វត្ថុបុរាណខ្មែរចំនួន៥ នឹងដល់មាតុភូមិក្នុងពេលឆាប់ៗនេះ
ក្នុងដំណាក់កាលដំបូង វត្ថុបុរាណខ្មែរចំនួន៥រូប ក្នុងនោះមានបដិមាព្រះឥសូរ និងព្រស្កន្ទ (សិវស្កន្ទ) ធ្វើពី្ថ្មភក់ មកពីរមណីយដ្ឋានកោះកេរ្តិ៍ និងកន្សៃទូកធ្វើពីសំរឹទ្ធ នឹងត្រូវបញ្ជូន មកដល់មាតុភូមិកម្ពុជាក្នុងពេលឆាប់ៗនេះ។
យោងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងវប្បធម៌ និងវិចិត្រសីល្បៈ ដែលបណ្តាញព័ត៌មាន RVA Khmer ទទួលបានកាលពីយប់មិញ បានឱ្យដឹងថា ក្រសួងវប្បធម៌ និងវិចិត្រសីល្បៈ មានសេចក្តីរីករាយ សូមជម្រាបជូនព័ត៌មានដល់សាធារណជន ជ្រាបថា បន្ទាប់ពីដំណើរការចរចាអស់ជាងបីឆ្នាំ ក្រុមគ្រួសាររបស់លោក ឌូគ្លាស ឡាចហ្វដ (Douglas Latchfored) បានព្រមព្រៀងបញ្ជូនវត្ថុបុរាណខ្មែរ ទាំងអស់ដែលបានកាន់កាប់រក្សាទុក មកប្រគល់ជូនប្រទេសកម្ពុជាវិញ។ វត្ថុបុរាណខ្មែរចំនួនជាង ១០០រូប ធ្វើអំពីថ្ម និងសំរឹទ្ធ រួមទាំងសម្បត្តិវប្បធម៌ ខ្មែរជាច្រើនទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញជាបន្តបន្ទាប់។ ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀមមួយ ស្តីពីការបញ្ជូនត្រឡប់មកវិញនៃសម្បត្តិវប្បធម៌ខ្មែរ នាថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០២០។
លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសីល្បៈ បានគូសបញ្ជាក់ថា សុខសន្តិភាព និងស្ថិរភាពនយោបាយនាពេលបច្ចុប្បន្ន តាមរយៈគោលនយោបាយឈ្នះ ឈ្នះ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺជាមូលដ្ឋានចំបងក្នុងការវិលត្រឡប់នៃព្រលឹងបុព្វបុរសខ្មែរ ដែលបានរសាត់ឆ្ងាយពីមាតុភូមិកន្លង។ កិច្ចការដ៏លំបាកស្មុគស្មាញនេះអាចសម្រេចទៅបាន ក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ និងគាំទ្រយ៉ាងពេញទំហឹងពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងកិច្ចសហការជួយសម្រមសម្រួលពីក្រសួងពាក់ព័ន្ថនានា និងឥស្សរជនជាច្រើរូបទៀតតាំងក្នុងសា្ថបន័រដ្ឋ និងផ្នែកឯកជន។ ការបញ្ជូនត្រឡប់មកកម្ពុជាវិញនូវសម្បត្តិវប្បធម៌ខ្មែរ ដែលបានបាត់បង់ ហើយការបញ្ជូនត្រឡប់មកវិញនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសម្រាប់ប្រជាជនកម្ពុជា និងពិភពលោក។ ក្រសួងនឹងបន្តធ្វើកិច្ចការងារនេះ ដើម្បីការពារនិងថែរក្សាមរតកវប្បធម៌ខ្មែរ ដោយបន្តសហការជាមួយក្រុមគ្រួសាររបស់លោក Douglas Latchford ក៏ដូចជាអ្នកប្រមូលបុរាណរវត្ថុដទៃទៀតនៅទូទាំងពិភពលោក។
ទន្ទឹមនេះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកស្រី រដ្ឋមន្ត្រី បានថ្លែងអំណគុណដល់ លោកស្រី Nawapan Kriangsak ជាកូនស្រីរបស់លោក Douglas Latchford ដែលបានផ្តួចផ្តើមគំនិត និងមានសុឆន្ទៈក្នុងការរួមចំណែកលើកស្ទួយមរតកវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា។ លោកស្រី រដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់ក្រុមការងារនៃក្រសួងវប្បធម៌ និងវិចិត្រសីល្បៈ និងលោក Bradley James Gordon, លោក Steven Andrew Heimberg និងលោក Charles Webb ដែលបានធ្វើការជាមួយក្រសួងអស់រយៈពេលជាងបីឆ្នាំមកហើយ ក្នុងការចរចាបញ្ជូនសម្បត្តិវប្បធម៌ខ្មែរ ដែលមិនអាចកាត់ថ្លៃបានទាំងនេះវិលត្រឡប់មកកម្ពុជាវិញ។
