អន្តោប្រវេសន៍កម្ពុជា ព្រមានសាធារណជនកុំឱ្យប្រើប្រាស់គេហទំព័រទិដ្ឋាការអេឡិចត្រូនិក (e-Visa) គ្មានការអនុញ្ញាត

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ (GDI) នៃក្រសួងមហាផ្ទៃ បានចេញសេចក្តីបំភ្លឺជាសាធារណៈមួយ ដោយព្រមានថា គេហទំព័រ https://www.cambodiaivisa.com/ មិនមែនជាប្រព័ន្ធផ្លូវការដែលទទួលស្គាល់ដោយរាជរដ្ឋាភិបាលកម្ពុជា ហើយក៏មិនមែនគ្រប់គ្រងដោយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សម្រាប់សេវាពិគ្រោះយោបល់ទិដ្ឋាការអេឡិចត្រូនិក ឬនីតិវិធីនៃការចូលមកកាន់ព្រះរាជាណាចក្រកម្ពុជានោះឡើយ។

នៅក្នុងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី១០ ខែមិថុនា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានជម្រុញដល់ប្រជាពលរដ្ឋខ្មែរ ក៏ដូចជាអ្នកដំណើរអន្តរជាតិទាំងអស់ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ និងផ្ទៀងផ្ទាត់ព័ត៌មានតាមរយៈបណ្តាញផ្លូវការរបស់រដ្ឋាភិបាល នៅពេលស្វែងរកសេវាកម្មនានាដែលពាក់ព័ន្ធនឹងការធ្វើដំណើរចូលមកកាន់ប្រទេសកម្ពុជា។

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់សារជាថ្មីថា នីតិវិធីនៃការចុះឈ្មោះតាមប្រព័ន្ធអេឡិចត្រូនិកសម្រាប់ចូលមកកាន់ប្រទេសកម្ពុជា ត្រូវធ្វើឡើងតាមរយៈប្រព័ន្ធផ្លូវការ Cambodia e-Arrival ដែលមាននៅលើគេហទំព័រ www.arrival.gov.kh ឬតាមរយៈកម្មវិធី (App) Cambodia e-Arrival។

សម្រាប់ព័ត៌មានថ្មីៗ និងព័ត៌មានពាក់ព័ន្ធនឹងអន្តោប្រវេសន៍ជាផ្លូវការ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានណែនាំឱ្យសាធារណជនចូលទៅកាន់គេហទំព័រផ្លូវការរបស់ខ្លួនគឺ www.immigration.gov.kh។

ចំពោះចម្ងល់បន្ថែមផ្សេងៗ ក៏អាចធ្វើការសាកសួរដោយផ្ទាល់តាមរយៈលេខទូរស័ព្ទ Hotline របស់អគ្គនាយកដ្ឋាន៖ (+855) 78 38 66 99។

 

Daily Program

Livesteam thumbnail