បើមានយកកូនច្រើនល្អ ប៉ុន្តែប្រសិនបើក្រ ឬមធ្យមគួររិះគិតត្រឹមកូនតែ២នាក់អីបានហើយ!
ការចាប់ដៃគ្នាបង្កើតចំណងគ្រួសារ គឺជាអំណរសប្បាយមួយរវាងបុគ្គល និងបុគ្គល ហើយក៏អាចថារវាងគ្រួសារមួយនឹងគ្រួសារមួយ ហើយគ្រប់គ្នាតែងតែរិះគិតដល់ការចង់បានបុត្រធីតាដែលភាសា របស់សាមញ្ញជនហៅថាកូន។
កូន គឺជាចំណងដៃហើយក៏ជាសក្ខីភាពនៃការសម្រេចចិត្តនៅក្នុងការចាប់ដៃគ្នាបង្កើតគ្រួសារ ដូច្នេះពួកគេគួរតែទទួលបាននូវការអាណិតស្រលាញ់ និងទំនុកបម្រុងយ៉ាងសមរម្យប្រកបដោយ ភាពថ្លៃថ្នូរនៅក្នុងនាមជាមនុស្សជាតិ។
មកដល់ពេលនេះប្រទេសកម្ពុជាដែលមានផ្ទៃដីសរុប ១៨១.០៣៥គីឡូម៉ែត្រការ៉េគឺនៅមានដង់ស៊ីតេប្រជាជនទាបនៅឡើយហើយនៅតែមានធនធាន ដើម្បីគាំទ្រនិងជំរុញឲ្យពលរដ្ឋមានកូនច្រើនកាន់តែប្រសើរ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយសូមរិះគិតអំពីធនធាន និងលក្ខខណ្ឌផ្សេងៗនៅក្នុងការសម្រេចចិត្តលើការកំណត់ចំនួនកូន។
សម្រាប់អ្នកដែលមានធនធាន និងសក្តានុពល ប្រសិនបើមានកូនច្រើនគឺជារឿងប្រសើរ។ ទោះបីជាវាលំបាកចិញ្ចឹមបន្តិច ហើយចំណាយច្រើនទាំងការហូបចុក ការអប់រំ ការកំសាន្ត និងសកម្មភាពផ្សេងៗទៀត ប៉ុន្តែប្រសិនបើយើងចិញ្ចឹមពួកគេប្រកបដោយគន្លងធម៌ មានការអប់រំ ត្រឹមត្រូវតាមគន្លងនៃប្រពៃណី វប្បធម៌ និងកេរ្តិ៍ដំណែលសង្គមដែលបន្សល់ទុកកន្លងយកកាន់តែ ច្រើនគឺវាជាការល្អបំផុត។
ជាការពិត នៅពេលពួកគេស្ថិតក្នុងវ័យក្មេង យើងអាចហត់នឿយលើការចិញ្ចឹម អប់រំ តាមដាន ប្រៀនប្រដៅ និងទំនុកបម្រុងផ្សេងៗទៀត ប៉ុន្តែនៅពេលដែលពួកគេធំ និងពេញវ័យ នោះយើងនឹងទទួលបានផល និងភាពកក់ក្តៅនៅក្នុងគ្រួសារ ប្រសិនបើពួកគេធំធាត់ដោយគន្លងធម៌និងមានការអប់រំត្រឹមត្រូវ ប៉ុន្តែផ្ទុយទៅវិញនៅក្នុងករណីយើងក្រ ខ្វះខាតធនធាន យកកូនច្រើនគឺពិតជាលំបាកណាស់ នៅក្នុងពេលនេះ។
នៅសម័យនេះមិនអាចចេះតែយកកូនដោយគ្មានផែនការគ្រួសារច្បាស់លាស់បានឡើយ។ នៅសម័យមុនយើងអាចយកកូនតាមច្បាប់ធម្មជាតិបាន ប៉ុន្តែសម័យនេះ គឺការចំណាយខ្ពស់បំផុត ជីវភាពក៏មានការប្រឈមមុខខ្លាំង ខណៈដែលធនធានដីធ្លីក៏កាន់តែខើច។ ដីធ្លីមិនចេះតែអាចរុករានពង្រីកបានតាមចិត្តឡើយ គឺសង្គមមានច្បាប់មានវិន័យ ច្បាស់លាស់។
សម័យនេះទោះបីជាការចំណាយលើការអប់រំនៅសាលារដ្ឋមិនអស់ថ្លៃចំណាយក៏ពិតមែន ប៉ុន្តែថ្លៃម្ហូបអាហារ ការកំសាន្ត សម្លៀកបំពាក់ គឺនៅតែជាបន្ទុកដ៏ធ្ងន់ធ្ងរសម្រាប់គ្រួសារដែលក្រីក្រនិងមធ្យម។
ដូច្នេះនៅក្នុងមួយគ្រួសារអាចមានកូនច្រើនត្រឹម២ ខណៈកូនតែមួយគឺតិចពេក និងអាចមានហានិភ័យខ្ពស់គួរសមដែរ ព្រោះអត្រារស់របស់ទារកនិងកុមារថ្វីត្បិតតែអាចរស់ខ្ពស់ និងមានអត្រាមរណភាពទាប ប៉ុន្តែនៅពេលពេញវ័យអត្រាគ្រោះថ្នាក់គឺខ្ពស់ ហើយសំភារៈបំពុលក៏ច្រើនដែររាប់ចាប់តាំងពីគ្រោះថ្នាក់ចរាចរណ៍ ការប្រើប្រាស់គ្រឿងស្រវឹង បញ្ហាគ្រឿងញៀន ជាដើម៕