នៅសុខៗគេមិនដែលហៅយើងទៅយកលុយគេទទេៗឡើយ ! សូមប្រុងប្រយ័ត្ន
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះក្រុមអ្នកផ្តល់សេវាកម្មកម្ចីតាមអនឡាញបានធ្វើយុទ្ធនាការយ៉ាងសកម្ម ដូច្នេះសូមប្រុងប្រយ័ត្ន។
ការកើនឡើងនៃសកម្មភាពក្រុមកម្ចីតាមអនឡាញនេះ បានរីកសាយភាយពេញប្រទេសកម្ពុជា ដោយពួកគេមួយថ្ងៃៗគិតតែទំនាក់ទំនងតាមទូរស័ព្ទ តាមបណ្តាញសង្គម មកកាន់សឹងតែគ្រប់គ្នា ដោយលើកឡើងថា ពួកគេមានលុយ និង មានលទ្ធភាពផ្តល់នូវសាច់ប្រាក់យ៉ាងឆាបរហ័ស និងងាយស្រួលសម្រាប់អ្នកដែលត្រូវការជំនួយ ប៉ុន្តែជំនួយដែលពួកគេជួយនេះ វាមិនមែនជាជំនួយដោយសុច្ចរិតនោះទេ វាគឺជាធ្នាក់ដែលអន្ទងពលរដ្ឋយើងជាច្រើននាក់ ឲ្យធ្លាក់នៅក្នុងចរន្តនៃកម្ចីដែលសងមិនចេះចប់មិនចេះហើយ ជាមួយនឹងការប្រាក់ដ៏ខ្ពស់។
នៅពេលនេះមានពលរដ្ឋយើង ជាច្រើនដែលកំពុងតែតស៊ូនិងការលំបាកដើម្បីរកដំណោះស្រាយចេញពីបញ្ហានេះ ប៉ុន្តែពួកគេបែជាបានបន្តធ្លាក់ទៅក្នុង អន្ទាក់កាន់តែជ្រៅនិងកាន់តែធ្ងន់ធ្ងរ ដែលរុញច្រានឲ្យពួកគេធ្លាក់ទៅក្នុងស្ថានភាពបំណុលវណ្ឌករ។
ក្រុមជនដែលនៅក្នុងវិស័យកម្ចីអនឡាញទាំងនេះ បាននាំគ្នាដាក់ កំណត់គោលដៅជាជនងាយរងគ្រោះ សិស្ស គ្រួសារដែលមានប្រាក់ចំណូលទាប និងម្ចាស់អាជីវកម្មខ្នាតតូច ជាមួយនឹងឃោសនានិងទំនាក់ទំនងមកផ្ទាល់ពោលគឺមុនពេលយើងទៅរកគេទៅទៀត។
ជាធម្មតា តាមទម្លាប់កាលណាយើងអត់ត្រូវការខ្ចីគេគឺយើងទៅរកគេពន្យល់គេពីតម្រូវការពីការលំបាក របស់យើង ដើម្បីឲ្យគេជួយ ប៉ុន្តែក្រុមអ្នកផ្តល់កម្ចីអនឡាញទាំងនេះ មិនធ្វើឲ្យយើងពិបាកបែបនេះទេ។ ពួកគេទំនាក់ទំនងមករកយើងតែម្តង។
នៅពេលនេះអ្នកខ្លះទាក់ទងតាមបណ្តាញសង្គម អ្នកខ្លះតាមទូរស័ព្ទ ហើយនិយាយគ្នាពីរបីម៉ាត់គឺពួកគេ ផ្តល់លុយឲ្យលឿនៗពោលគឺមិនដល់ ១៥នាទីផង ប៉ុន្តែកុំភ្លេចលុយដែលទទួលតិចទេ តែសងពួកគេយូរទៅ គឺកាន់តែច្រើនឡើងៗ ពីព្រោះពួកគេកំណត់អត្រាការប្រាក់ហួសហេតុ ថ្លៃសេវាលាក់កំបាំង និងលក្ខខណ្ឌនៃការសងប្រាក់ដែលខ្ចីស្មុគស្មាញ។
សូមកុំលេងសើចនឹងក្រុមនេះ នៅពេលដែលយើងមិនមានធនធានសងបំណុលគេ ពួកគេអាចបង្កជាហិង្សា និង សកម្មភាពទាមទារប្រាក់ពួកគេប្លែកៗនិងសាហាវ ដែលអាចប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាពយើងនិងក្រុមគ្រួសារ ។
សូមប្រុងប្រយ័ត្ន ក្រុមដែលងាយបែបនេះ នៅក្នុងករណីមានបញ្ហាសូមរកសមត្ថកិច្ចជំនាញជួយ បើមិនដូច្នេះទេ លោកអ្នកអាចនឹងជួយបញ្ហាកាន់តែជ្រៅ ពោលគឺបំណុលកាន់តែកើន ទោះខំរកស៊ីសងប៉ុណ្ណា ក៏បំណុលនៅតែដដែល។ សូមប្រុងប្រយ័ត្ននៅពេលដែលមានបញ្ហាសូមទោរកស្ថាប័នហរិញ្ញវត្ថុត្រឹមត្រូវ មានទីតាំងមានច្បាប់មានទម្លាប់ត្រឹមត្រូវពិតប្រាកដ។