អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចាត់ការផ្លូវច្បាប់បន្ថែមទៀតលើឈ្មោះ ស្រី ស៊ីណា
អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចាត់ការផ្លូវច្បាប់បន្ថែមទៀតលើឈ្មោះ ស្រី ស៊ីណា ពីបទរំលោភលើលំនៅឋាន តាមមាត្រា ២៩៩ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាដែលបទល្មើសនេះអាចនឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ ខែ ទៅ ១ឆ្នាំ។
នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាថ្ងៃទី២៧ ខែមិថុនា ស្តីពីចំណាត់ការផ្លូវច្បាប់បន្ថែមទៀតលើឈ្មោះ ស្រី ស៊ីណា។
សេចក្តីប្រកាសព័ត៌មានបានបន្តថា បន្ទាប់ពីបានពិនិត្យលម្អិតបន្ថែមទៀត លើសំណុំរឿងករណីបាញ់ប្រហារ ប្រព្រឹត្តដោយជនសង្ស័យឈ្មោះ ស្រី ស៊ីណា ដែលបានបណ្តាលឱ្យមនុស្ស ២ នាក់បានស្លាប់ និងមនុស្ស ២ នាក់ទៀតបានរងរបួស កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤។
តំណាងអយ្យការបាន ពិនិត្យឃើញថាជនសង្ស័យឈ្មោះ ស្រី ស៊ីណា បានដើរចូលទៅក្នុងផ្ទះរបស់ជនរងគ្រោះឈ្មោះ ឡុង លីសុង ដោយពុំមានការអនុញ្ញាតពីភាគីជនរងគ្រោះឈ្មោះ ឡុង លីសុង ដែលជាម្ចាស់ផ្ទះឡើយ ដែលសកម្មភាពនេះ គឺបានបង្កើតជាបទល្មើសរំលោភលើលំនៅឋាន ។
ផ្អែកតាមអង្គហេតុខាងលើនេះ តំណាងអយ្យការបានសម្រេចចោទប្រកាន់បន្ថែមលើជនសង្ស័យ ឈ្មោះ ស្រី ស៊ីណា ពីបទ រំលោភលើលំនៅឋាន តាមមាត្រា ២៩៩ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណា ចក្រកម្ពុជា ដែលបទល្មើសនេះអាចនឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ខែ ទៅ ១ (មួយ) ឆ្នាំ៕