ប្រចណ្ឌនរណាក៏មាន ! ប៉ុន្តែកុំជ្រុលវាមានទោសទណ្ឌ
ស្រលាញ់ ស្អប់ ខ្នាញ់ និង ការប្រចណ្ឌ ជាឥរិយាបទធម្មតារបស់មនុស្សជាតិគ្រប់ៗរូប ហើយនរណាក៏ដែរមិនថាប្រុសឫស្រី គ្រាន់តែមនុស្សភាគច្រើនគេចេះទប់ អត់ធ្មត់ ឫ ក៏បន្លប់ ដោយយកគតិ ស្មារតីនិង ប្រាជ្ញា ជាពិសេសគឺមនៈសិកាជាមនុស្សមកទប់កុំអោយវាក្លាយទៅជាអំពើឫសកម្មភាពជ្រុល ។
រឿងប្រចណ្ឌនេះវាកើតមានគ្រប់ជាតិសាសន៍ ពណ៌សំបុរ និង ជំនឿសាសនា ប៉ុន្តែមនុស្សជាច្រើនដោយសារតែកត្តាខាងលើគឺមិនបានកើតឡើង ជារឿងហេតុធំដុំទេ ។ ពេលខ្លះវាកើត ប៉ុន្តែបើយើងចេះសម្របសម្រួល ចេះនិយាយគ្នាដោយហេតុនិងផល ពោលគឺយើងយកចិត្តគេដាក់នៅក្នុងចិត្តយើងហើយគេទទួលយកចិត្តយើងទៅដាក់ក្នុងចិត្តគេក៏សុខនឹងគ្នា ។
នៅក្នុងករណីខ្លះប្រសិនបើវាជ្រុលមិនអាចសម្របសម្រួលអ្វីបាន គួរដោះលែងគ្នាដោយសម្របសម្រួល គ្នា ពោលគឺជៀសវាងហិង្សា ដែលពេលខ្លះវាទៅជារឿងដែលពិបាកនឹងដោះស្រាយ ពោលគឺមានតែគុកច្រវាក់។ យើងមិនគួរមានពិរុទ្ធទៅជាប់ទោសពីព្រោះតែរឿងប្រចណ្ឌនេះសោះឡើយ ។
រឿងប្រចណ្ឌនេះមានជាហូរហែរហើយថ្មីៗនេះព្រោះតែភ្លើងប្រចណ្ឌ បុរសម្នាក់កំពុងរងពិរុទ្ធភាព ខណៈដែលស្រ្តីជាប្រពន្ធបានបាត់បង់ជីវិត ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២៣ និង ៣០នាទីថ្ងៃទី ៣០ មេសា ឆ្នាំ២០២៦ នៅចំណុចភូមិគោកអណ្តែត ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល ដោយប្តីឈ្លោះជាមួយប្រពន្ធ ហើយប្រពន្ធក៏ខំគេចពីផ្ទះមកធ្វើការស៊ីឈ្នួលបកគល់ខ្ទឹមឲ្យគេ ដើម្បីបានប្រាក់ នៅដើរមកតាមឈ្លោះដល់កន្លែងធ្វើការទៀត ទ្រាំមិនបាន ក៏យកកាំបិតចាក់ប្រពន្ធដល់ថ្នាក់បាក់ផ្លែកាំបិតចេញពីដង ឃើញប្រពន្ធរបួសធ្ងន់ខ្លាំង ក៏នាំប្រពន្ធមកពេទ្យ តែមកតាមផ្លូវប្រពន្ធស្លាប់នៅពេលព្យាយាមដឹកមកសង្រ្គោះនៅមន្ទីរពេទ្យរុស្ស៊ីនៅរាជធានីភ្នំពេញ ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់ ។
ផ្អែកតាមករណីនេះយើងអាចសរុបសេចក្តីបានថា អារម្មណ៍ដូចជា ស្រលាញ់ ស្អប់ ខ្នាញ់ និង ប្រចណ្ឌ គឺជាធម្មជាតិមនុស្សដែលមិនអាចជៀសវាងបាន ប៉ុន្តែសារៈសំខាន់គឺនៅលើការគ្រប់គ្រងអារម្មណ៍ទាំងនោះដោយមានហេតុផល ស្មារតី និងមនៈសិកា។ ការប្រចណ្ឌ ប្រសិនបើគេមិនចេះទប់ស្កាត់ និងដោះស្រាយដោយសន្តិវិធី នឹងអាចនាំឲ្យកើតមានវិបត្តិធ្ងន់ធ្ងរ រហូតដល់បាត់បង់ជីវិត និងប៉ះពាល់ដល់សេរីភាពផ្ទាល់ខ្លួន។ ហេតុការណ៍ដែលបានកើតឡើងខាងលើជាឧទាហរណ៍ច្បាស់ថា អំពើជ្រុលដោយសារប្រចណ្ឌអាចបំផ្លាញទាំងជីវិតគេ និងជីវិតខ្លួនឯង។ ដូច្នេះ មនុស្សគ្រប់រូបគួរតែអនុវត្តការសន្ទនា សម្របសម្រួល និងការគោរពគ្នាទៅវិញទៅមក ។ រាល់ការសង្ស័យគួរតែបកស្រាយដោយសេចក្តីស្រលាញ់អត់ធ្មត់និងយល់ពីគ្នា ។