ជំងឺមហារីករកឃើញឆាប់ ការព្យាបាលកាន់តែមានប្រសិទ្ធភាព
នៅពេលដែលយើងឃើញអត្រាកំណើននៃជំងឺមហារីកសូមកុំឆ្ងល់ ហើយកុំតក់ស្លុត ប៉ុន្តែគួរតែជំរុញនិងលើកទឹកចិត្តឲ្យពលរដ្ឋឆាប់បង្កើនការពារខ្លួននិងស្វែងរកវាឲ្យឃើញពីព្រោះអ្នកជំនាញនិងឯកសារនានា បានបញ្ជាក់ថា ជំងឺនេះអាចទទួលការព្យាបាលមានប្រសិទ្ធភាពដរាបណាអ្នកជំងឺដឹងខ្លួនមុននិងមករកសេវាព្យាបាលត្រឹមត្រូវនិងទាន់ពេលវេលា។
តាមរបាយការណ៍ដែលក្រសួងសុខាភិបាលកម្ពុជាបានផ្សព្វផ្សាយនៅចុងខែមករា កន្លងទៅនេះ ជំងឺមហារីកនៅកម្ពុជាបានបន្តកើនឡើងនិងយាយីសុខភាពសាធារណៈរបសប្រជាពលរដ្ឋកម្ពុជាយ៉ាងស្ងៀមស្ងាត់ ដោយនៅក្នុងឆ្នាំ២០២៥កន្លងទៅ ប្រជាពលរដ្ឋដែលមានជំងឺមហារីកហើយមកស្វែងរកសេវាព្យាបាលនៅតាមសេវាសុខភាពសាធារណៈគឺមានប្រមាណជា៣៥.៩២១នាក់ មានកំណើនកើនឡើង១៣,៩ភាគរយ។
នៅក្នុងចំណោមអ្នកជំងឺដែលមកស្វែងរកសេវាព្យាបាល ជំងឺមហារីកច្រើនជាងគេដែលក្រុមគ្រូពេទ្យយើងបានផ្តល់សេវាសុខភាពជូនគឺមាន មហារីកដោះមាន២២,៩៥ភាគរយ មហារីកមាត់ស្បូនមាន៨,៩៨ភាគរយ មហារីកពោះវៀនធំមាន ៨,៤៤ភាគរយ មហារីកថ្លើមមាន៥,៩ភាគរយ មហារីកសួតនិងទងសួតមាន៥,៩១ភាគរយ មហារីកអូវែមាន៣,៥៩ភាគរយ មហារីកចុងពោះវៀនធំមាន៣,០៨ភាគរយ មហារីករន្ធគូថមាន ២,៣៧ភាគរយ មហារីកក្រពះមាន ២,០១ ភាគរយ និង មហារីកថង់ប្រមាត់មាន ២,០១ ភាគរយ។
ទន្ទឹមនឹងនោះក្រោយពេលដែលទទួលព្យាបាល អត្រាស្លាប់ដោយសារតែជំងឺដ៏កាចសាហាវនេះ គឺមានប្រមាណជា ១៥៥ នាក់។
នៅពេលដែលយើងទទួលបានឮនិងបានទទួលព័ត៌មាននេះសូមកុំភ័យ ប៉ុន្តែយើងត្រូវក្លាហាន ហើយប្រញាប់កែប្រែទម្លាប់នៃការរស់នៅ។ សូមបង្កើតកាលវិភាពធ្វើការត្រួតពិនិត្យសុខភាពជាប្រចាំ តាមការណែនាំរបស់វេជ្ជបណ្ឌិត។
ជំងឺអ្វីក៏ដោយដោយរួមទាំងជំងឺមហារីក ប្រសិនបើយើងដឹងវាកាន់តែលឿនប្រសិទ្ធភាពនៃការព្យាបាលកាន់តែមានប្រសិទ្ធភាព ហើយអាយុជីវិតរបស់យើងក៏កាន់តែអាចរក្សាបានយូរ ដូច្នេះសូមយកចិត្តទុកដាក់លើបញ្ហានេះ។
ជំងឺមហារីកនេះ បើដឹងយឺតពេលគឺដឹងតែពិបាកព្យាបាលហើយ ប៉ុន្តែប្រសិនបើដឹងមុន គេអាចវះកាត់ គេអាចមានវិធីព្យាបាលវាមានប្រសិទ្ធភាពការពារនិងសង្រ្គោះជីវិតបានខ្ពស់ណាស់ ដូច្នេះសូមប្រញាប់ពិគ្រោះនិងពិនិត្យឲ្យទាន់ពេលវេលា៕