ជំងឺមិនឆ្លងឥឡូវមានសេវាទូលំទូលាយ ដូច្នេះយើងកុំប្រហែស !
ជំងឺនានា ដូចជាជំងឺទឹកនោមផ្អែម ជំងឺមហារីក ជំងឺលើសឈាម ជំងឺសរសៃឈាមបេះដូង មិនមែនជាជំងឺឆ្លងទេ ប៉ុន្តែកុំប្រហែសវាអាចសម្លាប់ជីវិតយើងទាំងអស់គ្នាយ៉ាងត្រជាក់ ហើយនៅមុនពេលយើងដឹងខ្លួន វាគ្រោះថ្នាក់បាត់ ។
ដើម្បីកុំអោយជំងឺទាំងនេះវាបង្កគ្រោះថ្នាក់ដល់សុខភាពរបស់យើងទាំងអស់គ្នា ហើយជាពិសេសកុំអោយយើងបាត់បង់ជីវិត ពិការនិងបាត់បង់សមត្ថភាពពលកម្ម គឺមានតែយើងទាំងអស់គ្នាឆាប់ទៅស្វែងរកសេវាសុខាភិបាល ។
ការស្វែងរកសេវាពិនិត្យនិងពិគ្រោះទាន់ពេលវេលាគឺជាវិធីសាស្រ្តបង្ការនិងការពារគ្រោះមហន្តរាយសុខភាពរបស់យើងដ៏មានប្រសិទ្ធភាព ហើយនៅពេលនេះនៅតាមមណ្ឌលសុខភាព និង មន្ទីពេទ្យនានា គឺមានសេវានេះអស់ហើយ ដូច្នេះកុំប្រហែស ។
ជំងឺនេះមិនឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ដូចជាជំងឺឆ្លងផ្សេងៗ ជំងឺអេសដ៏ ជំងឺរបេង ជំងឺអាសន្តរោគអ្វីនោះទេ វាគឺជាពពួកជំងឺដែលកើតឡើងដោយទម្លាប់នៃការហូបចុក និង ឥរិយាបទរស់នៅនៅក្នុងលក្ខខណ្ឌមួយដែលអាចឲ្យជំងឺនេះយាយីដល់យើងបាន ។
យោងទៅតាមរបាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងសុខាភិបាលដែលទទួលបានកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ០២៦ បានឲ្យដឹងថា កម្ពុជាបានកត់ត្រានូវការកើនឡើងគួរឱ្យកត់សម្គាល់នៃករណីជំងឺមិនឆ្លងកាលពីឆ្នាំ ២០២៥កន្លងទៅ។
របាយការណ៍នេះបានអះអាងថា នៅទូទាំងប្រទេសកម្ពុជារកឃើញករណីថ្មីនៃជំងឺទឹកនោមផ្អែមសរុបមានចំនួន ២៩២.១៩៧ ករណី កើនឡើង ២៦.៨ ភាគរយ។ សម្រាប់ជំងឺមហារីក កម្ពុជារកឃើញអ្នកជំងឺចំនួន ៣៥.៩២១ នាក់ កើនឡើង ១៣.៩ ភាគរយ ហើយមានអ្នកស្លាប់ចំនួន ១៥៥ នាក់។
របាយការណ៍ដដែលបានឲ្យដឹងថា ជំងឺលើសឈាមក៏កំពុងកើនឡើងផងដែរ ដោយមានចំនួន ៤៥១.០០៩ ករណី កើនឡើង ១២,២ ភាគរយ នៅក្នុងនោះអ្នកជំងឺជំងឺសរសៃឈាមបេះដូងចំនួន ២៥.៤៨១ នាក់បានទទួលការព្យាបាលនៅមន្ទីរពេទ្យ និងក្នុងចំណោមពួកគេចំនួន ១.០៩១ នាក់បានស្លាប់។
សូមកុំប្រហែស តែប្រហែសគ្រោះមហន្តរាយសុខភាពរបស់យើងនឹងកើតមាន ដូច្នេះដើម្បីកុំអោយយឺតពេល គួរតែចាំបាច់រូតរះទៅស្វែងរកសេវាពិនិត្យនិងពិគ្រោះនៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យនានា ឲ្យបានទាន់ពេលវេលា ។