​ប្រជាពលរដ្ឋ មន្រ្តីអង្គការ និងគណបក្សនយោបាយ ប្រមូលផ្តុំគ្នាគោរពវិញ្ញាណក្ខន្ធខួប៩ឆ្នាំ លោកបណ្ឌិត កែម ឡី ​

នាព្រឹក​ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ នេះ ប្រជាពលរដ្ឋ បណ្តាញយុវជន រួមជាមួយតំណាងអង្គការសង្គមស៊ីវិល សមាគម និងគណបក្សនយោបាយ បានរួមគ្នាប្រារព្ធពិធីដាក់កម្រងផ្កា និងរំលឹកដល់វិញ្ញាណក្ខន្ធលោកបណ្ឌិត កែម ឡី អ្នកវិភាគនយោបាយដ៏ល្បីល្បាញ ដែលបានបាត់បង់ជីវិតដោយឃាតកម្មកាលពី ៩ ឆ្នាំមុន។

ពិធីរំលឹកដល់វិញ្ញាណក្ខន្ធនេះត្រូវបានធ្វើឡើងនៅកន្លែងដែលលោកបណ្ឌិតត្រូវបានបាញ់សម្លាប់ ម្ដុំស្តុបបូកគោ រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។ ​នៅក្នុងពិធីនោះ​ ប្រជាពលរដ្ឋ និងមន្រ្តីសង្គមស៊ីវិល បាននាំគ្នាយកផ្កា និងធូបទៀន​ទៅដាក់គោរពវិញ្ញាណក្ខន្ធលោកបណ្ឌិត។

លោកបណ្ឌិត កែម ឡី ត្រូវបានគេចងចាំថាជាអ្នកវិភាគសង្គម និងនយោ​បាយមួយរូប ដែលហ៊ាននិយាយការពិត ហ៊ានរិះគន់ដោយត្រង់ៗ និងតែងតែ​ផ្តល់ជា​ទស្សនៈស្ថាបនាដើម្បីបុព្វហេតុប្រជាធិបតេយ្យ និងយុត្តិធម៌​សង្គម​នៅកម្ពុជា។ ​

​          ពួកគេបានសំដែងការគោរព និងដឹងគុណចំពោះការលះបង់របស់លោក ព្រមទាំងប្ដេជ្ញាចិត្តថា នឹងបន្តផ្សព្វផ្សាយនូវគំនិត និងឧត្តមគតិរបស់លោក​ ដើម្បីរួមចំណែកដល់ការកសាងសង្គមមួយដែលប្រក​បដោយតម្លាភាព គណនេយ្យភាព និងយុត្តិធម៌ពិតប្រាកដ។

លោក ឃុន ថារ៉ូ ប្រធានគ្រប់គ្រងកម្មវិធីការងារអង្គការសង់ត្រាល់លើកឡើង​ក្នុងឱកាស​គម្រប់ខួប ៩ ឆ្នាំរបស់​លោកបណ្ឌិតកែម ឡីថា ការប្រារព្ធខួបនេះ​គឺជាការរំលឹក​នូវ​ការ​ចងចាំ​ពីវីរៈភាព​របស់លោកបណ្ឌិត​។

លោកបានបន្តថា​អ្វីដែល​សង្គម​មិនអាច​បំភ្លេចបាននោះគឺគុណតម្លៃនៃការចូលរួម​របស់​លោកបណ្ឌិត ក្នុង​បេសកកម្ម​ដើម្បីជាបុព្វហេតុ​ផលប្រយោជន៍រួម ផលប្រយោជន៍​របស់​សង្គម​ និងយុត្តិធម៌សង្គម ជាពិសេសគឺការជំរុញ​ឱ្យសង្គមមួយមានការគោរព​នូវ​គោលការណ៍​ប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្ស និងយុត្តិធម៌សង្គមដែល​ជាមូលដ្ឋានគ្រឹះ​នៃ​សន្តិភាព។

លោកបានបញ្ជាក់ថា ៖ «ក្នុងនាមយើងជាយុវជនជំនាន់ក្រោយ យើងនៅតែបន្តស្មារតីបេសកកម្មដែលជាគុណតម្លៃរបស់​លោកបណ្ឌិត ហើយស្មារតីនេះនៅតែជា​បន្ត បើទោះបីជា​មកដល់ពេលនេះ​មានរយៈពេល​៩ឆ្នាំក៏ដោយ ប៉ុន្តែ​យុត្តិធម៌សង្គមមិនត្រូវបាន​ផ្តល់ជូន​ទៅដល់​លោកបណ្ឌិត រួមទាំង​ក្រុមគ្រួសារ និង​ពលរដ្ឋជាង១៧លាននាក់នៅឡើយ»។

ក្នុងឱកាសនោះដែរ លោក ឃុន ថារ៉ូ ក៏បាន​ស្នើឱ្យមានការលុបបំបាត់នូវ​វប្បធម៌និទណ្ឌភាព ដែលកើតមានឡើងចំពោះសង្គមមួយ​វាគឺគ្រោះថ្នាក់ ជាឧបសគ្គ​នៅក្នុង​ការជំរុញ​ឱ្យមាននូវ​យុត្តិធម៌សង្គម​ និង​ជាឧបសគ្គសម្រាប់​យុវជនជំនាន់​ក្រោយផងដែរ។

ចំណែកលោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ហៅកាត់(IDEA) ក៏បាន​ថ្លែង​ឱ្យដឹងដែរថា ប្រជាពលរដ្ឋ​ខ្មែរមិន​ដែល​បំភ្លេច​នូវ​វី​រភាព និងស្នាដៃរបស់​លោកបណ្ឌិត កែម ឡីជានិច្ច​ដែលលោក​បាន​បន្សល់​ទុកស្នាដៃ​ជាច្រើន ជាពិសេសស្នាដៃបណ្តុះគំនិត​ ស្មារតី​សម្រាប់​កូនខ្មែរ​គ្រប់​រូប​ទាំងអស់គ្នា។

លោកបានថ្លែងថា ៖ «យើងនៅចងចាំ និងគោរពវិញ្ញាណក្ខន្ធ​លោកបណ្ឌិត​ជារៀង​រាល់​ឆ្នាំ​ ដែលយើងគិតថាថ្ងៃ​នេះជាថ្ងៃប្រវត្តិសាស្ត្រ​ដែលយើងបានបាត់​បង់វីរបុរស​ខ្មែរ​ គឺជា​ប្រវត្តិសាស្ត្រ​ដែលខ្មែរទាំងអស់គ្នា​ត្រូវតែចងចាំជានិច្ច​នូវទ្រឹស្តី និងគំនិតសំខាន់ៗរបស់​លោកបណ្ឌិតកែម ឡី»។

ជាមួយគ្នានោះដែរ លោក វន់ ពៅ បាន​អំពាវនាវ​ដល់​ប្រព័ន្ធយុត្តិធម៌ជាតិ​ និង​អន្តរជាតិត្រូវតែស្រាវ​ជ្រាវ​ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតដើម្បី​ឱ្យក្រុមគ្រួសារ​ និង​លោកបណ្ឌិត​ស្ងប់ចិត្ត រួមមនឹង​សាធារណជន ប្រជាជន​ស្ងប់ចិត្តថាយុត្តិធម៌មាន​ពិតប្រាក​ដ​សម្រាប់លោកបណ្ឌិតកែម ឡី និង​អ្នកគាំទ្រទាំងអស់គ្នា។

ប្រធាន​សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (សមាគមអាដហុក) លោក នី សុខា បាន​លើកឡើង​ក្នុង​ឱកាសខួប​៩ឆ្នាំ​របស់​លោកបណ្ឌិត​ កែម ឡី ដែរថា នៅពេលដែលមានវត្តមានរបស់​លោកបណ្ឌិត កែម ឡី គឺទាំងសង្គមស៊ីវិល និងប្រជា​ពលរដ្ឋ​​ទទួលបាននូវព័ត៌មានជាក់លាក់ច្រើន​ ព្រោះតាមរយៈស្នាដៃរបស់​លោក​បណ្ឌិត​ដែល​​លោកបាន​ស្រាវជ្រាវដើម្បីវិភាគ​ជូនសង្គមនេះ គឺ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​កាន់តែទទួល​បាននូវ​ព័ត៌មានកាន់តែទូលំទូលាយ​។

លោកបានបន្តថា នៅពេលដែលបាត់វត្តមាន​របស់​លោកបណ្ឌិតកែម ឡី គឺជារឿងមួយដែលហាក់​ធ្វើ​ឱ្យ​លោក ក៏ដូចជា​ប្រជាពលរដ្ឋ​ផ្សេងទៀត​បាត់បង់នូវ​ព័ត៌មានពិត​មួយ​ផងដែរ ដែលជា​ការខាតបង់​របស់​សង្គមមួយដែរ។

«ខ្ញុំគិតថាការខាតបង់នេះមិនមែនតែសម្រាប់យើង​ក្នុងនាមជាសង្គមស៊ីវិលឬអ្នកគាំទ្រ​កែមឡីនិយមទេ តែសូម្បីតែរដ្ឋាភិបាល​ក៏ខាតបង់ដែរ ព្រោះ​រដ្ឋាភិបាលក្តី អាជ្ញាធរក្តី​ក៏ធ្លាប់បានស្តាប់ប្រសាសន៍​ និងការវិភាគរបស់លោកបណ្ឌិត កែម ឡី ហើយពួកគាត់យកគំនិតទាំងអស់នោះទៅឆ្លុះបញ្ចាំង​ពីការពិតនៅក្នុង​សង្គមផងដែរ»។

រីឯលោក រ៉ុង ឈុន ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ ក៏បានអំពាវនាវ​ឱ្យ​រាជ​រដ្ឋាភិបាល​ពន្លឿន​ស្វែងរកឃាតករពិត និងអ្នកនៅក្រោយខ្នង​របស់ឃាតករ​យកមកផ្តន្ទាទោស​តាម​ផ្លូវ​ច្បាប់ដើម្បី​ផ្តល់យុត្តិធម៌​ជូនលោកបណ្ឌិត កែម ឡី គ្រួសារ និងប្រជាពលរដ្ឋ​ផងដែរ។​

លោកថា ៖​ «យើងមិនចង់​ឃើញអំពើ​និទណ្ឌភាព​បន្ត​កើត​មាន​នៅ​លើ​ទឹកដី​របស់​កម្ពុជា​ទៀតទេ ត្រូវបញ្ចប់អំពើនិទណ្ឌភាព​ ហើយក៏ត្រូវបញ្ចប់នូវរាល់អំពើឃាតកម្ម​មកលើ​អ្នកវិភាគ ក៏ដូចជាមេសហជីព និងអ្នកនយោបាយផងដែរ»៕​

 

ដោយ មុំគន្ធា

 

 

 

 

Daily Program

Livesteam thumbnail