តើកម្ពុជាពិតជាមានករណីជួញដូរសរីរាង្គដូចការចុះផ្សាយរបស់សារព័ត៌មានបរទេសមែនឬ?

កាលពីពេលថ្មីៗនេះ មានករណីមួយដែលចុះផ្សាយដោយសារព័ត៌មានមួយចំនួននៅក្នុងប្រទេសជប៉ុនថា កម្ពុជាមានករណីជួញដូរតម្រងនោម ដែលជាភាសាសាមញ្ញពលរដ្ឋយើងនិយមហៅថា «គ្រលៀន»។ តើរឿងនេះជារឿងពិតមែនឬ?

ករណីនេះក៏បានទាក់ទាញការចាប់អារម្មណ៍ និងមានការចេញសារបំភ្លឺដោយឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា គឺលោក វ៉ាង វេនប៊ិន (Wang Wenbin) ផងដែរ ក្រោយពេលដែលកាសែតជាភាសាជប៉ុនឈ្មោះ «យូមីអ៊ូរី ស៊ីមប៊ុន» (Yomiuri Shimbun) បានចុះផ្សាយថា មានករណីជួញដូរនៅកម្ពុជា។ កាសែតនោះបានផ្សាយថា មានជនជាតិជប៉ុនមួយចំនួនត្រូវចាប់ខ្លួន ក្រោយពេលដែលពួកគេបានធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ដើម្បីធ្វើការវះកាត់ប្តូរគ្រលៀនពីបទជួញដូរសរីរាង្គ។ សារព័ត៌មាននោះក៏បានបន្តថា ករណីវះកាត់នេះធ្វើឡើងនៅមន្ទីរពេទ្យមួយក្នុងប្រទេសកម្ពុជា ដោយមានវេជ្ជបណ្ឌិតជនជាតិចិនជាអ្នកអនុវត្ត។

ដោយសារតែវាពាក់ព័ន្ធនឹងវេជ្ជបណ្ឌិតចិនបែបនេះហើយ ទើបលោកឯកអគ្គរដ្ឋទូតចិនបានប្រកាស និងអះអាងតាមបណ្តាញសង្គមនាពេលថ្មីៗនេះថា ស្ថានទូតចិនប្រចាំកម្ពុជាបានធ្វើការផ្ទៀងផ្ទាត់ជាមួយមន្ទីរពេទ្យរួចហើយ ដោយបានឱ្យដឹងថា គ្មានវេជ្ជបណ្ឌិតជនជាតិចិនណាម្នាក់ធ្លាប់ចូលរួមក្នុងការវះកាត់ប្តូរគ្រលៀននៅមន្ទីរពេទ្យនោះទេ។ លោកឯកអគ្គរដ្ឋទូតចិន បានអះអាងថា ការចុះផ្សាយរបស់កាសែតជប៉ុននោះ គឺជាព័ត៌មានក្លែងក្លាយទាំងស្រុង។

នេះគឺជាករណីថ្មីមួយពាក់ព័ន្ធនឹងករណីវះកាត់ប្តូរគ្រលៀននៅកម្ពុជា ខណៈដែលកន្លងមកក៏ធ្លាប់មានករណីបែបនេះផ្ទុះឡើងម្តងជាពីរដងរួចមកហើយ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ការពិតយ៉ាងណានោះគឺគ្មាននរណាដឹងឡើយ។

ជាការពិត នៅកម្ពុជាមេដឹកនាំយើងធ្លាប់លើកទឹកចិត្តមន្ទីរពេទ្យនៅក្នុងស្រុកឱ្យពង្រឹង និងលើកកម្ពស់វិជ្ជាជីវៈវេជ្ជសាស្ត្រ ដោយរួមទាំងការវះកាត់ប្តូរសរីរាង្គ ជាពិសេសគឺគ្រលៀននេះតែម្តង ប៉ុន្តែរហូតមកដល់បច្ចុប្បន្ននេះ ការវះកាត់បែបនេះហាក់ដូចជាមិនទាន់មានមន្ទីរពេទ្យផ្លូវការណាមួយប្រកាសជាចំហអំពីសមត្ថភាពនេះនៅឡើយទេ។ ខណៈដែលកន្លងមក អ្វីដែលវេជ្ជបណ្ឌិតបានធ្វើហើយពលរដ្ឋកំពុងតែព្យាយាមបន្តជីវិតក្រោយពេលមានបញ្ហាគ្រលៀននេះ គឺមានតែការលាងឈាមប៉ុណ្ណោះ រីឯអ្នកដែលមានលទ្ធភាព គឺគេបានស្វែងរកសេវាកម្មនេះនៅក្រៅប្រទេស ដែលមានដូចជា សិង្ហបុរី និងឥណ្ឌា ជាដើម។

សរុបមក រឿងនេះនៅតែជាអាថ៌កំបាំង ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ការស៊ើបអង្កេតរកការពិតគួរតែត្រូវធ្វើ ដើម្បីមានវិធានការតាមផ្លូវច្បាប់ប្រសិនបើមានករណីវះកាត់ខុសច្បាប់។ ជាការពិត ការវះកាត់ប្តូរគ្រលៀន ប្រសិនបើក្នុងនាមស្ម័គ្រចិត្តដោយមនុស្សធម៌ ឬដោយសាច់ញាតិ គឺជារឿងមួយ ប៉ុន្តែបើជារឿងទិញដូរ គឺជាករណីខុសច្បាប់ រំលោភសិទ្ធិមនុស្ស និងបំពានសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ ដែលចាំបាច់ត្រូវតែអនុវត្តច្បាប់ឱ្យបានច្បាស់លាស់។

 

Daily Program

Livesteam thumbnail