លោកស្រី Nawapan Kriangsak បានលើកឡើងថា ៖«នៅពេលដែលខ្ញុំចាប់ផ្តើមធ្វើការពិភាក្សាលើបញ្ហានេះ កាលពីបីឆ្នាំមុន ខ្ញុំមិនដឹងថាកិច្ចនេះមានភាពស្មុគស្មាញនោះទេ។ ខ្ញុំមានសេចក្តីរីករាយ ដោយសុមុច្ច័យទាំងអស់នេះ ដែលបានប្រមូលទុកអស់ជាច្រើនទសវត្សរ៍មកហើយនោះ នឹងត្រូវវិលត្រឡប់ទៅស្រុកកំណើតដូនតា របស់ពួកគេនៅប្រទេសកម្ពុជាវិញ។ ខ្ញុំសូមថ្លៃអំណរគុណលោកស្រីរដ្ឋមន្ត្រី និងសហការីរបស់លោកស្រី ចំពោះចក្ខុវិស័យ និងកិច្ចសហប្រតិបត្តិការ ព្រមទាំងលោក Gordon, លោក Heimberg និងលោក Webb ចំពោះការលះបង់របស់ពួកគេ ក្នុងការនាំមកនូវលទ្ធផលជាវិជ្ជមាននេះ។
អ្នកអង្គម្ចាស់ក្សត្រី នរោត្តម ចាន់ស៊ីតា ដែលជាបុត្រីរបស់សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ជានាដការបាំព្រះរាជទ្រព្យខ្មែរ ដ៏ល្បីល្បាញជាអន្តរជាតិ បានថ្លែងថា ៖«ខ្ញុំរីករាយដែលទទួលដំណឹងថា វត្ថុបុរាណខ្មែរដ៏អស្ចារ្យនេះ នឹងវិលត្រឡប់មកកម្ពុជាវិញ ពីព្រោះរតនសម្បត្តិទាំងនេះត្រូវបាន បង្កើត ឡើងដោយព្រះរាជាខ្មែរ ជាច្រើនជំនាន់អស់ជាងប្រាំមួយរយឆ្នាំនៃអារ្យធម៌អង្គរ។ ខ្ញុំមានសេចក្តីរីករាយណាស់ ក្នុងនាមនៃគ្រួសាររាជវង្ស ដោយឃើញវត្ថុដ៏ ពិសិដ្ឋទាំងនេះត្រឡប់មកកម្ពុជាវិញ»។
លោក សុខ ពុទ្ធិវុធ បានលើកកឡើងថា ការវិលត្រឡប់នៃវត្ថបុរាណខ្មែរ ដ៏វិសេសវិសាលនេះ គឺស្របតាមបំណងប្រាថ្នារបស់ឪពុកខ្ញុំ សម្តេចវិបុលបញ្ញា សុខ អាន អតីតឧបនាយរដ្ឋមន្ត្រី ក្នុងបុព្វហេតុថែរក្សាវប្បធម៌ខ្មែរ និងលើកស្ទួយមោទកភាពចំពោះប្រវត្តិសាស្រ្តជាតិ។ ខ្ញុំនឹងបន្តចូលរួមស្វែងរកវិធីថ្មីៗ ដើម្បីចែករំលែកដល់ពិភពលោកនូវសមិទ្ធផលវប្បធម៌ និងប្រវត្តិសាស្ត្រដ៏អស្ចារ្យរបស់កម្ពុជា។ ខ្ញុំរីករាយនឹងបន្តចូលរួមចែករំលែកនូវកិច្ចខិតខំប្រឹងប្រែង ដើម្បីនាំយកសម្បត្តិវប្បធម៌ខ្មែរ មកកម្ពុជាវិញបន្តបន្ទាប់ទៀត។
លោកស្រី បណ្ឌិតរដ្ឋមន្ត្រី ក៏បានសម្តែងនូវអំណរគុណចំណោះការចូលរួមវិភាគទានដ៏មានតម្លៃរបស់ការិយាល័យរដ្ឋអាជ្ញាសហរដ្ឋអាមេរិក ប្រចាំតំបន់ភាគខាងត្បូងទីក្រុងញូវយ៉ក ភ្នាក់ងារស៊ើបអង្កេតសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក និងស្ថានទូតសហរដ្ឋអាមេរិកនៅទីក្រុងភ្នំពេញ។ លោកស្រិ បន្តទៀតថា ការខិតខំរួមគ្នាជាមួយសហរដ្ឋអាមេរិក គឺជានិមិត្តរូបនៃចំណងមិត្តភាពដ៏ល្អរវាងកម្ពុជា និងសហរដ្ឋអាមេរិក និងស្របពេលនៃការរំលឹកខួបលើកទី៧០ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ លោកស្រីរដ្ឋមន្ត្រី ជឿជាក់ថា ព្រឹត្តិការណ៍ទាំងនេះ បង្ហាញពីទស្សនវិស័យដ៏រឹងមាំនៃកិច្ចសហប្រតិបត្តិការនាពេលអនាគត ដែលជាការលើកកម្ពស់តម្លៃនៃសម្បត្តិវប្បធម៌ខ្មែរ ទុកជាគុណប្រយោជន៍ដ៏ខ្ពង់ខ្ពស់ មិនសម្រាប់តែចំពោះប្រជាជនខ្មែរប៉ុណ្ណោះឡើយ ក៏ប៉ុន្តែក៏ជាបេតិកភណ្ឌដ៏ថ្លៃថ្លាសម្រាប់មនុស្សជាតិទាំងមូលផងដែរ៕
ដោយ សុផានិត