អ៊ុយក្រែនចង់ឱ្យរុស្ស៊ីបង្ហាញវត្តមាននៅតុសន្តិភាព
ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សាឡេនស្គី បាននិយាយថា រុស្ស៊ីគួរតែមានតំណាងចូលរួមនៅក្នុងកិច្ចប្រជុំកំពូលសន្តិភាពលើកទី២ ដែលគ្រោងនឹងរៀបចំនៅខែវិច្ឆិកា បន្ទាប់ពីការប្រមូលផ្តុំបែបនេះជាលើកដំបូង កាលពីខែមុននៅប្រទេសស្វីស ដោយគ្មានការចូលរួមពីទីក្រុងម៉ូស្គូ។
លោកប្រធានាធិបតីអ៊ុយក្រែន បាននិយាយថា ខណៈពេលដែលរុស្ស៊ីមិនត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកិច្ចប្រជុំកំពូលសន្តិភាពលើកដំបូងនោះ ឥឡូវនេះគឺជាពេលវេលាសម្រាប់ទីក្រុងមូស្គូដើម្បីអង្គុយនៅតុជាមួយនឹងសហគមន៍អន្តរជាតិ។
លោកបាននិយាយថា ពិភពលោកទាំងមូលរួមទាំងអ៊ុយក្រែនចង់ឱ្យរុស្ស៊ីចូលរួមជាមួយមេដឹកនាំពិភពលោកនៅក្នុងកិច្ចប្រជុំកំពូលសន្តិភាពលើកទីពីរដែលបានគ្រោងទុកដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ។
វាមានន័យថាជាការផ្លាស់ប្តូរមួយសម្រាប់ទីក្រុងគៀវ ខណៈដែលកាលពីខែមុនលោក ហ្សាឡែនស្គី បានប្រមូលផ្តុំមេដឹកនាំ និងមន្ត្រីកំពូលមកពីប្រទេសជាច្រើននៅក្នុងប្រទេសស្វីសដោយមិនអញ្ជើញរុស្ស៊ី។
នៅពេលដែលអ៊ុយក្រែនកំពុងតែធ្វើសង្រ្គាមការទូតនៅសង្រ្គាមនៅសមរភូមិមុខវិញកម្លាំងរុស្ស៊ីកំពុងតែពង្រឹងការវាយលុកមកអ៊ុយក្រែនជាថ្មី ។
មកដល់ពេលនេះមនុស្សរាប់សែននាក់ត្រូវបានគេជឿថាត្រូវបានសម្លាប់ ឬរងរបួសចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីបានចាប់ផ្តើមនៅក្នុងខែកុម្ភៈឆ្នាំ ២០២២។