អាជ្ញាធរអំពាវនាវ ប្រុងប្រយ័ត្នចំពោះអាកាសធាតុ ចុះត្រជាក់នៅពេលយប់ និងព្រឹក

ក្រសួងធនធានទឹក និង ឧតុនិយមបានអំពាវនាវ ឲ្យប្រជាពលរដ្ឋនៅទូទាំងប្រទេស ត្រូវប្រុងប្រយ័ត្ន ចំពោះអាកាសធាតុ ចុះត្រជាក់នៅពេលយប់ និងព្រឹកជាមួយនឹងខ្យល់កន្ត្រាក់ ផងដែរ ។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦បានឲ្យដឹងថា ការអំពាវនាវឲ្យប្រុងប្រយ័ត្នចំពោះអាកាសធាតុចុះត្រជាក់នេះ ដោយសារចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ តាមការព្យាករគឺស្ថិតក្នុងអំឡុងពេលនេះ អាកាសធាតុនឹងចុះត្រជាក់ពី១៤អង្សាសេទៅ៣០អង្សាសេ ។

បើតាមក្រសួងរៀបរាប់ នៅតំបន់វាលទំនាប សីតុណ្ហភាពមធ្យមអប្បបរមាមាន១៧អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា៣០អង្សាសេ។ ខ្យល់បក់មកពីទិសឧត្តរ និងទិសឦសានមានល្បឿនមធ្យម ៥ម៉ែត្រ/វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល ស្វាយរៀង តាកែវ និងរាជធានីភ្នំពេញ ពុំមានភ្លៀងធ្លាក់ទេ។
សម្រាប់តំបន់ខ្ពង់រាប មានសីតុណ្ហភាពមធ្យមអប្បបរមា១៤អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា២៨អង្សាសេ។ ខ្យល់បក់មកពីទិសឧត្តរ និងទិស ឦសានមានល្បឿនមធ្យម ៦ម៉ែត្រ/វិនាទី។ ខេត្តឧត្តរមានជ័យ ប៉ៃលិន ព្រះវិហារ ក្រចេះ រតនគិរី មណ្ឌលគិរី កំពង់ស្ពឺ ស្ទឹងត្រែង តំបន់ជួរភ្នំក្រវាញ ជួរភ្នំដងរែក និងជួរភ្នំបូកគោ ពុំមានភ្លៀងធ្លាក់ទេ។
ចំពោះតំបន់មាត់សមុទ្រវិញ សីតុណ្ហភាពមធ្យមអប្បបរមាមាន១៩អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា៣០អង្សាសេ។ ខ្យល់បក់មកពីទិសឦសាន និងទិសអាគ្នេយ៍មានល្បឿនមធ្យម៥ម៉ែត្រវិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត និងកែប ពុំមានភ្លៀងធ្លាក់ទេ។ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,០០ម៉ែត្រ។

ដូច្នេះ ក្រសួងធនធានទឹក អំពាវនាវ ដល់សាធារណជន និងអាជ្ញាធរដែនដី យកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ អំពីស្ថានភាពធាតុអាកាសដែលចុះត្រជាក់នេះ ជាមួយនឹងខ្យល់កន្ត្រាក់ ជាពិសេសត្រជាក់នៅពេលយប់ និងពេលព្រឹក ហើយថែរក្សាសុខភាពផ្ទាល់ខ្លួនដើម្បីជៀសវាងពីបញ្ហា ផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ។

ជាមួយគ្នានេះ ក្រសួងធនធានទឹក នឹងបន្តធ្វើការតាមដាន និងវិភាគអំពីស្ថានភាពធាតុអាកាសដើម្បីជម្រាបជូនជាបន្តបន្ទាប់ ក្នុងករណីមានការប្រែប្រួល៕

 

Daily Program

Livesteam thumbnail