អង្គការ WMF សហការជាមួយអាជ្ញាធរជាតិអប្សរា បន្តយុទ្ធនាការជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង

អង្គការមូលនិធិប្រាសាទពិភពលោក (WMF) សហការជាមួយអាជ្ញាធរជាតិអប្សរា កំពុងបន្តដំណើរការការងារជួសជុលប៉ែកខាងលិចនៃប្រាសាទភ្នំបាខែង ដែលជាផ្នែកមួយដ៏សំខាន់នៃប្រាសាទភ្នំមួយនេះ ក្នុងគោលបំណងអភិរក្ស និងលើកតម្លៃរចនាសម្ព័ន្ធបុរាណឱ្យមានភាពរឹងមាំឡើងវិញ។

លោក គង់ សាវបុត្រ នាយកប្រចាំប្រទេសនៃអង្គការ WMF បានឱ្យដឹងថា ប៉ែកខាងលិចនៃប្រាសាទភ្នំបាខែងនេះ មានស្ថានភាពខូចខាតប្រហាក់ប្រហែលនឹងជ្រុងផ្សេងៗទៀតដែរ។ បច្ចុប្បន្ន ក្រុមការងារបាននិងកំពុងពង្រឹង ព្រមទាំងរៀបចំឡើងវិញនូវផ្នែកជញ្ជាំង និងកម្រាល ដោយជំនួសថ្មបាយក្រៀមថ្មីមួយចំនួននៅទីតាំងណាដែលមានស្ថានភាពពុកផុយ ឬបាត់បង់ថ្មចាស់។

លោក ជីវ ភិរម្យ វិស្វករគម្រោងជួសជុលប្រាសាទភ្នំបាខែង បានគូសបញ្ជាក់ថា គម្រោងជួសជុលនៅប៉ែកខាងលិចនេះ បានចាប់ផ្តើមអនុវត្តតាំងពីខែមីនា ឆ្នាំ២០២៦ មកម្ល៉េះ។ នៅក្នុងគម្រោងនេះ ក្រុមការងារដែលមានសមាជិកចំនួន ១០រូប បានរុះរើជញ្ជាំង កម្រាល និងប្រាសាទតូចៗចំនួនពីរ គឺប្រាសាទ C6 និង C7 (អក្សរ C តំណាងឱ្យជាន់ទី៤ រាប់ពីខាងក្រោម) រួមទាំងការងារជួសជុលជណ្តើរផងដែរ ដោយបែងចែកភារកិច្ចទៅលើផ្នែកជួសជុលពង្រឹងគ្រឹះ ការរៀបជញ្ជាំង និងការងារជណ្តើរ។

ចំពោះបច្ចេកទេសនៃការជួសជុល លោក ជីវ ភិរម្យ បានរៀបរាប់ថា មុននឹងឈានដល់ការអនុវត្តផ្ទាល់ ក្រុមការងារបានសិក្សាយ៉ាងលម្អិតពីប្រព័ន្ធបង្ហូរទឹក បរិវេណប្រាសាទ ប្រភេទថ្មភ្នំ ក៏ដូចជាសិក្សាពីរចនាសម្ព័ន្ធតួប្រាសាទទាំងមូល ដោយមានការគូរប្លង់បង្ហាញពីកត្តាខូចខាតផ្សេងៗ។ បន្ទាប់មក មានការសិក្សាបន្ថែមពីអ្នកជំនាញបច្ចេកទេសជាតិ និងអន្តរជាតិនៃអាជ្ញាធរជាតិអប្សរា និងអង្គការ WMF រួចហើយទើបយកគំរូប្លង់ជួសជុលនោះ ទៅឆ្លងយោបល់ជាមួយក្រុមអ្នកជំនាញការនៃគណៈកម្មាធិការអន្តរជាតិ អាយស៊ីស៊ី-អង្គរ (ICC-Angkor) និងសំបូរព្រៃគុក ដើម្បីទទួលបានអនុសាសន៍បន្ថែមលើការងារអភិរក្ស។

វិស្វកររូបនេះបានបន្ថែមថា ការជួសជុលត្រូវបានបែងចែកជាច្រើនផ្នែក រួមមានការជួសជុលផ្នែកខាងក្នុងដែលត្រូវពង្រឹងថ្មភ្នំ ពង្រឹងគ្រឹះក្នុងករណីមានការខូចខាត និងរៀបចំជញ្ជាំងឡើងវិញឱ្យត្រង់ស្មើ។ ទន្ទឹមនឹងនោះ ក្រុមការងារក៏បានរៀបចំប្រព័ន្ធរំដោះទឹកនៅជាន់ទី៣ ព្រមទាំងបន្ថែមរន្ធទឹកនៅជាន់ខាងលើ។ ដោយឡែក នៅជាន់ទី៥ និងទី៧ ក្រុមការងារបានបន្ថែមចង្កឹះកែវ (Fiberglass anchors) ដើម្បីពង្រឹងភ្ជាប់ពីថ្មភ្នំទៅខាងក្រោយជញ្ជាំង ជួយទប់លំនឹងកុំឱ្យជញ្ជាំងផ្អៀង ព្រមទាំងបន្ថែមថ្មបាយក្រៀមចន្លោះថ្មភ្នំនិងជញ្ជាំង រួចធ្វើជម្រាលពី ២% ទៅ ៣% ដើម្បីក្រាលកៅស៊ូការពារការជម្រាបទឹកចូលទៅក្នុងគ្រឹះប្រាសាទ។

យោងតាមការបង្ហាញរបស់អ្នកជំនាញ កត្តាចម្បងដែលនាំឱ្យប្រាសាទភ្នំបាខែងមានការខូចខាតខ្លាំងនាពេលកន្លងមក គឺបណ្តាលមកពីកត្តាធម្មជាតិ និងការបោះបង់ប្រាសាទចោលដោយគ្មានការថែទាំកាលពីអតីតកាល ដែលធ្វើឱ្យមានរុក្ខជាតិដុះចាក់ឫសតាមចន្លោះថ្ម ការហូរច្រោះនៃទឹកភ្លៀង និងធ្វើឱ្យគ្រឹះប្រាសាទពុកផុយជាដើម៕

 

Daily Program

Livesteam thumbnail