បើឃើញសញ្ញាណាមួយនៅក្នុងចំណោមសញ្ញាទាំងនេះ សូមជួយយកចិត្តទុកដាក់ផង!
មានពេលខ្លះ មនុស្សម្នាក់មិនបាននិយាយចេញមកត្រង់ៗថា ខ្លួនគេកំពុងមានបញ្ហា ឬ រូបគេកំពុងត្រូវការជំនួយនោះទេ ប៉ុន្តែការផ្លាស់ប្តូរអាកប្បកិរិយា ពាក្យសម្តី និងអារម្មណ៍របស់ពួកគេ អាចជាសារមួយដែលកំពុងប្រាប់យើងថា ពួកគេកំពុងប្រឈមនឹងការឈឺចាប់ផ្លូវចិត្តយ៉ាងខ្លាំង។
ក្រសួងសុខាភិបាលបានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ បានបង្ហោះនូវផ្ទាំងរូបភាពអប់រំមួយហើយផ្សព្វផ្សាយជាសាធារណៈដោយនៅលើផ្ទាំងផ្សព្វផ្សាយនោះគឺមានរៀបរាប់ អំពីសញ្ញាព្រមាន ១១ ដែលគួរឱ្យយកចិត្តទុកដាក់ ដើម្បីជួយឱ្យសាធារណជនអាចសម្គាល់ និងផ្តល់ជំនួយបានទាន់ពេលវេលា ដើម្បីបង្ការការសម្រេចចិត្តធ្វើអត្តឃាត។
សញ្ញាទាំងនោះរួមមាន ទី១និយាយពាក្យលាដែលមិនធ្លាប់និយាយឫប្រគល់ទ្រព្យសម្បត្តិដែលមានតម្លៃឲ្យអ្នកដ៏ទៃ ។ ទី២បង្ហាញពីគំនិត អារម្មណ៍ ឬផែនការក្នុងការបញ្ចប់ជីវិតរបស់ខ្លួន ។ ទី៣ មានការផ្លាស់ប្តូរយ៉ាងខ្លាំងលើការគេង របបអាហារ ថាមពល ឬការថែទាំខ្លួនឯង ។ ទី៤ដកខ្លួនចេញពីមិត្តភក្តិ គ្រួសារ និងសង្គម ។ ទី៥ បង្ហាញពីការប្រែប្រួលចិត្តឡើងចុះខ្លាំង ។ ទី៦ មានអារម្មណ៍កើតទុក្ខខ្លាំង បារម្ភខ្លាំង អន្ទះអន្ទែង ឬខឹងសម្បារខ្លាំង ។ ទី៧និយាយថា អ្នកដទៃនឹងរស់នៅបានប្រសើរជាងបើគ្មានរូបគេ ។ ទី៨ បង្ហាញប្រាប់ថា គ្មានហេតុផលដើម្បីរស់និងជីវិតគ្មានន័យ ។ ទី៩ មានសញ្ញាបង្ហាញពីការកើនឡើងការប្រើប្រាស់គ្រឿងស្រវឹង ឬគ្រឿងញៀន ។ ទី១០ ស្វែងរកវិធីសាស្រ្តធ្វើអត្តឃាត ។ និង ទី១១ ប្រពឹត្តអាកប្បកិរិយាប្រថុយប្រថាន ឬបំផ្លាញខ្លួនឯង ។
ការមើលឃើញសញ្ញាទាំងនេះ មិនមានន័យថាមនុស្សម្នាក់នោះប្រាកដជានឹងធ្វើអត្តឃាតឡើយ ប៉ុន្តែវាជាសញ្ញាដែលប្រាប់យើងថា មនុស្សម្នាក់អាចកំពុងឆ្លងកាត់ការឈឺចាប់ ឬវិបត្តិដែលត្រូវការការយកចិត្តទុកដាក់។
នៅក្នុងស្ថានភាពបែបនេះប្រសិនបើមិត្តភក្តិ សមាជិកគ្រួសារ មិត្តរួមការងារ ឬមនុស្សដែលយើងស្គាល់ចាប់ផ្តើមមានការផ្លាស់ប្តូរខុសពីធម្មតា កុំប្រញាប់ចាត់ទុកថា ពួកគេគ្រាន់តែ «គិតច្រើន» ឬ «ចង់ទាក់ទាញការចាប់អារម្មណ៍» ប៉ុន្តែក៏មិនអាចប្រហែសបានដែរ ។
នៅក្នុងស្ថានភាពបែបនេះ ការចាប់ផ្តើមផ្តើមចាប់អារម្មណ៍ពីពួកគេគួរតែធ្វើយើងក្រៅពីនោះយើងក៏អាចចូលទៅជជែកហើយនិយាយលេងជាមួយពួកគេជាមួយនឹងអ្វីដែលសប្បាយៗ ហើយព្យាយាមបញ្ចូលនៅអ្វីដែលជាការលើកទឹកចិត្ត ផ្តល់ក្តីសង្ឃឹម ពោលគឺធ្វើយ៉ាងណាជួយពួកគេឲ្យរសាយអារម្មណ៍ ។
នៅក្នុងអំឡុងពេលនោះប្រសិនបើពួកគេចែករំលែកមកយើង អ្វីដែលយើងគួរធ្វើ គឺត្រូវស្តាប់ និងរក្សាអាកប្បកិរិតយមិនធ្វើឱ្យពួកគេមានអារម្មណ៍ថាខ្លួនគេ បន្ទុករបស់អ្នកដទៃ។ យើងគួរព្យាយាមនិយាយដោយហេតុផល បង្កប់ការសប្បាយៗ។
សរុបទៅនៅពេលយើងឃើញសញ្ញាព្រមានណាមួយ សូមកុំមើលរំលង។ សូមព្យាយាមស្តាប់ សួរដោយក្តីយកចិត្តទុកដាក់ និងជួយនាំមនុស្សដែលកំពុងរងទុក្ខទៅរកជំនួយដែលពួកគេត្រូវការ។ ពេលខ្លះ ការសួរមួយសំណួរ ការស្តាប់មួយប្រយោគ ឬការស្ថិតនៅក្បែរមនុស្សម្នាក់នោះ ក៏អាចក្លាយជាហេតុផលមួយដែលធ្វើឱ្យពួកគេសម្រេចចិត្តបន្តរក្សាជីវិតនិងតស៊ូនៅលើវិថីនៃជីវិតបន្តទៅមុខផងដែរ៕
