អំពើជួញដូរមនុស្សនៅតែក្តៅសម្រាប់កម្ពុជា

ទិវានេះ​បាន​ធ្វើ​ឡើង​ក្រោម​ប្រធានបទ «​រួមសហការ​គ្នា​ដើម្បី​កម្ពុជា​គ្មាន​អំពើ​ជួញដូរ​មនុស្ស »។ សម្តេច​ក្រឡាហោម ស ខេង ​បាន​លើក​ឡើងថា បញ្ហា​ការ​ជួញដូរ​មនុស្ស​នេះ​នៅតែ​ជា​បញ្ហា ស្មុគស្មាញ និង​ក្តៅគុកសម្រាប់​រដ្ឋាភិបាល និង​បណ្តា​ប្រទេស​នៅ​ក្នុងពិភពលោក​​ដែល​ត្រូវ​រួមគ្នា​បង្ការ​និង​ដោះស្រាយ​។​

​          សម្តេច​ បាន​បន្ត​ថា​ «​រាជរដ្ឋាភិបាល​បញ្ជាក់​សារជាថ្មី នូវ​ការ​ប្តេជ្ញាចិត្ត​បន្ត​ប្រយុទ្ធប្រឆាំង​អំ ពើ​ជួញដូរ​មនុស្ស ក្នុង​គោលដៅ​ការពារ និង​លើកកម្ពស់ សុវត្ថិភាព​របស់​មនុស្ស​គ្រប់រូប និង សន្តិសុខ​សង្គម ក៏ដូចជា​លើកកម្ពស់​ការគោរព​សិទ្ធិ សេចក្តីថ្លៃថ្នូរ​និង​ផលប្រយោជន៍​របស់​មនុស្ស​គ្រប់​ភេទ​គ្រប់​វ័យ ដែល​ត្រូវបាន​បំផ្លាញ​ដោយ​ជនល្មើស​នៃ​អំពើ​ជួញដូរ​មនុស្ស​ដោយ ការ​កេងប្រវ័ញ្ច និង​ការ​រំលោភបំពាន គ្រប់​រូបភាព​ឲ្យ​លទ្ធផល​ល្អប្រសើរ​ជា​អតិបរមា​»​។​

​          យ៉ាងណាក៏ដោយ​សម្តេច​ក្រ​ឡា​ហោម​ក៏បាន​អំពាវនាវ​ឲ្យ​មានការ​ចូលរួម​ពី​សំណាក់ស្ថាប័នពាក់​ព័ន្ធ​នានា ទាំង​ស៊ីវិល និង​រដ្ឋាភិបាល ទាំង​​នៅ​ថ្នាក់​ជាតិ​និង​ថ្នាក់ក្រោម​ជាតិ សហការគ្នា និង​រួម​គ្នា​​ជា​មួយ​ប្រទេស​ពាក់ព័ន្ធ​នៅក្នុង​តំបន់ និង​ពិភព ដើម្បីទប់​ស្កាត់ បង្ការ និង​ដោះ​ស្រាយ​។​ ក្នុងនោះ​ដែរ ពលរដ្ឋ​ទាំងអស់​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​អំពី​អំពើ​ជួញដូរ​តាម​រូបភាព​ផ្សេងៗ​ដូច ជា​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប និងតាម​ប្រព័ន្ធ​អន​ឡាញ​ផងដែរ។

ជាមួយគ្នា​នោះ​សម្តេច​ក្រឡាហោម ស ខេង​ក៏បាន​បញ្ជាក់​បន្ថែមទៀត​ផងដែរ​ថា កម្ពុជា បាន​នឹង​កំពុង​ខិតខំ​ជម្រុញ​អនុវត្ត​គោលការណ៍​ទាំងឡាយ ដែលមាន​ចែង​ក្នុង​កតិកាសញ្ញា​ពិភព​លោក​«​ស្តីពី​ទេស​ន្ត​ប្រវេសន៍​ដោយ​សុវត្ថិភាព​រៀបរយ​និង​ស្របច្បាប់​» ដែល​ហៅ​កាត់​ថា GCM​ និង​ជំរុញ​បន្ថែមទៀត​នូវ​ការអនុវត្ត​អនុសញ្ញា​អន្តរជាតិ «​ស្តីពី​ការប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លង ដែន ដែលមាន​អង្គការ​ចាត់តាំង​»​ និង​កិច្ចព្រមព្រៀង​ទាំង​ទ្វេភាគី​ពហុភាគី​ឲ្យ​បាន​ម៉ឺងម៉ាត់​ផង ដែរ​។​​     

លោក​បូជាចារ្យ​ សួន ហង់ លី ទទួលខុសត្រូវ​លើព្រះសហគមន៍មណ្ឌលសកម្មភាព​ភ្នំពេញថ្មី មាន​ប្រសាសន៍​ថា អំពើ​ជួញដូរ​មនុស្ស​​ប្រាស​ចាក​ពីជំនឿ​របស់​ព្រះសហគមន៍ ដែល​ផ្តល់​តម្លៃ និង​គោរព​​ដល់​ជីវិត​។ លោកបូជាចារ្យបញ្ជាក់ថា «គ្រីស្ត​បរិស័ទ​ គឺ​យក​ចិត្ត​ទុកដាក់​គោរព​តម្លៃ​របស់​មនុស្ស ហើយ​ការ​ជួញ​ដូរ​មនុស្ស​តាម​រូបភាព​ណាក៏​ដោយ​មិនថា​ការ​កេង​ប្រវ័ញ្ច​ខាង​សេដ្ឋកិច្ច ខាង​កម្លាំងកាយ ឬកម្លាំងចិត្ត​ក្ដី គឺ​ជារឿង​មិនត្រឹម​ត្រូវ​តាមជំនឿ​របស់​យើង និង​មិនគាប់ព្រះហឫទ័យព្រះជាម្ចាស់»។

លោក​បូជាចារ្យ​បន្ថែម​ថា លោកនឹង​យក​សេចក្ដី​ដែល​រដ្ឋាភិបាល​បានរៀបរាប់​នៅក្នុង​ទិវានេះទៅ​ផ្សព្វផ្សាយ​ដល់​​គ្រីស្ត​បរិស័ទ​យើង​ ដើម្បី​ការពារ​ជនចំណាកស្រុក​ និង​យក​ចិត្ត​ទុកដាក់​អធិដ្ឋាន​សូមព្រះជាម្ចាស់ជួយបំភ្លឺណែនាំដល់​ជនល្មើសឲ្យ​កែប្រែចិត្តគំនិត ព្រមទាំង​ជួយរាយការណ៍ទៅសមត្ថកិច្ចនៅពេល​ឃើញមានអំពើជួញដូរមនុស្ស។​​ លោក​ថា​គោលនយោបាយនេះ​ពិតជាស៊ីជាមួយគ្រីស្ត​បរិស័ទ​ក្នុង​ការជួយ​ដល់​អ្នក​ទន់ខ្សោយ៕

Daily Program

Livesteam thumbnail