អ្នកនំាពាក្យ៖ គ្មានការឃុំឃាំងខ្លួន លោក ស ខេង និងលោក ស សុខា ​នៅក្នុងគេហដ្ឋានដូចការផ្សព្វផ្សាយនោះឡើយ

លោក រ៉េន រតនៈ អ្នកនាំពាក្យរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស សុខា បានចេញសេចក្តីបដិសេដ​​ទៅលើផ្សព្វផ្សាយតាមបណ្តាញសង្គមលើកឡើងថា លោក ស ខេង និង លោក ស សុខា ត្រូវបានសម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យព័ទ្ធផ្ទះ និងឃុំខ្លួននៅក្នុងផ្ទះពាក់ព័ន្ធការមិនគាំទ្រគម្រោង CLV។

តាមរយៈ​សេចក្តីបដិសេដកាលពីថ្ងៃទី​២១ ខែសីហា បាន​ឱ្យដឹងថា ប៉ុន្មានថ្ងៃនេះ មានការផ្សព្វផ្សាយតាមបណ្តាញសង្គមដោយបានសរសេរថា​ ៖ «លោក ស ខេង និង ស សុខា ត្រូវបាន ហ៊ុន សែន បញ្ជាឱ្យព័ទ្ធផ្ទះនិងឃុំខ្លួននៅក្នុងផ្ទះ ពាក់ព័ន្ធការមិនគាំទ្រគម្រោង CLV។ ជាក់ស្ដែងនៅក្នុងប្រតិបត្តិការ ១៨ សីហា ឆ្នាំ២០២៤ កន្លងទៅ លោក ស ខេង និង ស សុខា មិនគាំទ្រហើយក៏មិនអនុញ្ញាតឲ្យកម្លាំង សមត្ថកិច្ចរបស់ខ្លួនចេញប្រតិបត្តិការដែរ។ យើងឃើញកម្លាំងដែលចេញប្រតិបត្តិការទាំងអស់ គឺជាកម្លាំងរបស់ហ៊ុន សែន និងទាហានយួនពាក់ឯកសណ្ឋានខ្មែរ»។

អ្នកនាំពាក្យបាន​បដិសេធយ៉ាងដាច់អហង្ការ និងចាត់ទុកថា ៖ «ការផ្សព្វផ្សាយ​នេះ គឺជាព័ត៌មានមិនពិត មានការរៀបចំសេណារីយ៉ូមួលបង្កាច់ ខុសការពិត ដែលមានចរិតបម្រើគោលបំណងដ៏ពិសពុលជ្រុលនិយមរបស់ខ្លួន ក្នុងការបំបែកបំបាក់សាមគ្គីភាព ឯកភាព ផ្ទៃក្នុងយ៉ាងរឹងមាំ ជាពិសេសក្នុងចេតនាបង្កើតឱ្យមានការភ័ន្តច្រឡំ និងមន្ទិលសង្ស័យមកលើគោលជំហររបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចំពោះគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាដែលកំពុង ដឹកនាំប្រទេស និងការពារផលប្រយោជន៍ជាតិ និងប្រជាជន»។

អ្នកនាំពាក្យបានបញ្ជាក់ដែរថា គ្មានការឃុំឃាំងខ្លួន លោក ស ខេង អនុប្រធានគណបក្ស ប្រជាជនកម្ពុជា និងលោក ស សុខា ​នៅក្នុងគេហដ្ឋានដូចការផ្សព្វផ្សាយនោះឡើយ ដោយ​លោក ស ខេង និង លោក ស សុខា មានសិទ្ធិសេរីភាពពេញលេញក្នុងបេសកកម្មការងារបម្រើជាតិ និង ប្រជាជនជាប្រក្រតី។

លោក រ៉េន រតនៈ បានសង្កត់ធ្ងន់ថា ៖ «អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចទាំង អស់ចំណុះក្រសួងមហាផ្ទៃ គឺជាអាជ្ញាធរ កងកម្លាំងបម្រើការពារផលប្រយោជន៍រួមរបស់ជាតិ និងប្រជាជន។ ពោលគឺពុំមែនជាអាជ្ញាធរកងកម្លាំងផ្តាច់មុខរបស់បុគ្គលណាមួយឡើយ»។

​ក្នុងនាមក្រសួងមហាផ្ទៃ លោក ស សុខា បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុតចំពោះរដ្ឋបាលរាជធានី-ខេត្ត កងកម្លាំងនគរបាលជាតិទូទាំងប្រទេស ឱ្យយកចិត្តទុកខ្ពស់ចំពោះសភាពការណ៍ធ្វើកុបកម្ម ផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់កើតចេញពីការបោះឆ្នោតរបស់ប្រជាជន ក្នុងអាណត្តិទី៧ ចាប់ពីថ្ងៃទី១៥ ដល់ដំណាច់ខែសីហា ឆ្នាំ២០២៤ រហូតមកដល់ពេលនេះ។ ទន្ទឹមគ្នានេះ អាជ្ញាធរមានសមត្ថកិច្ចក៏បានអនុវត្ត បទបញ្ជាប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ដែរ។

អ្នកនាំពាក្យដដែលយល់ឃើញថា ៖ «មជ្ឈដ្ឋានប្រឆាំងជ្រុលនិយមទាំងក្នុង និងក្រៅប្រទេសតែងតែបានប្រើប្រាស់វិធីសាស្រ្តដដែលៗបង្កប់ដោយល្បិចកលពុតត្បុតនេះ អស់រយៈពេលជាច្រើន ឆ្នាំមកហើយ ដើម្បីប៉ុនប៉ងបំបែកបំបាក់សាមគ្គីភាពផ្ទៃក្នុងរបស់ថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំបន្ត វេនរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា»។

តែយ៉ាងណា ទាំងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំ បន្តវេននៅតែបន្តរក្សាបាននូវឯកភាព និងសា​មគ្គីភាពផ្ទៃក្នុងយ៉ាងរឹងមាំ តាមរយៈការតម្កល់ឧត្តម ប្រយោជន៍រួមក្នុងបុព្វហេតុជាតិ និងប្រជាជន។

ជាក់ស្តែង កាលពីថ្ងៃ១៨ ខែសីហា ឆ្នាំ២០២៤ នៅក្នុងសេចក្ដីថ្លែងការណ៍ជាសាធារណៈតាមរយៈ អ្នកនាំពាក្យ ដដែល​បាន​បញ្ជាក់រួចហើយ និងបានអំពាវនាវផងដែរ ដល់សមាជិក សមាជិការបស់គណបក្ស​ប្រជាជនកម្ពុជា និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ព្រមទាំងជនរួមជាតិទាំងអស់ ចាញ់ល្បិចកលញុះញង់របស់ក្រុមជនអគតិជ្រុលនិយមមួយចំនួន ដែលព្យាយាមធ្វើគ្រប់បែបយ៉ាង ដើម្បីបំពេញមហិច្ឆតារបស់ខ្លួន ដោយមិនគិតអំពីផលវិបាកធ្ងន់ធ្ងរចំពោះជាតិ និងប្រជាជន ដែលធ្លាប់ទទួលរងគ្រោះ និងហែលឆ្លងទុក្ខលំបាកវេទនារាប់មិនអស់រួចមកហើយក្នុង ប្រវត្តិសាស្ត្រដ៏ជូរចត់របស់កម្ពុជា ព្រោះតែល្បែងនយោបាយលាបពណ៌ ញុះញង់ និងបំបែកបំបាក់៕

Daily Program

Livesteam thumbnail