អ៊ុយក្រែនគ្រប់គ្រងទីប្រជុំជនរុស្ស៊ីចំនួន ២៨ ហើយមនុស្ស ១២១០០០នាក់ ត្រូវ បានជម្លៀស

យោងតាមអភិបាលស្តីទីនៃតំបន់គូស្ក៍​ ប្រទេសរុស្ស៊ី បានឲ្យដឹងថា ទាហានអ៊ុយក្រែន បាន​គ្រប់គ្រង​​ទីប្រជុំជនចំនួន២៨ នៅក្នុងតំបន់នេះ។ តាមប្រភពដដែលនេះ មនុស្សជាង ១២​០០​០០​នាក់ ត្រូវបានជម្លៀស។ ប្រធានាធិបតីរុស្ស៊ី លោកវ្លាឌីមៀ ពូទីន ចោទប្រកាន់ទីក្រុងគៀវ ថាបានជ្រៀតចូល​ដោយប្រើ​កម្លាំងប្រដាប់អាវុធនៅក្នុងទំហំមិនធ្លាប់មានពីមុន និងចង់សាប​ព្រួស​ការបែកបាក់នៅ​ក្នុង​សង្គមរុស្ស៊ី។

អភិបាលស្តីទីតំបន់គូស្ក៍ លោកអាឡិចសីអ៊ី ស្មៀនូវ បានថ្លែងថា ទាហានអ៊ុយក្រែន ដែលបាន​វាយ​ចូលកាលពីថ្ងៃទី៦ សីហា ក្នុងទ្រង់ទ្រាយមិនធ្លាប់មានពីមុន​ទៅក្នុងតំបន់គូស្ក៍ ព្រំដែនខាង​រុស្ស៊ី បានគ្រប់គ្រងទីប្រជុំជនចំនួន ២៨ នៅក្នុងតំបន់នេះ។

លោកអាឡិចសីអ៊ី ស្មៀនូវ ក្នុងអំឡុងសន្និសីទតាមវីដេអូ ទៅកាន់ប្រធានាធិបតីវ្លាឌីមៀ ពូទីន បានថ្លែងថា ប្រតិបត្តិការយោធារបស់អ៊ុយក្រែនដែលទាហានរុស្ស៊ីព្យាយាមរុញច្រាន ៦ថ្ងៃ មក​ហើយ បានលាតសន្ធឹងលើតំបន់ដែលមានជម្រៅ ១២ គម និងបណ្តោយ ៤០គម។

លោកអាឡិចសីអ៊ី ស្មៀនូវ បានថ្លែងទៀតថា មនុស្សប្រមាណ ១២១០០០នាក់ បានជម្លៀស ពី​តំប​ន់​គូស្ក៍របស់រុស្ស៊ី តាមព្រំដែនអ៊ុយក្រែន ដោយសារការវាយជ្រៀតចូល​របស់ទាហាន​អ៊ុយ​ក្រែន ក្នុងអំឡុងប្រមាណ ១សប្តាហ៍ មកនេះ។

នៅពេលជួបជាមួយលោកវ្លាឌីមៀ ពូទីន តាមការប្រជុំដែលផ្សព្វផ្សាយតាមទូរទស្សន៍រុស្ស៊ី លោក​អាឡិចសីអ៊ី ស្មៀនូវ បានថ្លែងថា ពេលនេះ មនុស្ស ១២១០០០នាក់ ឬមួយផ្នែក ត្រូវ​បានជម្លៀសពីតំបន់គូស្ក៍។

ប្រទេសរុស្ស៊ី ក៏បានប្រកាសអំពីការជម្លៀសប្រជាជនពីស្រុកនៅក្នុងតំបន់បេលហ្គារ៉ូដ ជាប់​ព្រំដែនអ៊ុយក្រែន និងជាតំបន់ជិតខាងតំបន់គូស្ក៍ ដែលទាហានរបស់ខ្លួន បានប្រឈមមុខ​នឹង​ការ​វាយចូលក្នុងទ្រង់ទ្រាយធំពីកងកម្លាំងអ៊ុយក្រែនតាំងពីមួយសប្តាហ៍មកហើយ។

យោងតាមអ្នកវិភាគ បានឲ្យដឹងថា​ បន្ទាប់ពីជាច្រើនខែនៃការដកថយ​ប្រឈមមុខនឹងទាហាន​រុស្ស៊ី​នៅលើសមរភូមិខាងកើត អ៊ុយក្រែនបានដាក់ចេញកាលពីថ្ងៃទី៦ សីហា នូវប្រតិបត្តិការ​យោធាក្នុង​ទ្រង់ទ្រាយមិនធ្លាប់មាននៅក្នុងតំបន់គូស្ក៍​របស់រុស្ស៊ី និងបានគ្រប់គ្រងបាន​នូវទីប្រជុំ​ជន​ជា​ច្រើន។

យោងតាមមន្រ្តីជាន់ខ្ពស់របស់អ៊ុយក្រែន បានឲ្យដឹងថា ទាហានរាប់ពាន់នាកបានចូលរួម​សម្រាប់​​ការវាយប្រហារនេះ។ ចំណែករុស្ស៊ី បានអះអាងអំពី​ការបញ្ឈប់ការឆ្ពោះទៅមុខរបស់​សត្រូវ​នៅលើទឹកដីខ្លួន និងបានពង្រឹងកម្លាំង។

មន្ត្រីអ៊ុយក្រែន​ដែលទទួលបន្ទុកសន្តិសុខប្រចាំតំបន់បានរៀបរាប់​ដោយសុំមិនបញ្ចេញ​ឈ្មោះ​ថា គោលដៅ​គឺពង្រីកទីតាំងរបស់សត្រូវ និងបង្កការខូចខាតដល់ពួកគេឲ្យបានជាអតិបរមា និង​​ធ្វើឲ្យបាត់​ស្ថិរភាព​ដល់ស្ថានភាពនៅក្នុងប្រទេសរុស្ស៊ី ហើយក៏ដូចជាបញ្ជូនសង្រ្គាមឲ្យ​ទៅ​ក្នុង​ដីរុស្ស៊ី​វិញ។

ចំណែកសហរដ្ឋអាម៉ែរិក បានព្រមានថា អ៊ីរ៉ងនឹងជួបនូវវិបាកដ៏ធ្ងន់ធ្ងរ ប្រសិនបើប្រទេសនេះ​សម្រេចចិត្តផ្តល់មីស៊ីលរាប់រយដល់រុស្ស៊ី។

តាមរយៈសារព័ត៌មានលោកវ៉េដេន ផាថេល អ្នកនាំពាក្យនៃនាយកដ្ឋានរដ្ឋ អាម៉េរិក បាន​ថ្លែង​ថា យើងត្រៀមខ្លួននឹងនាំមកនូវការឆ្លើយតបយ៉ាងរហ័ស និងខ្លាំងក្លា ប្រសិនបើ​អ៊ីរ៉ង់តាំងចិត្ត​នឹង​បញ្ជូន​មីស៊ីលបាលីស្ទីក ដែលនេះនឹងបង្កឲ្យមានភាពតានតឹងកាន់តែធ្ងន់ធ្ងរ​សម្រាប់ការ​គាំទ្រ​​របស់អ៊ីរ៉ងទៅលើសង្រ្គាមឈ្លានពាន​ដែលដឹកនាំដោយរុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន។

 

Daily Program

Livesteam thumbnail