាញ់ ឬរាប់អាន ដូច្នេះសូមប្រុងប្រយ័ត្ន! ហើយជាទូទៅប្រច័ណ្ឌនេះវាកើតឡើងដោយសារតែការមិនទុកចិត្តនេះឯង។
តាមពិតទៅប្រច័ណ្ឌគឺជាបាតុភូតចិត្តមួយដែលវាកើតមានឡើងមកពីសេចក្តីស្រលាញ់ និងការ ច្រណែន ហើយបាតុភូតចិត្តបែបនេះនរណាក៏មានដែរ ប៉ុន្តែនៅពេលដែលគេចេះគ្រប់គ្រង វា សេចក្តីប្រច័ណ្ឌនេះមិនស្តែងជាសកម្មភាពធំដុំឡើយ។
សេចក្តីប្រច័ណ្ឌច្រើនកើតមានតាមរយៈភេទសម្ព័ន្ធ មិនថាបុរស ឬស្រ្តី ហើយសូម្បីតែក្រុមអ្នក ស្រលាញ់ភេទដូចគ្នាគឺរិតតែមានច្រើនថែមទៀត ហើយក៏ខ្លាំងក្លានោះដែរ។ នៅក្នុងករណី ដែលយើងខ្វះការអត់ធ្មត់ ការអប់រំចិត្ត ខ្វះការត្រិះរិះពិចារណាសេចក្តីប្រច័ណ្ឌអាចបង្កបញ្ហា និង គ្រោះថ្នាក់ខ្លាំងណាស់ដូច្នេះសូមតាំងចិត្តតាំងកាយយកសេចក្តីស្រលាញ់ សីលធម៌ ករុណា យោគយល់ និងមនៈសិការមកគ្រប់គ្រងវា។
នៅក្នុងករណីយើងប្រច័ណ្ឌគួរតែនិយាយគ្នាដោះសា្រយគ្នាតាមសំដីដោយហេតុនិងផល ប៉ុន្តែប្រសិនបើវាចូលដល់ងប់ងុលវាអាចនឹងក្លាយជាបញ្ហាវិកលវិទ្យាដែលទាមទារមានអន្តរាគមន៍ ពីអ្នកជំនាញ។
សូមកុំបណ្តោយឲ្យសេចក្តីប្រច័ណ្ឌប្រែក្លាយទៅជាសកម្មភាពពិរុទ្ធដូចជាអំពើហិង្សា ផ្សេងៗ ពីព្រោះតែយើងខ្វះការសង្កត់ចិត្តនិងអត់ធ្មត់ ឬគ្រប់គ្រងវាមិនបានទេនោះ គឺយើងអាចបង្កឲ្យអ្នកដែលយើងស្រលាញ់ ក៏ដូចជាអ្នកដែលពាក់ព័ន្ធ ពិសេសគឺខ្លួនយើងតែម្តងមានគ្រោះថ្នាក់ ហើយអាចមានទោសទណ្ឌអន្តរាយដល់ជីវិតគ្រួសារ និងខ្លួនយើងផងដែរ។
ជាទូទៅមនុស្សដែលប្រច័ណ្ឌជ្រុលងុបងល់ខ្លាំងគឺចូលដល់គំនិតអគតិ គឺគិតអ្វីមើលអ្វីក៏ ដៃគួខុសទាំងស្រុងដែរ ខណៈដែលធាតុពិតអ្វីដែលអ្នកប្រច័ណ្ឌគិតនិងដៃគូរគឺខុសគ្នាស្រឡះ ដូច្នេះនៅពេលដែលយើងសង្ស័យថា ចូលដល់ថ្នាក់នេះសូមដោះស្រាយដោយការនិយាយ និងសន្ទនាគ្នាដោយត្រង់ៗ។
ការសន្ទនាគ្នាដោយត្រង់ និងយោគយល់ ស្តាប់ហេតុស្តាប់ផល គឺអាចនឹងកាត់បន្ថយសេចក្តី ប្រច័ណ្ឌនេះបានយ៉ាងមានប្រសិទ្ធភាព ដូច្នេះសូមកុំអោយសេចក្តីប្រច័ណ្ឌរបស់យើងជ្រុល គឺប្រញាប់និយាយគ្នាដោយបើកចំហរ ដើម្បីឲ្យដឹងការពិត។ បើយើងចេះតែប្រច័ណ្ឌវាអាចឲ្យ យើងចិញ្ចឹមចិត្តកើតជាគំនុំ យកហិង្សា និងមធ្យោបាយដោះស្រាយបញ្ហាដោយខុសច្បាប់ ខុសសីលធម៌ និង សង្គមស្អប់ខ្ពើម ហើយចុងក្រោយគឺផលនោះនឹងបានមកលើយើងនេះឯង៕