អ្នកស្រុកព្រៃកប្បាសសប្បាយរីករាយក្រោយឃើញសារមន្ទីរតាំងបង្ហាញស្នាដៃរបស់ពួកគេ
ប្រជាពលរដ្ឋនៅស្រុកព្រៃកប្បាស ខេត្តតាកែវ កាលពីថ្ងៃទី១៩ មេសា បានធ្វើដំណើរមកកម្សាន្តក្នុងខេត្តសៀមរាប ក្នុងឱកាសនោះពួកគេក៏បានចូលមកកាន់សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ក្រុងសៀមរាប ដើម្បីទស្សនាសំពត់ហូលជាស្នាដៃរបស់ខ្លួន ដែលធ្លាប់បានបរិច្ចាគមកកាន់សារមន្ទីរ។ ក្រោយបានឃើញសារមន្ទីរតាំងបង្ហាញផលិតផលជាស្នាដៃរបស់ពួកគេដែលបានបរិច្ចាគ ប្រជាពលរដ្ឋបានសម្ដែងអារម្មណ៍សប្បាយរីករាយ ជាខ្លាំង។
អ្នកស្រី លី ណៃស្រ៊ីម និងអ្នកស្រី លី ស្រីមុំ ជាបងប្អូនបង្កើតនិងគ្នា រួមទាំងក្រុមគ្រួសារ មានទីលំនៅក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ បានធ្វើដំណើរមកកាន់ខេត្តសៀមរាប គោលបំណងសំខាន់ចង់ឃើញការដាក់តាំងបង្ហាញរបស់សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី នូវស្នាដៃសំពត់ហូល ផាមួង ជាស្នាដៃរបស់គាត់បានត្បាញដោយផ្ទាល់ដៃ ដោយទឹកចិត្តស្រឡាញ់ ចង់ថែរក្សាស្នាដៃកម្រទាំងនោះកុំឱ្យបាត់បង់ ទើបអ្នកស្រីសម្រេចចិត្តប្រគល់សមុច្ច័យទាំងនោះ មកកាន់សារមន្ទីរដើម្បីថែរក្សា និងអភិរក្សបន្តទុកឱ្យកូនចៅជំនាន់ក្រោយ។
អ្នកស្រី លី ណៃស្រ៊ីម បានបង្ហាញអារម្មណ៍រំភើបយ៉ាងក្រៃលែង ក្រោយពេលបានចូលមកទស្សនាសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី បានឃើញសំពត់ហូលរបស់អ្នកស្រីធ្លាប់ត្បាញដោយផ្ទាល់ដៃ ក្នុងសម័យ លន់ ណុល ជាហូលក្បាច់គោមបាត់ដំបង ដោយប្រថុយជីវិតលាក់ទុកក្នុងខ្នើយកើយកាលពីសម័យ ប៉ុល ពត មកដាក់តាំងបង្ហាញនៅក្នុងសារមន្ទីរជូនភ្ញៀវជាតិ អន្តរជាតិ ជាពិសេសកូនខ្មែរជំនាន់ក្រោយ បានឃើញ និងសិក្សាឈ្វេងយល់បន្ត៕