សិល្បៈជាចំណែកមួយនៃជីវិតសង្គម
កាលពីពេលកន្លងទៅថ្មីៗនេះ នៅក្នុងទិវាមហោស្រពសិល្បៈជាតិ ការសម្តែងល្ខោនអប់រំមួយ ស្តីពីជីវិតនៅក្នុងសង្គម សម្តែងដោយសិស្សសាលាមធ្យមវិចិត្រសិល្បៈ និងក្រុមសិស្សនៃអង្គការមួយក្នុងខេត្តបាត់ដំបងសិល្បករបានសម្តែងដោយលើកយកបញ្ហារបស់ស្ត្រីនៅក្នុងសង្គមដែលពួកគេបានឃើញយកមកសម្តែង និងចងក្រងជាសាច់រឿង។
ការសម្តែងល្ខោនអប់រំ ដឹកនាំដោយក្រុមសិស្សនិងនិស្សិតនេះ ជាផ្នែកមួយនៃគម្រោង ដែលគេស្គាល់ថា ការប្រើប្រាស់សិល្បៈដើម្បីចូលរួមគ្នា លើកស្ទួយក្នុងតំបន់។ គម្រោងនេះ មានរយៈពេល៨ខែ គាំទ្រដោយក្រសួងការបរទេសនៃប្រទេសហូឡង់។
លោកស្រី ស្រី សុខា មន្ត្រីទទួលបន្ទុកកម្មវិធី របស់អង្គការ OXFAM មានប្រសាសន៍ថា គម្រោងនេះ មានគោលបំណងចំបង គឺការពង្រឹងសិទ្ធិ ការផ្លាស់ប្តូរជីវិតរស់នៅ របស់ប្រជាពលរដ្ឋ ក្នុងការកាត់បន្ថយការរើសអើងលើមនុស្សវ័យចំណាស់ យុវជន ជនមានពិការភាព ក្រុមមនុស្សស្រឡាញ់ភេទដូចគ្នា និងស្ត្រីរងគ្រោះពីអំពើហឹង្សា នឹងការកេញប្រវ័ញ្ចជាដើម។
លោកស្រីបានបញ្ជាក់ទៀតថា ការសម្តែងនេះក៏មានបំណង ផ្ញើសារទៅកាន់សង្គមតាមរយៈឆាកសម្តែង មានភាពច្នៃប្រឌិត បញ្ហា និងតម្រូវការពិតរបស់ប្រជាពលរដ្ឋ។
លោកស្រីស្រី សុខាបានបញ្ជាក់ថា៖ «មានភាពខុសប្លែកពីគេ ដែលគាត់ប្រើសិល្បៈការសម្តែង ល្ខោនរបស់សហគមន៍ ដើម្បីឆ្លុះបញ្ចាំងពីបញ្ហារបស់គាត់ ក្រៅពីឆ្លុះបញ្ចាំងហើយ គាត់ស្វែងរកគំនិតយោបល់ពីអ្នកចូលរួម ដែលមើលសិល្បៈរបស់គាត់ ដើម្បីអោយគាត់ឆ្លើយតបនឹងបញ្ហារបស់គាត់ »។
បញ្ហាដែលក្រុមសិល្បករ លើកយកមកសម្តែងនោះរួមមាន អំពើហឹង្សាក្នុងគ្រួសារ ការសេពគ្រឿងស្រវឹង ការប្រើប្រាស់គ្រឿងញៀន និងការលេងល្បែងស៊ីសងជាដើម។ បន្ទាប់ពីបញ្ចប់ការសម្តែង ទស្សនិកជនដែលចូលរួមក្នុងកម្មវិធីសម្តែងត្រូវបានសួរ ដើម្បីផ្តល់ជាដំណោះស្រាយបញ្ហាដែលកើតមានឡើង ប្រសិនបើសាច់រឿងនោះកើតឡើងពិតលើពួកគាត់។
កញ្ញា សន ម៉ាលី ជាទស្សនិកជន បាននិយាយថា៖ «ក្រោយពីមើលរឿងនេះចប់ ធ្វើអោយខ្ញុំព្យាយាមស្វែងរកដំណោះស្រាយទាក់ទងនឹងបញ្ហានេះ ដូច្នេះធ្វើអោយគិតថា ប្រសិនបើរឿងនេះកើតឡើងនៅក្នុងគ្រួសារយើង តើគួរដោះស្រាយបញ្ហានេះដូចម្តេច?»។
លោក ពៅ សំណាង ជាទស្សនិកជន បាននិយាយថា៖ «ខ្ញុំសប្បាយចិត្តនៅពេលដែលសហគមន៍ចេះស្វែងរកដំណោះស្រាយ ចេះចែករំលែកគ្នា និងចេះដោះស្រាយរួមគ្នា ហើយស្វែងករកដំណោះស្រាយរួមគ្នា»។
ក្រោយពីសម្តែងសិល្បករ ដែលបានចូលរួមសម្តែងបានអះអាងថា ខ្លួនបានផ្លាស់ប្តូរ ជាពិសេសបានទទួលចំណេះដឹងថ្មី គឺការចូលរួមដោះស្រាយបញ្ហាផ្សេងៗនៅក្នុងសង្គម ដែលខ្លួនមិនធ្លាប់បានដឹង។
អ្នកស្រី ពៅ សុវណ្ណ ជាសិល្បការនី បាននិយាយថា៖ «នេះជាឱកាសពិសេស ព្រោះថានៅក្នុងការសម្តែង មានបញ្ចូលបញ្ហាសង្គម ដូចជា នៅក្នុងភូមិរបស់ខ្ញុំ មានបញ្ហាគ្រឿងញៀន ជាដើម»៕