សម្តេចប៉ាបឡេអូទី១៤៖ យើងត្រូវតែធ្វើអ្វីគ្រប់យ៉ាងដើម្បីទ្រទ្រង់គ្រួសារ
សម្តេចប៉ាប ឡេអូ ទី១៤ បានសំដែងការស្វាគមន៍សាស្ត្រាចារ្យ និងនិស្សិតមកពីវិទ្យាស្ថានទ្រឹស្ដីសាសនាសម្តេចប៉ាប យូហាន ប៉ូល ទី២ សម្រាប់ការសិក្សាអំពីអាពាហ៍ពិពាហ៍និងគ្រួសារ ដោយគូសបញ្ជាក់ថា គ្រប់ទីកន្លែង និងជានិច្ចកាល យើងត្រូវបានអំពាវនាវឱ្យគ្រិស្តបរិស័ទខិតខំទ្រទ្រង់ ការពារ និងលើកកម្ពស់គ្រួសាររបស់ពួកគេ។
សម្តេចប៉ាបឡេអូ បានបញ្ជាក់ជាថ្មីនៅក្នុងសុន្ទរកថារបស់ទ្រង់នៅព្រឹកថ្ងៃសុក្រសប្តាហ៍មុន ទៅកាន់និសិ្សតនៅវិទ្យាស្ថាននោះ ថា “គ្រប់ទីកន្លែង និងជានិច្ចកាល យើងត្រូវបានអំពាវនាវឱ្យគ្រីស្ទបរិស័ទ យកចិត្តទុកដាក់ឲ្យបាន ច្បាស់លាស់ចំពោះគ្រួសារ “។
ដោយសង្កេតឃើញថាសង្គមបច្ចុប្បន្នមនុស្សជាតិកំពុងតែប្រឈមមុខនឹង បញ្ហាចម្រុះភាពនៅទូទាំងបរិបទសង្គម សេដ្ឋកិច្ច និងវប្បធម៌ផ្សេងៗគ្នា សម្តេចប៉ាបឡេអូបានមានបន្ទូលថា គ្រីស្តបរិស័ទត្រូវតែគាំទ្រគ្រួសារគ្រប់ពេលវេលា ហើយលើសពីអ្វីៗទាំងអស់គឺគួរតែយកចិត្តទុកដាក់តាមរយៈរបៀបរស់នៅដែលស្របនឹងដំណឹងល្អ។
សម្តេចប៉ាបឡេអូបានសង្កត់ធ្ងន់ថា ការប្រកាសដំណឹងល្អ ដែលព្រះជាម្ចាស់ចង់ឲ្យមនុស្សជាតិបានដឹងគឺ ផ្លាស់ប្តូរជីវិត និងសង្គម ឲ្យកាន់តែសកម្ម និងរួមគ្នាក្នុងការគាំទ្រគ្រួសារ ។
សម្តេចប៉ាបឡេអូបានគូសបញ្ជាក់ថា គុណភាពនៃជីវិតសង្គម និងនយោបាយរបស់ប្រទេសមួយត្រូវបានវាស់វែងជាពិសេសដោយរបៀបដែលវាអនុញ្ញាតឱ្យគ្រួសាររស់នៅបានល្អ មានពេលវេលាសម្រាប់ខ្លួនឯង និងដើម្បីបណ្តុះចំណងដែលរក្សាពួកគេឱ្យរួបរួមគ្នា៕