ជម្លោះព្រំដែននៅតែក្តៅគគុក !
រឿងវិវាទនៅព្រំដែនមិនស្ងាត់ឡើយ ហើយស្ថានភាពនិងស្ថានការណ៍វានៅតែក្តៅគគុក ដរាបណាយោធាថៃនៅតែបន្តវត្តមាននៅលើបូរណភាពទឹកដីនៃកម្ពុជាដោយខុសច្បាប់ ក្រោយពេលអនុវត្តបទឈប់បាញ់ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥កន្លងទៅ។
មកដល់ពេលនេះតាមសេចក្តីរាយការណ៍របស់ក្រសួងការបរទេសយោធាថៃបានរុលចូលទឹកដីកម្ពុជាចំនួន ១៤ ចំណុច ហើយបានធ្វើសកម្មភាពនានាដោយខុសច្បាប់រួមមានការបំផ្លិចបំផ្លាញលំនៅស្ថានរបស់ប្រជាពលរដ្ឋ ការដាក់ទូរកុងតឺន័បិទផ្លូវ ការរាយលួសបន្លា និង ការបង្ហោះទង់ជាតិ។ល។
សកម្មភាពនេះបានកើតមានក្រោយពេលដែលកម្ពុជាបានកំពុងតែអនុវត្តបទឈប់បាញ់ដែលបានចុះនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
នៅក្នុងនាមជារដ្ឋអធិបតេយ្យមួយដែលអោយតម្លៃលើសន្តិភាព និង គោរពទៅតាមច្បាប់និងសន្ធិសញ្ញាអន្តរជាតិនានា កម្ពុជាបានបន្តអត់ធ្មត់ដើម្បីរក្សាសន្តិភាព ជូនប្រជាពលរដ្ឋនៅតាមព្រំដែន ពីព្រោះ២១ថ្ងៃនៃការប៉ះទង្គិចចុងក្រោយគឺបានបន្សល់ទុកនូវការបូជាជីវិតយោធា បងប្អូនជូនស៊ីវិល ជាពិសេសគឺពលរដ្ឋជនភៀសសឹក ជាង ៦៤ ម៉ឺននាក់ឲ្យរងគ្រោះ។
សង្រ្គាមនិងការប៉ះទង្គិចគឺនាំមកនៅផលវិបាកធ្ងន់ធ្ងរណាស់ ដូច្នេះយើងការប៉ះទង្គិចមិនមែនជាបំណងរបស់កម្ពុជាឡើយ ដូចនេះហើយបានជាកម្ពុជាបន្តខិតខំអត់ធ្មត់ ប៉ុន្តែលើសមរភូមិការទូតកម្ពុជាបានកំពុងតែ ធ្វើយ៉ាងសកម្មបំផុត។
ថ្មីៗនេះសូម្បីតែនៅកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានចង្អៀតនៅហ្វីលីពីនក៏កម្ពុជាបានរំលេចបញ្ហានេះទៅក្នុងបញ្ហារបស់តំបន់។
ជាការពិតក្រៅពីអាស៊ានកម្ពុជាបានកំពុងតែបន្តតស៊ូនៅក្នុងសមរភូមិការទូតជាមួយនឹងថៃ យ៉ាងក្តៅគគុក ហើយអំឡុងរយៈពេលមួយឆមាសចុងក្រោយនេះ មានសេចក្តីរាយការណ៍ថា កម្ពុជាបាន ចេញសេចក្តីប្រកាសព័ត៌មាន កំណត់ទូតតវ៉ា សេចក្តីថ្លែងការណ៍ ញត្តិថ្កោលទោស និងលិខិតបកស្រាយ ឬបំភ្លឺឆ្លើយតបផ្សេងៗគ្រប់ទម្រង់សរុបចំនួនជិត៧០០លើក។
ចំណុចនេះ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលក៏បានបញ្ជាក់ផងដែរ ហើយក្រៅពីនោះក៏មានសកម្មភាពផ្សេងៗទៀតដូចជាការឆ្លើយតបក៏ដូចជាការបញ្ជាក់ជំហររបស់កម្ពុជាដោយផ្ទាល់មាត់ តាមរយៈការរៀបចំធ្វើបច្ចុប្បន្នភាពនៃព័ត៌មាន ប្រមាណជាជិត ២០០លើក ហើយនឹងបន្តធ្វើទៅទៀត។
សរុបទៅនៅពេលដែលរាជរដ្ឋាភិបាលកំពុងតែធ្វើសកម្មភាពយើងជាប្រជាពលរដ្ឋសូមកុំគិតថា រដ្ឋាភិបាលអសកម្ម យើងទាំងអស់គ្នាត្រូវតែបន្តរួមចិត្តរួមគំនិតជាមួយនឹងរាជរដ្ឋាភិបាល ដើម្បីបន្តយន្តការនេះបន្ថែមទៀត៕