អ្នកជំនាញជាន់ខ្ពស់ផ្នែកកិច្ចការព្រំដែនថ្លែងថា៖ ផែនទីផ្ទាល់ខ្លួនរបស់ថៃបង្ហាញថា ប្រាសាទខ្នារ ស្ថិតក្នុងទឹកដីកម្ពុជា

មន្ត្រីជាន់ខ្ពស់ម្នាក់នៃលេខាធិការដ្ឋានរដ្ឋទទួលបន្ទុកកិច្ចការព្រំដែនកម្ពុជា បានអះអាងថា ទាំងផែនទីផ្លូវការខ្នាត ១:២០០.០០០ របស់គណៈកម្មការខណ្ឌសីមាព្រំដែនបារាំង-ឥណ្ឌូចិន-សៀម និងផែនទីប្រភេទ L7017 ដែលភាគីថៃបានផលិតឡើងដោយឯកតោភាគី សុទ្ធតែបានបង្ហាញថា ប្រាសាទខ្នារ គឺស្ថិតនៅក្នុងទឹកដីរបស់ប្រទេសកម្ពុជា។

នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ជាតិកម្ពុជា លោក អ៊ីត សុធា លេខាធិការរដ្ឋប្រចាំការនៃលេខាធិការដ្ឋានរដ្ឋទទួលបន្ទុកកិច្ចការព្រំដែន ដែលជាអ្នកជំនាញជាន់ខ្ពស់ផ្នែកកិច្ចការព្រំដែន បានបញ្ជាក់ជាថ្មីថា ប្រាសាទខ្នារ ស្ថិតនៅក្រោមអធិបតេយ្យភាព និងក្នុងរង្វង់ខ្សែព្រំដែនទឹកដីរបស់កម្ពុជា។

លោកបានពន្យល់ថា ផែនទីខ្នាត ១:២០០.០០០ ដែលជាលទ្ធផលនៃការងាររបស់គណៈកម្មការខណ្ឌសីមាព្រំដែនបារាំង-ឥណ្ឌូចិន-សៀម ជាពិសេសគឺតំបន់ទី៥ (Sector 5) បានបង្ហាញយ៉ាងច្បាស់ថា ប្រាសាទខ្នារ ស្ថិតនៅក្នុងទឹកដីកម្ពុជា។

បើតាមប្រសាសន៍របស់លោក អ៊ីត សុធា ផែនទីប្រភេទ L7017 ខ្នាត ១:៥០.០០០ ដែលភាគីថៃគូសឡើងដោយឯកតោភាគី ក៏បានបង្ហាញដែរថា ប្រាសាទខ្នារ ស្ថិតក្នុងប្រទេសកម្ពុជា។

លោកបានមានប្រសាសន៍ថា៖ «ខ្ញុំក៏សូមបញ្ជាក់ផងដែរថា ផែនទី L7017 ដែលថៃបានផលិតឡើងដោយឯកតោភាគី និងយកមកប្រើប្រាស់ដោយខុសច្បាប់នោះ ក៏បានបង្ហាញថា ប្រាសាទខ្នារ ប្រាសាទតាមឿន និងប្រាសាទមួយចំនួនទៀតនៅតាមបណ្តោយព្រំដែន គឺស្ថិតនៅក្នុងទឹកដីរបស់កម្ពុជាដែរ»។

មន្ត្រីជាន់ខ្ពស់រូបនេះបានចោទប្រកាន់ថា កងទ័ពថៃកំពុងព្យាយាមគូសខ្សែព្រំដែនថ្មី ដើម្បីបញ្ចូលតំបន់ដែលថៃបានចូលឈ្លានពាន និងកំពុងកាន់កាប់ដោយខុសច្បាប់ ឱ្យទៅជាទឹកដីរបស់ថៃ។

លោកបានសង្កត់ធ្ងន់ថា៖ «ដូច្នេះ ទោះបីជាថៃប្រើប្រាស់ផែនទី L7017 ឬផែនទីផ្សេងទៀតដែលថៃផលិតឡើងដោយឯកតោភាគីក៏ដោយ ផែនទីទាំងនោះមិនមានតម្លៃគតិយុត្តិ ឬមានអានុភាពផ្លូវច្បាប់អ្វីឡើយ»។

បើតាមអ្នកជំនាញកិច្ចការព្រំដែនរូបនេះ ព្រំដែនកម្ពុជា-ថៃ គឺជាព្រំដែនអន្តរជាតិដែលត្រូវបានបង្កើតឡើងតាំងពីដើមសតវត្សទី២០ តាមរយៈការខណ្ឌសីមា និងការបោះបង្គោលព្រំដែនចំនួន ៧៤បង្គោល។ លោកបានបន្តថា ដំណើរការនេះគឺផ្អែកលើសន្ធិសញ្ញា អនុសញ្ញា ផែនទី កំណត់ហេតុព្រំដែន និងឯកសារពាក់ព័ន្ធផ្សេងៗទៀត ក៏ដូចជាការបោះបង្គោលជាក់ស្តែងដែលធ្វើឡើងដោយអាជ្ញាធរបារាំងតំណាងឱ្យកម្ពុជា និងអាជ្ញាធរសៀម (ដែលបច្ចុប្បន្នជាប្រទេសថៃ)។

 

Daily Program

Livesteam thumbnail