​រដ្ឋបាលរាជធានីភ្នំពេញ មិនអនុញ្ញាតឱ្យ​គណបក្ស កម្លាំងជាតិ ប្រើទីលានប្រជាធិបតេយ្យ ដើម្បីរៀបចំសមាជវិសាមញ្ញឡើយ

រដ្ឋបាលរាជធានីភ្នំពេញ ពុំអនុញ្ញាតឱ្យគណបក្ស កម្លាំងជាតិប្រើប្រាស់​ទីតាំងទីលានប្រជាធិបតេយ្យ ដើម្បីរៀបចំសមាជវិសាមញ្ញ នៅថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០២៥​ បានទេ ដោយមូលហេតុផ្អែកទៅតាមច្បាប់ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធីទីលានប្រជាធិបតេយ្យ គឺជាទីកន្លែងសម្រាប់បញ្ចេញមតិ ជាសាធារណៈតែប៉ុណ្ណោះ ពុំមែនជាទីកន្លែងសម្រាប់គណបក្សនយោបាយណាមួយរៀបចំធ្វើសមាជនោះទេ។

​នេះ​បើយោងតាម​លិខិត​ដែល​លោក សុខ ពេញវុធ អភិបាលរងសាលារាជធានីភ្នំពេញ បាន​ផ្ញើជូន​លោក ជា មុនី ប្រធានស្តីទីគណបក្សកម្លាំងជាតិ កាលពីថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២៤។​

​​​លោកបានបញ្ជាក់ថា ៖ «រដ្ឋបាលរាជធានីភ្នំពេញ សូមណែនាំឱ្យគណបក្សកម្លាំងជាតិធ្វើការជួបជុំសមាជិក សមាជិកា រៀបចំសមាជវិសាមញ្ញ នៅទីស្នាក់ការគណបក្សរបស់ខ្លួន ដោយមិនត្រូវធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងអនុវត្តឱ្យស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា»។

សូមរម្លឹកដែរថា ​លោក ជា មុនី កាលពីថ្ងៃទី​១២ បានដាក់លិខិតជូនសាលារាជធានីភ្នំពេញ ស្នើសុំទីតាំ​ងទីលានប្រជាធិបតេយ្យ ដើម្បីរៀបចំសមាជវិសាមញ្ញ របស់គណបក្ស កម្លាំងជាតិ គណបក្ស កម្លាំងជាតិ។

គណបក្សកម្លាំងជាតិ ជាគណបក្សដែលបានចុះឈ្មោះក្នុងបញ្ជីគណបក្ស នយោបាយនៅក្រសួងមហា​ផ្ទៃតាមប្រកាសលេខ៤៩៣១ ប្រក ចុះថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ ស្តីពីការចុះ ឈ្មោះក្នុងបញ្ជីគណបក្សនយោបាយ។

លោក ជា មុនី បញ្ជាក់ថា ៖ «គណបក្សកម្លាំងជាតិ នឹងរៀបចំសមាជវិសាមញ្ញ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៦:៣០-១៥:០០ តទៅ ដែលមានសមាជិកអញ្ជើញចូលរួម ប្រមាណ ១,៥០​០​នាក់»។

ចំពោះទីតាំងនៃសមាជវិសាមញ្ញនេះ គណបក្ស កម្លាំងជាតិ ស្នើសុំទីលានប្រជាធិបតេយ្យដើម្បី រៀបចំ ព្រោះជាទីតាំងធំទូលាយ និងមិនប៉ះពាល់ដល់សណ្តាប់ធ្នាប់ និងការធ្វើចរាចររបស់​ប្រជាព​លរដ្ឋឡើយ។

កាលពីថ្ងៃទី​១៥ ខែសីហា គណបក្សកម្លាំងជាតិ បានទទួលលិខិតអញ្ជើញពីសាលារាជធានីភ្នំពេញ ដើម្បីឱ្យតំណាងគណបក្សកម្លាំងជាតិ ប្រជុំពិភាក្សាស្តីពីការជូនដំណឹងរៀបចំសមាជវិសាមញ្ញ នៅរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤នេះ​៕

 

 

 

 

Daily Program

Livesteam thumbnail