អ៊ីរ៉ង់ចង់ជឿជាក់ថាមានកិច្ចព្រមព្រៀងជាមួយទីក្រុងវ៉ាស៊ីនតុន និងត្រៀមខ្លួនសម្រាប់រាល់សេណារីយ៉ូ
ដោយរំឭកអំពីសិទ្ធក្នុងការការពារខ្លួនក្នុងករណីមានការវាយប្រហារពីអាម៉េរិក ទីក្រុងតេអេរ៉ង់កាលពីថ្ងៃអាទិត្យ ទី២២ ខែកុម្ភៈ បានសន្និដ្ឋានថា វានឹងមានឱកាសល្អដែលអាចនឹងឈាន ទៅដល់កិច្ចព្រមព្រៀងជាមួយទីក្រុងវ៉ាស៊ីនតុន។
តាំងពីដើមខែកុម្ភៈប្រទេសសត្រូវទាំងពីរ បានរៀបចំនូវដំណាក់ការជាបន្តបន្ទាប់នូវការពិភាក្សា ក្រោមការសម្របសម្រួលពីប្រទេសអូម៉ង់ ដើម្បីព្យាយាមដោះស្រាយភាពខុសគ្នារបស់ពួកគេ និងផ្តោចជាពិសេសលើកកម្មវិធីនុយក្លេអ៊ែរ ដែលធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរត្រូវ បានពុលអស់រយៈពេលជាយូរមកហើយ។
កាលពីថ្ងៃអាទិត្យដែរ រដ្ឋមន្រ្តីការបរទេសអូម៉ង់ លោកសៃយីដ បាដ បានបញ្ជាក់ថា ដំណាក់កាលនៃការចរចាលើកក្រោយរវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ នឹងរៀបចំធ្វើឡើងនៅទីក្រុងហ្សឺណេវ ប្រទេសស្វីស។
ដើម្បីបង្ខំឲ្យមានកិច្ចព្រមព្រៀង ប្រធានាធិបតីដូណាល់ ត្រាំ គំរាមនឹងចូលធ្វើអន្តរាគមន៍យោធា និងបានពង្រាយនាវាដឹកនាំយន្តហោះពីរគ្រឿងនៅក្នុងតំបន់ និងនាវាចម្បាំងរាប់សិបគ្រឿងទៀត។
លោកម៉ាស៊ូដ ប៉េហ្ស៉េចគៀន ប្រធានាធិបតីអ៊ីរ៉ង់ បានបញ្ជាក់ថា ៖ “យើងបន្តតាមដានយ៉ាងដិតដល់នូវសកម្មភាពរបស់សហរដ្ឋអាម៉េរិក និងបានប្រកាន់យករាល់វិធានការចាំបាច់ដើម្បីប្រឈមមុខនៅរាល់សេណារីយ៉ូ”។ លោកក៏បានប្រាប់ឲ្យដឹងថា កិច្ចពិភាក្សាថ្មីៗជាមួយទីក្រុងវ៉ាស៊ីនតុនបានផ្តល់នូវសញ្ញាដែលមានការលើកទឹកចិត្តលើលទ្ធភាពនៃការមានកិច្ចព្រមព្រៀងមួយ។
ចំណែកកាលពីថ្ងៃអាទិត្យ ប្រមុខការទូតអ៊ីរ៉ង់ លោកអាប់បាស អារ៉ាហ្សជី បានបង្ហាញឲ្យដឹងថា លោកជឿជាក់ថា នៅតែមានសំណាងល្អនឹងឈានទៅដល់ដំណោះស្រាយខាងការទូតលើគោលការណ៍ឈ្នះៗ។
នៅលើបណ្តាញទូរទស្សន៍អាម៉េរិកស៊ីប៊ីអេស CBS មុនរៀបចំជំនួបជាមួយអ្នកចរចាអាម៉េរិក លោករដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់បានថ្លែងថា ៖ “យើងបន្តការចរចារបស់យើង គ្រប់យ៉ាងដោយធ្វើការលើធាតុនៃកិច្ចព្រមព្រៀង និងធ្វើការលើអត្ថបទកិច្ចព្រមព្រៀងដំបូង។ លោកបន្តថា ប៉ុន្តែអ៊ីរ៉ង់មានសិទ្ធក្នុងការការពារខ្លួន ប្រឈមមុខនឹងទង្វើនៃការឈ្លានពាន ហើយរាល់ការឆ្លើយតប បើតាមរូបលោក គឺជាភាពត្រឹមត្រូវ និងស្របតាមច្បាប់។
លោកអាប់បាស អារ៉ាហ្សជី បាននិយាយម្តងហើយម្តងទៀតថា ៖ “មីស៊ីលរបស់អ៊ីរ៉ង់មិនអាចបាញ់ដល់ទឹកដីអាម៉េរិកទេ។ ដូច្នេះយើងច្បាស់ណាស់ ត្រូវស្វែងរកដំណោះស្រាយផ្សេងទៀត និងវាយប្រហារមូលដ្ឋានអាម៉េរិកនៅក្នុងតំបន់។”
កាលពីមុនមន្រ្តីទទួលខុសត្រូវអ៊ីរ៉ង់ ក៏បានគំរាមថា នឹងបិទច្រកសមុទ្រ អ័រមូហ្ស ដែលជាចំនុចឆ្លងកាត់យុទ្ធសាស្រ្តសម្រាប់ពាណិជ្ជកម្មប្រេងពិភពលោក។
ការចរចាកាលពីលើកមុនរវាងប្រទេសទាំងពីរ ដោយប្រយោល បានត្រូវបញ្ឈប់កាលពីខែមិថុនា ឆ្នាំ២០២៥ ដោយសារមានសង្រ្គាមរបស់អ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់ និងគាំទ្រដោយសហរដ្ឋអាម៉េរិក ហើយនៅពេលនោះ ទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ ក៏ជាគោលដៅវាយប្រហារផងដែរ។
ប្រទេសអ៊ីរ៉ង់ ដែលកំពុងស្វែងរកការបន្ធូរបន្ថយទណ្ឌកម្មអន្តរជាតិ ដែលកំពុងបង្ខំឲ្យសេដ្ឋកិច្ចរបស់ខ្លួនអស់ខ្យល់ បានបញ្ជាក់នៅថ្ងៃសុក្រសប្តាហ៍មុនថា ចង់បានកិច្ចព្រមព្រៀង 'រហ័ស' ក្រោយមួយថ្ងៃពីសេចក្តីជូនដំណឹងចុងក្រោយដោយដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក។
លោកអាប់បាស អារ៉ាហ្សជី ដែលដឹកនាំគណៈប្រតិភូអ៊ីរ៉ង់សម្រាប់ការចរចា បានអះអាងកាលពីថ្ងៃសុក្រ ថា សេចក្តីព្រាងអត្ថបទកិច្ចព្រមព្រៀងមួយនឹងត្រៀមរួច ពីពេលនោះ ទៅពីរ ឬបីថ្ងៃ ហើយបន្ទាប់មកនឹងត្រូវបង្ហាញទៅកាន់សហរដ្ឋអាម៉េរិក។