ព្រះសហគមន៍កាតូលិកកម្ពុជាភូមិភាគភ្នំពេញ ជូនម៉ាស ចំនួន២ម៉ឺន ម៉ាស​ដល់គណៈដឹកនាំជាន់ខ្ពស់​នៃសាសនាឥស្លាមកម្ពុជា

នៅរសៀលថ្ងៃទី១៨ ខែមិថុនានេះ មានលោកបូជាចារ្យកាតូលិក សួន ហង្សលី តំណាងពេញសិទ្ធិ លោក​អូលីវីយ៉េ ជ្មិតហស្លេ អភិបាល ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានជូនម៉ាសចំនួន២ម៉ឺនម៉ាស​ដល់គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ដែលទទួលដោយលោកសឹម ម៉ាត់ទោត តំណាងឲ្យ​លោកឧញ៉ាសុះកំរ៉ី ជាគណៈដឹកនាំ។

 

ក្នុងពិធីប្រគល់ម៉ាស់នេះ លោកបូជាចារ្យកាតូលិក សួន ហង្សលី បានអានលិខិតរបស់​លោកអភិបាល​អូលីវីយ៉េ ផ្ញើជូនលោកឧញ៉ា សុះកំរ៉ី អំពីកិច្ចការមួយចំនួន​ដែលព្រះសហគមន៍​កាតូលិកបាន និងកំពុងធ្វើក្នុងអំឡុងពេលនៃការរាលដាលនៃជំងឺកូវីដ១៩ក្នុងប្រទេសកម្ពុជា។ លោក បន្តថា ក្នុងពេលនេះ កាតូលិកកម្ពុជាភូមិភាគភ្នំពេញ មានសេចក្តីសោមនស្សរីករាយ​សូមផ្តល់ជូននូវម៉ាសចំនួន ២ម៉ឺនម៉ាស ដល់ លោកឧកញ៉ា នៃដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ដើម្បីប្រើប្រាស់ និងចែកជូនបងប្អូនប្រជាពលរដ្ឋតាមសេចក្តីត្រូវការ ក្នុងការពារ និងប្រយុទ្ធប្រឆាំ​នឹងការឆ្លង​រីករាលដាល់នៃមេរោគឆ្លងកូវីដ១៩។

 

ក្នុងឱកាសនោះដែរ លោកសឹម ម៉ាត់ទោត បានមានប្រសាសន៍ថ្លែង​អំណរគុណ​យ៉ាងខ្លាំង​ចំពោះ​ព្រះសហគមន៍កាតូលិក ដែលតែងតែយកចិត្តទុកដាក់ និងបង្ហាញនូវសាមគ្គីភាព ចំពោះ បងប្អូនសាសនាឥស្លាមនៅកម្ពុជា។ លោកបន្តថា នេះជាលើកទី២ហើយដែលព្រះសហគមន៍កាតូលិក ​បានយកសម្ភារបរិក្ខា​ដើម្បីទប់ទល់​នឹង​កូវីដ១៩ ជូនដល់គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ដែលលើកទី១ គឺមានម៉ាស​និងអាកុល។​

 

សូមជំរាបថា ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ដឹកនាំដោយលោកអភិបាលអូលីវីយ៉េ បានយកចិត្តទុក ដាក់យ៉ាងខ្លាំង​ ក្នុងការចូលរួមប្រយុទ្ធប្រឆាំង នឹងមេរោគឆ្លងកូវីដ១៩។ ជាពិសេស យកចិត្តទុកដាក់ ចំពោះបងប្អូនដែលងាយរងគ្រោះ និងរងផលប៉ះពាល់​យ៉ាងខ្លាំង ពីកូវីដ១៩ ដូចជា​ការចែកស្បៀង និងម្ហូបអាហារ ដល់អ្នកខ្វះខាត និងជនក្រីក្រក្នុងតំបន់បិទខ្ទប់ជាដើម​ចំនួនជាង១០០០ គ្រូសារ ក៏ដូចជាការប្រគល់ម៉ាសជូន ក្រសួងមន្ទីរ និងអាជ្ញាធរមូលដ្ឋានផងដែរ។ ក្នុងពេលតែមួយព្រះសហគមន៍កាតូលិក​ភូមិភាគភ្នំពេញ​ក៏បានបន្តកិច្ចខិតខំប្រឹងប្រែងកសាងសន្តិភាព​ និងសុខដុមរមនាកម្មសាសនា ដោយថ្វាយ ប្រគេន និងជូនម៉ាសដើម្បីការពារមេរោគឆ្លងកូវីដ១៩ ដល់សម្តេចព្រះសង្ឃរាជទំាងពីរគណៈ ប្រគេនដលើព្រះសង្ឃតាមវត្ត និង ប្រគល់ជូន គណៈដឹកនាំជាន់ខ្ពស់នៃសាសនា​ឥស្លាម​កម្ពុជា​នាពេលនេះ​ ៕

Daily Program

Livesteam thumbnail