អ្នកផលិតមាតិកាតាមបណ្តាញសង្គម ក្រសួងតម្រូវឱ្យមានវិញ្ញាបនបត្របញ្ជាក់ការសិក្សាវិជ្ជាជីវៈ និងធ្លាប់ជាអ្នកព័ត៌មាន១ឆ្នាំ
ក្រសួងព័ត៌មាន នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានចេញប្រកាស ស្តីពី លក្ខខណ្ឌគុណវុឌ្ឍិ និងវិជ្ជាជីវៈសារព័ត៌មានសម្រាប់អ្នកអនុវត្តសកម្មភាពក្នុងវិស័យព័ត៌មាននិងសោតទស្សន៍។ ប្រកាសនេះ ក្រសួងបានស្នើឲ្យអ្នកសារព័ត៌មានគ្មានអង្គភាព និងអ្នកផលិតមាតិកា អ្នកមានប្រជាប្រិយភាព ត្រូវមានវិញ្ញាបនបត្របញ្ជាក់ការសិក្សាវិជ្ជាជីវៈសារព័ត៌មាន និងសោតទស្សន៍ពី ក្រសួងព័ត៌មាន ឬស្ថាប័ន ដែលមានការទទួលស្គាល់ដោយក្រសួងព័ត៌មាន។
ការអនុវត្តសកម្មភាពក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ គឺមានគោលបំណងដើម្បីកំណត់អំពីលក្ខខណ្ឌគុណវុឌ្ឍិ និងវិជ្ជាជីវៈសារព័ត៌មានសម្រាប់អ្នកអនុវត្តសកម្មភាពក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ ដើម្បីពង្រឹងសណ្តាប់ធ្នាប់សារព័ត៌មាន លើកកម្ពស់វិជ្ជាជីវៈសារព័ត៌មាន និងពង្រឹងគុណភាពព័ត៌មាន សុវត្ថិភាពព័ត៌មានសម្រាប់សារធារណជន។
ក្រសួងព័ត៌មាន បានកំណត់លក្ខខណ្ឌក្នុងការបង្កើត ចំពោះ អ្នកសារព័ត៌មានត្រូវមានអាយុចាប់ពី២០ឆ្នាំឡើងទៅ។ ម្យ៉ាងទៀត ត្រូវមានសញ្ញាបត្របរិញ្ញាបត្រ និងសញ្ញាបត្រដែលមានតម្លៃសមមូលឡើងទៅ និងត្រូវមានវិញ្ញាបនបត្របញ្ជាក់ការសិក្សាវិជ្ជាជីវៈសារព័ត៌មាន និងសោតទស្សន៍ពី ក្រសួងព័ត៌មាន ឬស្ថាប័ន ដែលមានការទទួលស្គាល់ដោយក្រសួងព័ត៌មាន។ ទន្ទឹមនឹងនេះ ត្រូវធ្លាប់បម្រើការងារជាអ្នកយកព័ត៌មានយ៉ាងតិច១ឆ្នាំ ដែលមានលិខិតបញ្ជាក់ទទួលស្គាល់ពីសាមីអង្គភាព ដែលខ្លួនសរសេរអត្ថបទផ្សាយ ឬកិច្ចសន្យាការងារចុងក្រោយ។
ជួយគ្នានេះ ប្រកាសដដែលនេះ ក៏បានកំណត់អ្នកធ្លាប់បានសរសេរអត្ថបទព័ត៌មានឱ្យអង្គភាពសារព័ត៌មានយ៉ាងតិចចំនួន៣ (បី)ហើយមានលិខិតបញ្ជាក់ទីកន្លែងរស់នៅ និងកិរិយាមារយាទពីឃុំ-សង្កាត់ រួមទាំងមានលិខិតបញ្ជាក់សុខភាពផ្លូវការ។ ពិសេស មិនធ្លាប់មានការតវ៉ាជាអាទិ៍លើអត្ថបទ ឬវីដេអូ ឬរូបភាព ឬវប្បធម៌ ឬក្បួនខ្នាត អក្សរសាស្ត្រ និងភាសាជាតិខ្មែរ ដែលរំលោភទៅលើក្រមសីលធម៌វិជ្ជាជីវៈ៕